មហារីកសុដន់ ជាមហារីកពេញនិយមជាងគេ ហើយក៏អាចបង្កគ្រោះថ្នាក់ដល់ជីវិតគ្នាយើងមានជំងឺថែមទៀតផង។ បច្ចុប្បន្ន ទោះជាមានបច្ចេកវិទ្យាទំនើប អាចកាត់យកដុំមហារីកចេញយ៉ាងណាក៏ដោយ ក៏ ១០–២០ ភាគរយ អាចឡប់ឡើងវិញបាន ដោយសារតែពេលកាត់អាចសល់កោសិកាខ្លះ ហើយកោសិកានោះនឹងវិវត្តជាកោសិកាមហារីកវិញបាន ជាភាសាបច្ចេកទេស ហៅថា Local Recurrence។
ចំណែកកោសិកា កើតមានឡើងវិញនៅកន្លែងចាស់ ហៅថា Regional Recurrence។ មហារីកអាចរីករាលដាលទៅសរីរាង្គដទៃផ្សេងទៀត ដូចជា ខួរឆ្អឹងខ្នង ឬសួត ហៅថា Metastasis។ មហារីកសុដន់ អាចឡប់មកវិញក្នុងរយៈពេល ៣–៤ ខែ ឬឈានដល់ឆ្នាំ។ រោគសញ្ញាមហារីកសុដន់ អាស្រ័យតាមទីតាំងមហារីក។
ការឡប់ឡើងវិញនៃជំងឺមហារីកសុដន់នៅកន្លែងចាស់ រោគសញ្ញា ដូចជា មានដុំឡើងរឹង មានសញ្ញារលាក ឬឡើងក្រហម ក្បាលសុដន់រាបស្មើ ឡើងហើមមានឈាម ឬខ្ទុះហូរចេញពីក្បាលសុដន់។ ករណីខ្លះ មហារីកអាចរាលដាលទៅសរីរាង្គសំខាន់ៗដទៃទៀតដូចជា៖
១– រាលដាលដល់ខួរក្បាល
បើរាលដាលដល់ខួរក្បាល រោគសញ្ញាលាប់ឡើងវិញ គឺឈឺក្បាល ហើយការឈឺក្បាលនោះ ខុសពីឈឺក្បាលធម្មតា ត្រង់ឈឺខ្លាំង យូរ ហើយញឹកញាប់។ យោងតាមអ្នកឯកទេស រោគសញ្ញាដទៃទៀត ដូចជា ប៉ះពាល់គំហើញ និងសាច់ដុំចុះខ្សោយក៏មានដែរ។ ដូចនេះ បើកើតមហារីកសុដន់ ហើយឈឺក្បាលខ្លាំង និងមានបញ្ហាប្រព័ន្ធប្រសាទ ឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ។
២– រាលដាលដល់ថ្លើម
ក្នុងករណីខ្លះ ក៏មានការដុះឡើងវិញនៃដុំមហារីកនៅទីតាំងឆ្ងាយៗ ហៅថា Distant Recurrence។ វាកើតមានឡើងដោយសារតែកោសិកាមហារីក បានរាលដាលដល់សរីរាង្គនោះ មុនពេលកាត់ចេញ។ សរីរាង្គពេញនិយមជាងគេ គឺ ថ្លើម។ ហេតុនេះ បើសិនយើងមានរោគសញ្ញាទាក់ទងការញ៉ាំ ឬស្រកទម្ងន់ ឆាប់ពិគ្រោះជាមួយគ្រូពេទ្យ ព្រោះអាចធ្វើឲ្យយើងមានបញ្ហាធ្ងន់ធ្ងរបាន ដូចជា ខូចថ្លើម មហារីកថ្លើម ជាដើម។ ការរាលដាលដល់ថ្លើម ជារោគសញ្ញាគ្រោះថ្នាក់ជាងគេចំពោះគ្នាយើងជំងឺមហារីកសុដន់។
៣– រាលដាលដល់សួត
សួត អាចរងនូវការរីករាលដាលរបស់មហារីកដូចគ្នា នាំឲ្យពិបាកដកដង្ហើម ដែលជារោគសញ្ញាមួយ បញ្ជាក់ថា មហារីកសុដន់លាប់ឡើងវិញនៅសួត ហើយរោគសញ្ញាអាចមាន ក្អកស្លេស្មលាយឈាមថែមទៀតផង។ មហារីកសុដន់ ជាទូទៅលាប់ឡើងវិញ លើអ្នកជំងឺដែលធ្លាប់ព្យាបាលពីមុន។ ហេតុនេះ តាមដានក្រោយធ្វើការវះកាត់ គឺចាំបាច់ណាស់ ដើម្បីទទួលបានការព្យាបាលឲ្យទាន់ពេល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]