backup og meta

បែកញើសល្អចំពោះសុខភាព តែបែកញើសលើសកម្រិតក៏អាចមកពីបញ្ហាសុខភាពដែរ

បែកញើសល្អចំពោះសុខភាព តែបែកញើសលើសកម្រិតក៏អាចមកពីបញ្ហាសុខភាពដែរ

បែកញើសជាធម្មតាគឺជារឿងល្អចំពោះសុខភាព ព្រោះអាចបញ្ចេញជាតិពុលពីក្នុងខ្លួន ធ្វើឲ្យរាងកាយចុះត្រជាក់ ដែល​អាចកើតឡើងនៅពេលយើងបញ្ចេញសកម្មភាពច្រើន ឬហាត់ប្រាណ។ ប៉ុន្តែក្នុងស្ថានភាពខ្លះ ការ​បែក​​ញើស​​ក៏​បញ្ជាក់​​ពី​​បញ្ហា​​​សុខ​​ភាព​​បាន​​ដែរ​ ពិសេសបើបែកញើសលើសកម្រិត។ អត្ថបទខាងក្រោមនេះ នឹងលម្អិតពីអាការៈបែកញើសឲ្យគ្នាយើងបានដឹងច្បាស់។

១- ហេតុអ្វីបាន​ជាមាន​ញើស?

ញើស កើត​ចេញ​ពី​សកម្មភាពរបស់រាងកាយ ដែល​បញ្ចេញដើម្បីជួយរក្សាសីតុណ្ហភាពឲ្យស្ថិតក្នុងកម្រិតត្រឹមត្រូវ។ ការបែកញើស ជាវីធីមួយ​របស់រាងកាយដើម្បីកាត់បន្ថយកម្តៅ នេះជាការអះអាងពីសំណាក់អ្នកឯកទេសសើស្បែក លោកស្រី Patricia Farris ជំនួយការសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យជំងឺសើស្បែក Tulane University ទីក្រុង New Orleans សហរដ្ឋអាមេរិក។

មាន​ហេតុ​ផល​មួយចំនួន ​អាច​នាំឲ្យសីតុណ្ហភាពរាងកាយយើងឡើងកម្តៅ ដែល​នាំឲ្យក្រពេញ​ញើស​នឹង​ផលិត​ញើស​កាន់​តែ​ច្រើន​ឡើង​ដើម្បី​បញ្ចុះ​កម្តៅ​ដែលកំពុងកើនឡើង។ ស្ថានភាពនេះ ក៏​អាចដោយសារគ្នាយើងខ្លះ​មានអាការៈ​គ្រុនក្តៅ ភិតភ័យខ្លាំង ឬហាត់ប្រាណជាដើម។

តាមការអះអាងពីអ្នកឯកទេសសើស្បែកនៃសាលាវេជ្ជសាស្ត្រ Sinai School of Medicine ក្នុងបុរីញូវយ៉ក លោក Eric Schweiger ថា​មនុស្សភាគច្រើនបែកញើសកាន់តែខ្លាំងនៅ​អំឡុងពេលរដូវក្តៅ។ លើសពីនេះ អាហារ​ក៏​ដើរ​តួសំខាន់​ធ្វើ​ឲ្យរាងកាយយើងបញ្ចេញញើសកាន់តែច្រើនផងដែរ ពិសេសចំពោះគ្នាយើងចូលចិត្តអាហារហឹរ។

អត្ថបទពាក់ព័ន្ធ៖

២- បែកញើសជារឿងប្រក្រតី ឬមិនប្រក្រតី?

សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Louis University និងជាប្រធានសមាគមជំងឺបែកញើសលើសកម្រិត (International Hyperhidrosis Society) លោកស្រី Dee Anna Glaser បានប្រាប់ឲ្យដឹងថា ក្នុងចំណោមការបែកញើសដែលចាត់ទុកជាអាការៈធម្មតា គឺវាកើនឡើងដោយសារតម្រូវការរបស់រាងកាយប៉ុណ្ណោះ។

គ្នាយើងភាគច្រើនអាចបែកញើសតិចជាង ១លីត្រក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែក៏អាចបើកញើសច្រើនជាងមួយ​លីត្រក្នុងមួយថ្ងៃដែរ​ អាស្រ័យទៅលើការងារ ឬសកម្មភាពយើងបានធ្វើ។

សាស្រ្តាចារ្យ Dee Anna Glaser បញ្ជាក់ទៀតថា ក្រៅពីសកម្មភាពរាងកាយ​ ការបែកញើសក៏អាស្រ័យទៅលើសីតុណ្ហភាពកន្លែងធ្វើការ ឬអគារ ក៏ដូចជាការងារតាមដងផ្លូវជាដើម។ ក្នុងស្ថានភាពអាកាសធាតុក្តៅខ្លាំង ហើយយើងបែកញើសច្រើននោះ អាចចាត់​ទុក​ថា​ជារឿងធម្មតា។

៣- អ្វីជាបញ្ហាបែកញើសលើសកម្រិត?

