កន្លងមកធ្លាប់មានសំណួរថាតើក្រោយរួមភេទភ្លាមៗ បើស្រីៗយើងទៅបត់ជើងតូច អាចកាត់បន្ថយឱកាសមានផ្ទៃពោះឬយ៉ាងណា? ជាការពិត ទោះបីជាស្រីៗយើងទៅបត់ជើងតូចភ្លាមៗក្រោយពីភាគីខាងប្រុសបញ្ចេញទឹកកាម ក៏មិនអាចមានឥទ្ធិពលអ្វីលើឱកាសមានផ្ទៃពោះដែរ។
ក្នុងអំឡុងពេលរួមភេទ ទឹកកាមនឹងបាញ់ចូលទៅតាមរន្ធទ្វារមាសទៅដល់មាត់ស្បូន។ ចំណែកការបត់ជើងតូច ទឹកនោមចេញតាមបង្ហួរនោម ដែលរន្ធទ្វារមាស និងបង្ហួរនោមគឺជាផ្នែកពីរដាច់ពីគ្នា។ អាចនិយាយម្យ៉ាងទៀតបានថា ពេលស្រីៗយើងទៅបត់ជើងតូច ទឹកនោមចេញតាមបង្ហួរនោម មិនអាចជម្រះទឹកកាម ឬមេជីវិតឈ្មោលដែលចូលទៅតាមរន្ធទ្វារមាសទៅដល់មាត់ស្បូនបាននោះទេ។
បើសិនជាមេជីវិតឈ្មោលបានចូលទៅក្នុងរន្ធទ្វារមាសដល់មាត់ស្បូនហើយ គ្មានវិធីណាអាចយកចេញមកវិញបាននោះទេ ព្រោះមេជីវិតឈ្មោលនឹងធ្វើដំណើរឡើងទៅរកស៊ុតមេជីវិតញីដើម្បីបង្កកំណើត។
ដូចគ្នាដែរ ស្រីៗយើងខ្លះទំនងជាជឿដែរថាការលាងសម្អាតទ្វារមាស និងងូតទឹកអាចជម្រះមេជីវិតចេញពីទ្វារមាសបាន និងអាចកាត់បន្ថយឱកាសមានផ្ទៃពោះ។ យ៉ាងណា រឿងនេះមិនពិតនោះទេ គឺមិនខុសអ្វីពីរឿងយើងទៅនោម ហើយគិតថាអាចកាត់បន្ថយឱកាសមានផ្ទៃពោះនោះដែរ។ យើងអាចលាងសម្អាតទឹកកាមដែលប្រឡាក់នៅនឹងទ្វារមាសយើងបាន តែមិនអាចសម្អាតទឹកកាម ឬមេជីវិតឈ្មោលដែលចូលទៅខាងក្នុងរន្ធទ្វារមាសបាននោះទេ។
[embed-health-tool-pregnancy-weight-gain]