ទាំងបុរសទាំងស្រ្តី បើមានចេញខាន់លឿងលើស្បែក និងភ្នែក អាចជាសញ្ញានៃជំងឺមហារីកលំពែង នេះបើតាមការបញ្ជាក់របស់ហ្វេសប៊ុកផេករបស់មន្ទីរពេទ្យកាល់ម៉ែត។ ក្រៅពីសញ្ញាមួយនេះ មានសញ្ញាអីផ្សេងទៀតដែលបញ្ជាក់ថា យើងកើតជំងឺមហារីកលំពែង ហើយជំងឺនេះបណ្តាលមកពីអ្វី?
១. អ្វីទៅជាជំងឺមហារីកលំពែង
មហារីកលំពែងជាជំងឺកម្រ តែកាចសាហាវ ហើយភាគច្រើនកើតលើមនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ។ ៨០% នៃជំងឺនេះ ភាគច្រើនកើតនៅក្បាលលំពែង ឯខ្លួន និងកន្ទុយលំពែងមិនសូវកើតមាននោះទេ។
២. កត្តានាំឲ្យកើតជំងឺមហារីកលំពែង
គេនៅមិនទាន់រកឃើញមូលហេតុពិតប្រាកដនៃជំងឺមហារីកលំពែងនេះនៅឡើយទេ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួនដែលអាចបង្កឲ្យមានជំងឺមហារីកនេះ៖
– មានជំងឺទឹកនោមផ្អែម
– រលាកលំពែងរ៉ាំរ៉ៃ
– ផឹកស្រា និងជក់បារី
– ញ៉ាំអាហារសម្បូរជាតិខ្លាញ់
– កត្តាតំណពូជ។
៣. រោគសញ្ញាជំងឺមហារីកលំពែង
កើតមហារីកលំពែង មិនមានរោគសញ្ញាជាក់លាក់ទេ ព្រោះវាកើតឡើងដោយស្ងៀមស្ងាត់ តែអ្នកជំងឺអាចឈឺនៅចុងដង្ហើម ធ្វើឲ្យមិនសូវឃ្លានអាហារ និងមានរោគសញ្ញាមួយចំនួនខាងក្រោម។
– រាកមួល
– មានជំងឺទឹកនោមផ្អែម
– ឡើងលឿងលើស្បែក និងភ្នែក
– ស្រកទម្ងន់។
៤. ការព្យាបាលជំងឺមហារីកលំពែង
តាមការបកស្រាយរបស់មន្ទីរពេទ្យកាល់ម៉ែត ការព្យាបាលជំងឺមហារីកលំពែងអាស្រ័យទៅលើទីតាំងរបស់ដុំមហារីក ដោយពឹងផ្អែកទៅលើវិធីវះកាត់។ គ្រូពេទ្យវះកាត់ នឹងកាត់យកបំណែកណាមួយនៃលំពែងដែលមានដុំមហារីក។ ក្រោយវះកាត់រួច អ្នកជំងឺអាចត្រូវព្យាបាលបន្ថែមដោយថ្នាំគីមី ឬបាញ់កាំរស្មី។
អត្ថបទពាក់ព័ន្ធ៖
- Pancreatitis (ជំងឺរលាកលំពែង)
- Pancreatic cancer (មហារីកលំពែង)
- Obstructive Jaundice (ជំងឺខាន់លឿងដោយសារស្ទះទឹកប្រមាត់)
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]