បែកញើសលើសកម្រិត ក៏អាចបង្កឡើងដោយសារជំងឺបែកញើស ជាភាសាបច្ចេកទេសហៅថា​ Hyperhidrosis មានន័យថា ការបែកញើសរបស់យើង គឺច្រើនជាតម្រូវការរបស់រាងកាយ។ ឧទាហរណ៍ បើសុខៗយើងកំពុង​អង្គុយ​លើ​កៅ​អីយ៉ាងស្ងប់ស្ងាត់ ស្រាប់​តែ​បែកញើសមានន័យថា យើងមានបញ្ហាបែកញើស​លើស​កម្រិត​មិន​ខាន។

ជំងឺ Hyperhidrosis កើតឡើងនៅពេលម៉ាស៊ីនបញ្ចុះកម្តៅរបស់រាងកាយ​ធ្វើការហួតកម្រិត ហួសតម្រូវការ ដោយផលិត​ញើស​លើស​​តម្រូវការពី ៤-៥ ដង ខណៈក្នុងចំណោមមនុស្សទាំងអស់លើពិភពលោក គឺមានប្រមាណ ៣% មានបញ្ហាសុខភាពមួយនេះ។

ទោះជាយ៉ាងណា ដោយសារតម្រូវការបញ្ចេញញើសរាងកាយយើងម្នាក់ៗខុសៗគ្នា វេជ្ជបណ្ឌិតជាច្រើន​បាន​អះអាង​ថា​​មិន​មាន​ការ​កំណត់​​ជាក់​​លាក់​​ទៅ​លើក​ម្រិតញើសលើស ឬខ្វះនោះទេ ប៉ុន្តែគ្នាយើងភាគច្រើន​សុទ្ធតែអាចដឹងពីស្ថានភាពសុខភាពខ្លួនឯងច្បាស់ ពេលណា​ដែល​ចាត់​ទុក​ជាការបញ្ចេញញើស​មិន​ប្រក្រតី​។

៤- កត្តាអ្វីខ្លះជាមូលហេតុនាំឲ្យបែកញើសលើសកម្រិត?

ភាគច្រើននៃករណីបែកញើសលើសកម្រិត មិនត្រូវបានគេរកឃើញជាក់លាក់ឡើយ នាំឲ្យវេជ្ជបណ្ឌិតជាច្រើនហៅបញ្ហាសុខភាពនេះថា ជំងឺគ្មានមូលហេតុច្បាស់លាស់ ឬ Idiopathic ហើយវាអាចកើតឡើងដោយសារឥទ្ធិពលរបស់ហ្សែន។

សាស្ត្រាចារ្យ Glaser និយាយថា ៥០% ក្នុងចំណោមអ្នកមានបញ្ហាបែកញើសលើសកម្រិត គឺមានទំនាក់ទំនង​ជាមួយ​សមាជិកក្រុម​គ្រួសារ​ធ្លាប់មានប្រវត្តិបែកញើសលើសកម្រិត ហើយស្ថានភាពសុខភាពមួយនេះ អាចកើតលើមនុស្សទូទៅមិនថាក្មេង ឬចាស់ សូម្បីតែទារកទើបកើត ក៏អាចមានបញ្ហាបែកញើសលើសកម្រិតដូចគ្នា។

យ៉ាងណា វេជ្ជបណ្ឌិត​ជាច្រើន​សុទ្ធតែជឿថា ស្ថានភាពសុខភាព ឬឥទ្ធិពលថ្នាំមួយ​ចំនួន គឺមានទំនាក់ទំនងជាមួយអាការៈបែក​ញើស​លើស​កម្រិត ក្នុងនោះមានដូចជា៖

– ជំងឺ Frey’s syndrome ដែលជាលក្ខខណ្ឌសុខភាពមួយធ្វើឲ្យយើងបែកញើសនៅម្ខាងនៃផ្ទៃមុខ ដោយសារតែអាហារមួយចំនួនយើងញ៉ាំជាអ្នកបង្កឥទ្ធិពលនេះ។ វាអាចកើតឡើងក្រោយការវះកាត់ ឬមានរបួសក្បែរក្រពេញទឹកមាត់។

– ការញ៉ាំថ្នាំព្យាបាលបញ្ហាប្រព័ន្ធអង់ដូគ្រីន (Endocrine) ជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត ក៏ជាមូលហេតុនាំឲ្យការបញ្ចេញញើសរបស់រាងកាយលើសកម្រិតដូចគ្នា។

– ការប្រើថ្នាំលើសឈាមជាប្រចាំ ក៏ដូចជាថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តមួយចំនួនទៀត សុទ្ធជាមូលហេតុនាំឲ្យញើសកាន់តែច្រើនដូចគ្នា។

– លើសពីនេះ ការបែកញើសលើសកម្រិត ក៏អាចបណ្តាលមកពីការឆ្លងរោគ ជំងឺមហារីក ជំងឺបេះដូង ជំងឺលំពែង ការអស់រដូវ ហើយពេលខ្លះជំងឺស្ត្រូក ក៏ធ្វើឲ្យបែកញើសច្រើនផងដែរ។

៥- ធ្វើម៉េចទើបដឹងថាយើងមានបញ្ហាបែកញើសលើសកម្រិត?

រឿងសំខាន់បំផុតគ្នាយើងត្រូវតែដាក់ក្នុងចិត្ត គឺភាគច្រើននៃបញ្ហាបែកញើសលើសកម្រិតគឺជារឿងធម្មតា មិនមែនជាជំងឺនោះទេ។ ប៉ុន្តែបើយើងបារម្ភខ្លាំង ក៏អាចពិភាក្សាជាមួយពេទ្យ ឬអ្នកជំនាញ ដោយផ្អែកតាមប្រវតិ្តសុខភាព​របស់​យើងឲ្យបានត្រឹមត្រូវ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How Much Sweating Is Too Much?

កំណែ​ប្រែបច្ចុប្បន្ន

16/07/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ

ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Jul 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម