អ្នកជំងឺមហារីកដោះរាលដាលតែងមានអារម្មណ៍អវិជ្ជមាន ដោយសារតែអ្វីដែលអ្នកទាំងនោះបានឆ្លងកាត់មានការពិបាកទាំងជំងឺ និងផលវំខាននៃការព្យាបាលផង ហើយឥលូវត្រូវមានមហារីករាលដាលទៅកន្លែងផ្សេងថែមទៀត។ តើអ្នកជំងឺទាំងនោះមានអារម្មណ៍បែបណា?
១- អារម្មណ៍របស់អ្នកជំងឺ
ពេលមានជំងឺមហារីកដោះរាលដាលទៅកន្លែងផ្សេងទៀត មានន័យថាមនុស្សស្រីយើងត្រូវឆ្លងកាត់អារម្មណ៍ជាអ្នកមានជំងឺមហារីកដោះនោះម្តងទៀត។ យើងអាចខ្លាច ខឹង ពិបាកចិត្ត និងធ្លាក់ទឹកចិត្ត។ ពេលខ្លះអាចស្អប់ខ្លួនឯង ឬខឹងជាមួយគ្រូពេទ្យ ដោយចាប់ផ្តើមអត់ទុកចិត្តចំពោះការព្យាបាល។ យ៉ាងណាមិញអារម្មណ៍ទាំងនេះអាចខុសគ្នាពីមនុស្សស្រីម្នាក់ទៅម្នាក់ទៀត។
២-តើអ្នកជំងឺអាចដោះស្រាយបញ្ហានេះបានយ៉ាងដូចម្តេច?
ទោះបីជាការមានអារម្មណ៍បែបនេះក្ដី នេះគឺអាចថាជារឿងធម្មតា តែក៏អាចប៉ះពាល់ដល់សុខភាពអ្នកជំងឺ បើសិនជាយើងគ្រប់គ្រងអារម្មណ៍មិនបានល្អ។
ក្នុងករណីខ្លះយើងអាចមានអារម្មណ៍ធ្លាក់ទឹកចិត្ត និងមានភាពភ័យខ្លាចពេលក្រោយការព្យាបាល។ ខាងក្រោមនេះជាមធ្យោបាយមួយចំនួនដែលអាចជួយស្រីៗយើងចំពោះបញ្ហាទាំងនេះបានដូចជា៖
ការពិគ្រោះយោបល់៖ យើងអាចរកជំនួយពីអ្នកជំនាញ។ កុំមានការអៀនខ្មាស គួរប្រាប់គ្រប់យ៉ាងទៅគ្រូពេទ្យ ដើម្បីរកវិធីជួយយើងបាន។ ការពិភាក្សាអាចធ្វើនៅបន្ទប់ស្ងាត់ ហើយមានផាសុកភាព។
រកអ្វីផ្សេងមកបន្លប់៖ យើងគួររកអ្វីផ្សេងមកបន្លប់ ហើយគិតតែរឿងសប្បាយៗ។
សំរាកលំហែកាយ៖ ឈប់គិតច្រើន ហើយទៅមុជទឹកក្តៅឧណ្ហៗរួចចូលគេង។ ការម៉ាស្សាក៏អាចជួយយើងបានដែរ។
បើកចិត្តឲ្យទូលាយ៖ គិតពីអ្វីដែលធ្វើឲ្យយើងសប្បាយចិត្ត។ ជីវិតយើងនៅមានអ្វីដែលស្រស់បំព្រងច្រើនណាស់ ដូចនេះយើងត្រូវខំប្រឹងឲ្យអស់ពីសម្ថភាពដើម្បីប្រយុទ្ធជាមួយជំងឺមហារីកនេះ។
ប្រសិនបើស្រីៗយើងនៅតែតានតឹងអារម្មណ៍ ឬមានបញ្ហាមួយចំនួនដូចជាបាត់ចំណង់អាហារ អស់អារម្មណ៍ធ្វើកិច្ចការផ្សេងៗ គេងមិនលក់ឬពិបាកក្នុងការផ្ចង់អារម្មណ៍ គួរតែឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យកាន់តែឆាប់កាន់តែល្អ។ យើងប្រាកដជាពិបាកចិត្តដោយសារការលាប់ឡើងវិញនៃជំងឺនេះ ប៉ុន្តែមិនត្រូវឲ្យអារម្មណ៍អវិជ្ជមានទាំងនេះគ្រប់គ្រងយើងបានឡើយ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Groupមិនចេញវេជ្ជបញ្ជាមិនធ្វើរោគវិនិច្ឆ័យឬការព្យាបាលជូនទេ៕