បន្ទាប់ពីព្យាបាលមហារីកមាត់ស្បូន គ្នាយើង ក៏ដូចជាម៉ាក់អ៊ំ តែងមានកង្វល់មួយថា តើត្រូវធ្វើម៉េចបន្តទៀត ដើម្បីអាចមានជីវិតរស់នៅប្រកបដោយផាសុកភាព។ ហេតុនេះ “Hello គ្រូពេទ្យ” សូមណែនាំការថែទាំងសុខភាព ក្រោយព្យាបាលមហារីកមាត់ស្បូនរួច ដើម្បីជួយគ្នាយើង និងម៉ាក់អ៊ំ អាចបន្តរស់នៅដោយសប្បាយចិត្តតទៅមុខបាន។
១- ពិនិត្យសុខភាពឲ្យទៀងទាត់
ត្រូវបន្តជួបជាមួយពេទ្យ ព្រោះអាចថែទាំស្ថានភាពជំងឺបានល្អ បន្ទាប់ពីព្យាបាល។ ប្រាប់រាល់បញ្ហាមិនប្រក្រតីទៅពេទ្យ ដើម្បីដឹងថាវាកើតឡើងម្តងទៀតឬអត់។ ពេទ្យអាចជួយទាន់ពេល បើមានបញ្ហាធ្ងន់ធ្ងរកើតឡើង។
២- ញ៉ាំអាហារល្អៗសម្រាប់សុខភាព
ញុំាអាហារល្អៗសម្រាប់សុខភាព សំខាន់ណាស់សម្រាប់ម៉ាក់អ៊ំ ឬគ្នាយើងទើបព្យាបាលមហារីករួច។ អាហារទាំងនេះ ជួយទ្រទ្រង់សុខភាព និងកាត់បន្ថយការហានិភ័យបង្កជាជំងឺបេះដូង លើសសម្ពាធឈាម លើសទម្ងន់ និងទឹកនោមផ្អែម។ ខណៈម្ហូបអាហារមួយចំនួនល្អសម្រាប់សុខភាពមានដូចជា៖
– ញ៉ាំអាហារមានវីតាមីន ដូចជា បន្លែ និងផ្លែឈើ
– មិនត្រូវញ៉ាំអាហារសម្រន់សម្បូរខ្លាញ់
– ញ៉ាំខ្លាញ់ល្អ មានក្នុងត្រី ជាពិសេសត្រីសាលម៉ុន ដែលសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣
– ញ៉ាំអាហារប្រូតេអ៊ីនមានខ្លាញ់ឆ្អែតតិច ដូចជា ត្រី សាច់សុទ្ធ ស៊ុត គ្រាប់ធញ្ញជាតិផ្សេងៗ
– ញ៉ាំបន្លែ ផ្លែឈើស្រស់ៗ អាហារមានជាតិខ្លាញ់ទាប និងពពួកអាហារសម្បូរប្រូតេអ៊ីន។
៣- គិតរឿងល្អៗ
មានជំងឺនេះ ភាគច្រើនគិតតែរឿងមិនល្អ ស្ត្រេស ថប់បារម្ភ បាក់ទឹកចិត្ត និងខ្លាចជំងឺនេះកើតវិញទៀត។ កត្តាទាំងនោះអាចធ្វើឲ្យគ្នាយើង ឬម៉ាក់អ៊ំ កើតមានជំងឺផ្លូវកាយ ដូចជា គេងមិនលក់ ឈឺក្បាល និងឈឺក្រពះ។ គួរដើរលេងឲ្យបានច្រើន ឬសាកល្បងរកវិធីសាស្រ្តផ្សេងៗដោយខ្លួនឯង ដើម្បីធ្វើឲ្យអារម្មណ៍ធូរស្រាល។
៤- ញ៉ាំស្រាតិចតួច
បើចង់ញ៉ាំស្រា អាចញ៉ាំបន្តិចបន្តួចបាន។ ការណែនាំកម្រិតស្រា គឺខុសគ្នាអាស្រ័យទៅតាមស្ថានភាពជំងឺ។ សម្រាប់អ៊ំប្រុសៗ អ៊ំស្រី អាយុលើសពី ៦៥ឆ្នាំ អាចញ៉ាំ មួយកែវក្នុងមួយថ្ងៃ។ អាយុតិចជាង ៦៥ឆ្នាំ ឬនៅក្មេង អាចញ៉ាំបាន ២ កែវក្នុងមួយថ្ងៃ។
ការសិក្សាបង្ហាញថា ការញ៉ាំស្រា ១ កែវក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយជំងឺបេះដូង ប៉ុន្តែត្រូវដឹងថា ស្រាអាចធ្វើឲ្យមហារីកកើតឡើងវិញ ឬបង្កមហារីកផ្សេងទៀត។ បើកាត់ចិត្តឈប់ញ៉ាំស្រាអត់បានទេ គួរពិភាក្សាជាមួយពេទ្យសិន។
៥- រក្សាគីឡូឲ្យបានល្អ
ត្រូវរក្សាទម្ងន់ឲ្យល្អបន្ទាប់ពីព្យាបាល និងពិភាក្សាជាមួយពេទ្យ ថាតើគួរមានទម្ងន់ប៉ុន្មានឲ្យសមល្មម។ គួរញ៉ាំអាហារល្អ និងកាត់បន្ថយអាហារខ្លាញ់ ឬគួរសួរពេទ្យបន្ថែមពីរបបអាហារល្អៗ។ ធ្វើតាមការណែនាំ អាចទប់ស្កាត់ពីបញ្ហាចង់ក្អួត ឈឺចាប់ និងផលរំខានផ្សេងៗបន្ទាប់ពីព្យាបាលមហារីក។
វិធីទាំងនេះធ្វើឲ្យគ្នាយើង ឬម៉ាក់អ៊ំ មានជំងឺ អាចបន្តរស់នៅដោយមានសុខភាពល្អ និងសប្បាយចិត្ត។ ការព្យាបាល គឺដើម្បីប្រយុទ្ធជាមួយជំងឺ ហើយការរៀបចំរបៀបរស់នៅ អាចជួយយើងមិនឲ្យមហារីកមាត់ស្បូនកើតឡើងម្តងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]