មនុស្សមួយចំនួនមិនថាប្រុស ឬស្រីទេ ឧស្សាហ៍ជួបបញ្ហាកើតឫសដូងបាត ដែលភាគច្រើនបណ្ដាលមកពីការប្រឹងបញ្ចេញលាមក និងនៅអំឡុងពេលមានផ្ទៃពោះ ព្រោះមានការសង្កត់ពីស្បូន។ ជំងឺឫសដូងបាតកម្រិតធម្មតា មិនបង្កការឈឺចាប់ ឬហូរឈាមនៅពេលបត់ជើងធំឡើយ។ សម្រាប់គ្នាយើងណាដែលកំពុងមានបញ្ហាឫសដូងបាត ឈប់បារម្ភថាត្រូវថែខ្លួនបែបណា លោកវេជ្ជបណ្ឌិត ចាន់ រស្មី បានណែនាំឲ្យដឹងពីមធ្យោបាយថែទាំ និងវិធីបង្ការកុំឲ្យជំងឺទូទៅមួយនេះដូច៖
១. ងូតទឹកក្តៅ
ការអង្គុយត្រាំទឹកក្តៅ ២-៣ដង/ថ្ងៃ រយៈពេល ១៥-២០ នាទី អាចជួយកាត់បន្ថយការរលាកឫសដូងបាត ហើយគួរសម្អាតតំបន់នៅរន្ធគូទឲ្យបានស្ងួតល្អ ក្រោយពីត្រាំទឹកក្ដៅរួច ដើម្បីកុំឲ្យរលាកស្បែកជុំវិញរន្ធគូទ។
២. ផ្លាស់ប្ដូររបបអាហារ
ញ៉ាំទឹក និងអាហារសម្បូរជាតិសរសៃឲ្យបានច្រើនដើម្បីកាត់បន្ថយការទល់លាមក និងសម្ពាធក្នុងរន្ធគូថក្នុងពេលបត់ជើងធំ។ ថ្នាំអាហារបំប៉នសរសៃក៏ជួយឲ្យលាមកទន់បានដែរ។
៣. ថ្នាំបន្ទន់លាមក
ថ្នាំបន្ទន់លាមកមានប្រយោជន៍ចំពោះយើង ប៉ុន្តែនៅពេលមានជំងឺឫសដូងបាត លាមកដែលសុទ្ធតែទឹក អាចបណ្ដាលឲ្យរលាក និងមានមេរោគនៅលើរន្ធគូទ។
៤.ធ្វើសកម្មភាពផ្សេងៗ
អ្នកជំងឺឫសដូងបាតមិនគួរអង្គុយយូរពេកទេ។ ការហាត់ប្រាណអាចមានប្រយោជន៍ចំពោះការកាត់បន្ថយអាការៈទល់លាមក និងសម្ពាធទៅលើសរសៃឈាម Hemorrhoid។ មួយទៀត ប្រសិនបើចង់បត់ជើងធំ អ្នកជំងឺមិនគួរទ្រាំទេ ព្រោះវាអាចឲ្យក្លាយជាទល់លាមកវិញបាន។
វេជ្ជបណ្ឌិតរូបនេះបន្តថា បើមិនចង់កើតជំងឺឫសដូងបាតទេ យើងគួញ៉ាំអាហារសម្បូរជាតិសរសៃ ញ៉ាំទឹកឲ្យបានច្រើន ហាត់ប្រាណទៀងទាត់ និងព្យាយាមបត់ជើងធំឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានគ្រប់ពេលដែលចង់បត់ជើង។
[embed-health-tool-bmi]