ការរក្សារាងកាយយើងឲ្យមានសកម្មភាពជាប្រចាំមិនត្រឹមតែជួយឲ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកមួយចំនួនផង។ ការហាត់ប្រាណជាប្រចាំត្រូវអ្នកស្រាវជ្រាវជឿថាអាចកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់ មហារីកស្បូន និងមហារីកពោះវៀនធំទៀតផង។
១. គុណប្រយោជន៍នៃការហាត់ប្រាណ
ការហាត់ប្រាណ ជួយឲ្យយើងរក្សាទម្ងន់ខ្លួនឲ្យនៅល្អចំពោះសុខភាព។ ការលើសទម្ងន់ ឬធាត់ខ្លាំងបង្កើនហានិភ័យខ្ពស់កើតជំងឺមហារីកជាច្រើនប្រភេទ។
ដូចគ្នាដែរ ការហាត់ប្រាណជួយឲ្យរាងកាយយើងគ្រប់គ្រងកម្រិតអ័រម៉ូនបានល្អ។ ការកើនឡើងកម្រិតអ័រម៉ូនមួយចំនួន អាចធ្វើឲ្យយើងប្រឈមកើតជំងឺមហារីក។
ក្រៅពីនេះ លំហាត់ប្រាណជួយសម្រួលដល់ការរំលាយអាហារ ដែលអាចកាត់បន្ថយរយៈពេលនៃសារធាតុគ្រោះថ្នាក់នៅក្នុងពោះវៀនធំ។
២. តិចនិកហាត់ប្រាណ
ដើម្បីឲ្យរាងកាយយើងមានសកម្មភាពច្រើនយើងអាចហាត់ប្រាណ ដូចជាដើរ រត់ ជិះកង់ ឬហែលទឹក ជាដើម ឲ្យបានយ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ។ ក្រៅពីនេះយើងអាច៖
កាត់បន្ថយការអង្គុយស្ងៀមយូរ៖ ការអង្គុយស្ងៀមយូរម៉ោងក៏បង្កើនហានិភ័យមានជំងឺមហារីកដែរ ទោះបីជាយើងបានហាត់ប្រាណជាប្រចាំក៏ដោយ។ ការអង្គុយយូរ ធ្វើឲ្យយើងប្រឈមកើតជំងឺធាត់ ដែលអាចនាំឲ្យកើតមានជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។ បើយើងជាអ្នកត្រូវអង្គុយធ្វើការយូរម៉ោងក្នុងមួយថ្ងៃៗ ចូរគ្រោកឈរ និងដើរឲ្យបានមួយទៅពីរនាទីរៀងរាល់ម៉ោង។
បង្កើនសាច់ដុំ៖ ហាត់ប្រាណបង្កើនសាច់ដុំ ជាវិធីសាស្រ្តមួយជួយឲ្យយើងរក្សារាងកាយមាំមួន មិនឡើងគីឡូ និងជួយជំរុញដល់ការធ្វើមេតាប៉ូលិស។ យើងអាចហាត់ប្រាណបែបនេះឲ្យបានពីរដងក្នុងមួយសប្ដាហ៍ ដើម្បីប្រយោជន៍សុខភាព និងសាច់ដុំ។
កូនក្មេង៖ កូនក្មេងក៏ត្រូវការបញ្ចេញពលកម្មដែរ។ យើងជាប៉ាម៉ាក់ត្រូវជំរុញកូនឲ្យមានសកម្មភាពរាងកាយឲ្យបានរាល់ថ្ងៃ។ ក្មេងៗដែលមានទម្លាប់បញ្ចេញកម្លាំងពលកម្មរាល់ថ្ងៃ លុះធំឡើងគេនឹងមានទម្លាប់ល្អក្នុងការហាត់ប្រាណ និងថែសុខភាពបានល្អ។
[embed-health-tool-bmi]