ជំងឺមហារីកជាជំងឺដ៏កាចសាហាវ ដែលសម្លាប់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ប្រសិនបើយើងចាត់វិធានការការពារ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលា នោះយើងនឹងអាចកាត់បន្ថយហានិភ័យធ្ងន់ធ្ងរនៃជំងឺមួយប្រភេទនេះបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ មានជំងឺមហារីកមួយចំនួនដែលកើតឡើងជាទូទៅលើប្រុសៗ។ ហេតុនេះហើយ ការយល់ដឹងពីរោគសញ្ញាមួយចំនួន និងការការពារឲ្យបានត្រឹមត្រូវ ជារឿងដែលចាំបាច់បំផុត។
១. ជំងឺមហារីកសួត
ទោះបីជាការជក់បារីជាមូលហេតុចម្បងដែលធ្វើឲ្យកើតជំងឺមហារីកសួតក៏ដោយ អ្នកដែលស្រូបយកផ្សែងបារីក៏ទទួលផលប៉ះពាល់ដូចគ្នា។ ម្យ៉ាងវិញទៀត ជំងឺមហារីកសួតអាចបណ្ដាលមកពីការបំពុលបរិស្ថាន ប្រើប្រាស់ថ្នាំជក់ និងការប៉ះពាល់នឹងសារធាតុបង្កជំងឺមហារីក។ អ្នកដែលមានវ័យលើសពី៦០ឆ្នាំ និងធ្លាប់កើតជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ក៏អាចវិវដ្តទៅជាជំងឺមហារីកមួយប្រភេទនេះដែរ។
រោគសញ្ញា
នៅដំណាក់កាលដំបូង ជំងឺមហារីកសួតមិនបង្ហាញរោគសញ្ញាច្បាស់លាស់ក៏ពិតមែន ប៉ុន្តែគ្នាយើងអាចសង្កេតមើលសញ្ញាទាំងនេះ។
- ក្អក
- ដកដង្ហើមខ្លីៗ
- ស្អក
- ឈឺទ្រូង
- ដកដង្ហើមលឺខ្លាំងៗ
- កំហាកប្រែប្រួល
វិធានការការពារ៖ បញ្ឈប់ការជក់បារី និងនៅឲ្យឆ្ងាយពីផ្សែងបារី។
២. ជំងឺមហារីកក្រពេញប្រូស្តាត
ជាមួយគ្នានេះដែរ ជំងឺមហារីកក្រពេញប្រូស្តាតធ្វើការវិវដ្ដយឺតៗ និងចាប់ផ្ដើមរំខានដល់ប្រព័ន្ធទឹកនោម និងមុខងាររបស់វា។ ហានិភ័យនៃការកើតជំងឺមហារីកក្រពេញប្រូស្តាត គឺទាក់ទងនឹងបញ្ហាតំណពូជ អាយុ ទម្លាប់នៃការញ៉ាំអាហារ និងពូជសាសន៍។
រោគសញ្ញា
ជំងឺមហារីកមួយប្រភេទនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ពីព្រោះវាមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់ រហូតដល់វាឈានដល់ដំណាក់កាលចុងក្រោយ។ ទោះជាយ៉ាងនេះក្តី គ្នាយើងអាចនឹងសង្កេតឃើញសញ្ញាមួយចំនួន រួមមាន៖
- លេចនោម
- ឈឺឆ្អឹង
- នោមឈាម
- ឈឺចាប់នៅពេលនោម
វិធានការការពារ៖ ដើម្បីបញ្ចៀសជំងឺនេះ យើងចាំបាច់ត្រូវញ៉ាំអាហារដែលមានតុល្យភាព មានបែបបទក្នុងការរស់នៅល្អ និងជៀសវាងការជក់បារី។
៣. ជំងឺមហារីកពោះវៀនធំ
ចំណែកឯជំងឺមហារីកមួយប្រភេទនេះវិញ វាតែងតែកើតលើបុរសដែលមានអាយុលើសពី៥០ឆ្នាំ និងកើតឡើងនៅពេលដែលស្រទាប់ខាងក្នុងនៃរន្ធគូទ និងពោះវៀនធំមានការលូតលាស់នៃកោសិកាច្រើនជ្រុល។ ហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំ គឺបង្កឡើងដោយការជក់បារី ជំងឺរលាកពោះវៀន ឬបញ្ហាធាត់ជ្រុល។ កត្តាផ្សេងទៀត មានដូចជាតំណពូជ មិនសូវបញ្ចេញសកម្មភាព កង្វះអាហារដែលមានជាតិសរសៃ និងការញ៉ាំសាច់ក្រហមច្រើនពេក។ ប៉ុន្តែជំងឺមហារីកពោះវៀនធំអាចការពារ ក៏ដូចជាព្យាបាលជាសះស្បើយបាន ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា។
រោគសញ្ញា
ជំងឺនេះមិនបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូងឡើយ។ ប៉ុន្តែ យូរៗទៅ គ្នាយើងអាចសង្កេតឃើញសញ្ញាទាំងនេះ៖
- ហូរឈាមតាមរន្ធគូទ
- ឈឺពោះ
- បទជើងធំមិនទៀងទាត់
- ស្រកទម្ងន់ និងចុះខ្សោយ
វិធានការការពារ៖ ក្រោយអាយុ៥០ឆ្នាំ ប្រុសៗគប្បីធ្វើលំហាត់ប្រាណជាប្រចាំ ញ៉ាំរបបអាហារត្រឹមត្រូវ គ្រប់គ្រងទម្ងន់ឲ្យបានល្អ ជៀសវាងញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល និងជក់បារី។
[embed-health-tool-bmi]