និយមន័យ
១- អ្វីជាជំងឺមហារីកទងសួត?
មហារីកទងសួត គឺច្រើនប៉ះពាល់លើបំពង់ខ្យល់ ឬទងសួត និងក្រពេញទឹកមាត់ ជាពិសេសអាចរាលដាលទៅសរីរាង្គផ្សេងទៀត ប៉ុន្តែមហារីកប្រភេទនេះអាចព្យាបាលបាន បើសិនធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។ ភាគច្រើនប្រុសៗគ្រប់វ័យ ងាយនឹងកើតមហារីកទងសួត ច្រើនជាងស្រីៗ ហើយទូទៅបែងចែកជា ៣ប្រភេទ៖
– ដុំក្រពេញ (Carcinoid Tumors)៖ អាចប៉ះពាល់លើសរសៃប្រសាទវិញ្ញាណ និងការបញ្ចេញអ័រម៉ូន។ គេរកឃើញដុំភាគច្រើននៅក្នុងសួត ក្រពះ និងពោះវៀន។
– ដុំទឹកជាមួយដុំក្រពេញ (Adenoid cystic carcinoma)៖ កើតលើក្រពេញទឹកមាត់ និងបំពង់ក ព្រមទាំងអាចមានលើបំពង់ខ្យល់ ក្រពេញទឹកភ្នែក ក្រពេញញើស ស្បូន ផ្នែកខាងក្រៅប្រដាប់ភេទស្ត្រី និងសុដន់ជាដើម។
– មហារីកភ្នាស (Mucoepidermoid carcinoma)៖ ភាគច្រើនកើតនៅលើក្រពេញទឹកមាត់ នៅខាងមុខត្រចៀក។
២- មហារីកនេះកើតញឺកញាប់ដែរទេ?
អាចកើតឡើងលើមនុស្សគ្រប់វ័យ ប៉ុន្តែហានិភ័យប្រឈមខ្លាំងចំពោះប្រុសៗ។ យ៉ាងណា ដើម្បីបង្ការកាត់បន្ថយហានិភ័យកើតមហារីកទងសួត គួរប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ធ្វើរោគវិនិច្ឆ័យឲ្យបានរហ័ស និងការព្យាបាលឲ្យទាន់ពេលវេលា ជាវិធីតែមួយគត់អាចបង្ការកុំឲ្យរងផលវិបាកដោយសារជំងឺ និងបង្កជាមហារីកបាន ហើយរោគសញ្ញាមហារីកប្រភេទនេះអាចនៅចំកណ្ដាល ឬនៅគែមៗបំពង់ខ្យល់ ខណៈរោគសញ្ញាចំកណ្ដាល អាចធ្វើឲ្យស្ទះ និងហូរឈាមលាយឡំ និងមានអាការៈ៖
– ពិបាកដកដង្ហើម
– បញ្ចេញសំឡេងមិនធម្មតាពេលដកដង្ហើម ដោយសារស្ទះបំពង់ខ្យល់ ឬទងសួតរីកធំ
– ក្ដៅខ្លួន ឬក្អកធ្លាក់ស្លេស្ម មកពីការករោគ ពេលខ្លះបង្កឲ្យរលួយជាលិកាសួត និងស្រុតសួតទៀតផង។
– ក្អកធ្លាក់ឈាម ព្រោះមានដំបៅតាមភ្នាសបំពង់ខ្យល់ ជាកត្តាគ្រោះថ្នាក់ មិនថាមកពីមហារីក ឬជំងឺអ្វីផ្សេងឡើយ។
– អ្នកជំងឺមានរោគសញ្ញានៅគែមៗបំពង់ខ្យល់ មិនមានរោគសញ្ញាអ្វីជាក់លាក់នោះទេ។
អាចនៅមានរោគសញ្ញាផ្សេងទៀតពាក់ព័ន្ធជំងឺមហារីកទងសួត មិនបានរៀបរាប់ខាងលើ។ បើសង្ស័យគួរជួបគ្រូពេទ្យជាបន្ទាន់។
៤- ពេលណាគួរទៅជួបពេទ្យ?
បើសិនយើងប្រទះឃើញរោគសញ្ញាដូចខាងលើ ឬរោគសញ្ញាណាមួយគួរឲ្យសង្ស័យ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា រោគសញ្ញាក៏ខុសគ្នាដែរ។
មូលហតុបង្ករ
៥- អ្វីខ្លះជាមូលហេតុបង្ក?
