ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលមានអាយុ៥០ឆ្នាំឡើង ដែលគេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺរ៉ាំរ៉ៃជាច្រើន បើធៀបនឹងអ្នកដែលគេងបានយូរជាងនេះ។
ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលមានអាយុ៥០ឆ្នាំឡើង ដែលគេងត្រឹម៥ម៉ោង ឬតិចជាងនេះក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់ក្នុងការកើតជំងឺរ៉ាំរ៉ៃជាច្រើន បើធៀបនឹងអ្នកដែលគេងបានយូរជាងនេះ។

សារព័ត៌មាន CNN កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានដកស្រង់ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្ដីPLOS Medicine ដែលបានផ្ដោតទៅលើក្រុមមនុស្សចំនួន៨០០០នាក់ មិនមានជំងឺរ៉ាំរ៉ៃនៅអាយុ៥០ឆ្នាំ។ ការសិក្សារកឃើញថា ចំពោះអ្នកដែលមានវ័យ៥០ឆ្នាំ ដែលគេងត្រឹម៥ម៉ោង ឬតិចជាងនេះ ប្រឈមនឹងហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃចំនួន៣០% បើធៀបនឹងអ្នកដែលគេងយ៉ាងហោចណាស់៧ម៉ោងក្នុងមួយថ្ងៃ ហើយនៅអាយុ៦០ឆ្នាំ មានហានិភ័យ៣២% និងនៅវ័យ៧០ឆ្នាំ ប្រឈមនឹងហានិភ័យរហូតដល់៤០%ឯណោះ។
ជំងឺរ៉ាំរ៉ៃទាំងនោះ រួមមានជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង គ្រោះថ្នាក់សរសៃឈាមបេះដូង ជំងឺខ្សោយបេះដូង ជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺថ្លើម ជំងឺបាក់ទឹកចិត្ត ជំងឺវង្វេង ជំងឺផ្លូវចិត្ត ជំងឺParkinson’s និងជំងឺរលាកសន្លាក់ជាដើម។
ចំណែកឯការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថា មនុស្សពេញវ័យដែលគេងមិនគ្រប់គ្រាន់ (តិចជាង៧ ទៅ៩ម៉ោងក្នុងមួយថ្ងៃ) មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺរ៉ាំរ៉ៃ ដែលរួមមានធាត់ជ្រុល និងសម្ពាធឈាមខ្ពស់។
ខុសពីការសិក្សាដទៃទៀត ការសិក្សាថ្មីនេះ មិនបានរកឃើញថាអ្នកដែលគេងច្រើនជាង៩ម៉ោង មានបញ្ហាសុខភាពឡើយ ប៉ុន្តែអ្នកចូលរួមមួយចំនួនបានគេងច្រើនជ្រុល និងអាចប៉ះពាល់ដល់លទ្ធផលនៃការស្រាវជ្រាវផងដែរ។
ការគេងមិនគ្រប់គ្រាន់នៅវ័យកណ្ដាល និងវ័យចំណាស់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងហានិភ័យខ្ពស់នៃជំងឺរ៉ាំរ៉ៃ ហើយការរកឃើញទាំងនេះ គាំទ្រដល់ការលើកកម្ពស់ការគេងស្កប់ស្កល់ និងគ្រប់គ្រាន់។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ទន្ទឹមនឹងនេះដែរ លោកសាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រសុខាភិបាលនៅសាកលវិទ្យាល័យAlabama ដែលកំពុងតែធ្វើការសិក្សាលើបញ្ហាដំណេកមួយផ្សេងទៀតបានឲ្យដឹងថា អ័រម៉ូនជួយគ្រប់គ្រងផ្នែកមួយចំនួន ដូចជាចំណង់អាហារ ការធ្វើមេតាប៉ូលីស ចំណង់ផ្លូវភេទ សម្ពាធឈាម ចង្វាក់បេះដូង សីតុណ្ហភាពរាងកាយ និងចង្វាក់circadian។ ប្រសិនបើរាងកាយមិនផលិតអ័រម៉ូនគ្រប់គ្រាន់ ដោយសារតែយើងគេងមិនគ្រប់គ្រាន់ នោះអាចបង្កជាបញ្ហាសុខភាពរ៉ាំរ៉ៃ បន្ថែមពីលើការអស់កម្លាំង ឈឺរាងកាយ និងបញ្ហាសម្ពាធឈាម។
លើសពីនេះ ការគេងមិនគ្រប់គ្រាន់ក៏អាចបង្កើនការរលាក ដែលជាហេតុបណ្ដាលឲ្យកើតមានជំងឺផ្សេងៗជាច្រើន។ ជារួម ការគេងមានសារៈសំខាន់ណាស់ ដើម្បីជួយបង្កើនគុណភាពជីវិត និងជួយឲ្យយើងមានសុខភាពល្អ ព្រមទាំងជៀសឆ្ងាយពីជំងឺផ្សេងៗ ហេតុនេះហើយ យើងចាំបាច់ត្រូវគេងឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
People who sleep 5 hours or less a night face higher risk of multiple health problems as they age, study finds
https://edition.cnn.com/2022/10/18/health/short-sleep-multiple-chronic-diseases-wellness/index.html
3Extent and Health Consequences of Chronic Sleep Loss and Sleep Disorders
https://www.ncbi.nlm.nih.gov/books/NBK19961/
New Evidence on Sleep’s Role in Aging and Chronic Disease
https://www.prb.org/resources/new-evidence-on-sleeps-role-in-aging-and-chronic-disease/
Association of sleep duration at age 50, 60, and 70 years with risk of multimorbidity in the UK: 25-year follow-up of the Whitehall II cohort study
https://journals.plos.org/plosmedicine/article?id=10.1371/journal.pmed.1004109
កំណែប្រែបច្ចុប្បន្ន
19/10/2022
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