មិនទាន់មានការកំណត់មូលហេតុជាក់លាក់នៅឡើយ ប៉ុន្តែគេសង្កេតឃើញថាគ្នាយើងមានហ្សែនជំងឺក្រពេញប្រភេទទី ១ ងាយវិវត្តទៅជាជំងឺមហារីកទងសួត។ ករណីខ្លះ ដូចជាការប្រឈមនឹងកាំរស្មីវិទ្យុសកម្ម នៅក ក្បាល កាន់តែប្រឈមមុខអាចវិវត្តទៅរកមហារីកទងសួត ប្រភេទភ្នាស (Mucoepideroid carcinoma)។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
– ជក់បារីជាប្រចាំ និងច្រើនឆ្នាំប្រឈមហានិភ័យខ្ពស់ជាងគេ តែបើផ្ដាច់បានអាចកាត់បន្ថយបានច្រើន សុខភាពកាន់តែប្រសើរ។
– ទោះមិនជក់បារី គ្រាន់តែស្រូបយកផ្សែងបារីដោយអចេតនា ក៏អាចបង្កជាមហារីកដែរ។
– ប្រឈមសារធាតុមានក្នុងហ្វីបប្រូស៊ីម៉ង់ត៍ (Asbestos) និងសារធាតុផ្សេងទៀត ដូចជាសំណ ក្រូមីញ៉ូម និងសារធាតុនីកែល។
– ធ្លាប់មានសមាជិកគ្រួសារកើតមហារីកប្រភេទនេះពីមុន។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បន្ទាប់ពីពិនិត្យរាងកាយ បើគ្រូពេទ្យសង្ស័យមានជំងឺមហារីកទងសួត នឹងស្នើធ្វើការវិភាគបន្តដូចជា៖
– ថតស្កេន ក៏អាចប្រើក្នុងករណីនេះដូចគ្នា
– ថតកាំរស្មីអ៊ិច រកមើលភាពមិនប្រក្រតីណាមួយ
– ច្រឹបយកសាច់ទៅពិនិត្យ ដើម្បីរកមើលកោសិកាមហារីក
– ថតអឹមរ៉ាយ (MRI) ដើម្បីទទួលបានរូបភាពបានច្បាស់ ងាយកំណត់ភាពមិនប្រក្រតីរបស់សរីរាង្គ ពេលខ្លះអាចប្រើសារធាតុពណ៌ផងដែរ។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាល អាស្រ័យលើប្រភេទ និងកម្រិតមហារីក គ្រូពេទ្យអាចនឹងសម្រេចចិត្តព្យាបាលតាមវិធីមួយចំនួន ដូចជា៖
– ព្យាបាលដោយវះកាត់យកដុំមហារីកទាំងអស់ចេញ និងកូនកណ្ដុរមានឆ្លងមេរោគ។
– ព្យាបាលដោយវិទ្យុសកម្ម ក្នុងបំណងបន្ថយការរាលដាលមហារីក ជាទូទៅធ្វើក្រោយការវះកាត់។
– ព្យាបាលដោយគីមី គឺអាចប្រើថ្នាំគ្រាប់ ឬចាក់តាមសរសៃទៅសម្លាប់កោសិកាមហារីកតែម្ដង។ គ្រូពេទ្យនឹងអនុវត្តវិធីនេះ ក្រោយការវះកាត់ បើពិនិត្យឃើញមានកោសិកាមហារីកនៅសេសសល់។
– ព្យាបាលតាមប្រព័ន្ធភាពស៊ាំ ដោយប្រើថ្នាំសម្រាប់បង្កើនថាមពលប្រព័ន្ធការពាររាងកាយ ដើម្បីមានលទ្ធភាពប្រឆាំងកោសិកាមហារីក ឈប់លូតលាស់តទៅទៀត។
– ព្យាបាលដោយថ្នាំ ទៅកម្ចាត់ប្រូតេអ៊ីន ឬហ្សែន ដែលជាមូលហេតុបង្កមហារីក។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ហាត់ប្រាណជាប្រចាំ ដោយចាប់ផ្ដើមបន្តិចម្តងៗ
– ឈប់ជក់បារី៖ អាចស្វែងរកជំនួយវិធីផ្ដាច់បារីពីគ្រូពេទ្យ
– ព្យាយាមនៅឆ្ងាយពីអ្នកជក់បារី អាចប្រាប់សមាជិកគ្រួសារពីផលវិបាកបង្កដោយបារី
– ចៀសវាងសារធាតុគីមី អាចបង្កមហារីក តាមការណែនាំបែបសាមញ្ញៗ ដូចជាពាក់ម៉ាស់ នៅកន្លែងធ្វើការ ការពារករណីស្រូបយកជាតិគីមីទាំងនោះ។
– ញ៉ាំអាហារមានជីវជាតិ ដូចជា បន្លែ ផ្លែឈើ ព្រមទាំងវីតាមីនធម្មជាតិ ចៀសវាងថ្នាំបំប៉ន អាចមានរងផលប៉ះពាល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]