backup og meta

រូបមន្ត​ធម្មជាតិ​ទាំងនេះជួយកម្ចាត់​មុន​​ កើតលើស្រ្តីពពោះ​

រូបមន្ត​ធម្មជាតិ​ទាំងនេះជួយកម្ចាត់​មុន​​ កើតលើស្រ្តីពពោះ​

ជា​ទូទៅ​ ស្ត្រី​​ជា​ច្រើន​តែងតែ​ជួប​ប្រទះ​បញ្ហា​​មុន​ នៅ​អំឡុង​ត្រី​មាស​ទី​១​ និង​ទី​២​នៃ​ការ​​ពពោះ។​ ជាក់​ស្ដែង​ ការ​កើន​ឡើង​អ័រម៉ូន​​Androgens អាច​បណ្ដាល​ឲ្យ​ក្រពេញ​ក្នុង​ស្បែក​រីក​ធំ​ ព្រម​ទាំង​អាច​ផលិត​ជាតិ​ខ្លាញ់​ថែម​ទៀត​ផង​។​ ខ្លាញ់​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ និង​បង្ក​ជា​បាក់តេរី​ រលាក​ ក៏​ដូចជា​​បញ្ហា​មុន​។​ ចំពោះ​ស្រី​ៗ​ដែល​ងាយ​កើត​មុន​ នៅ​អំឡុង​ពេល​មក​រដូវ​ មាន​ឱកាស​កើត​មុន​អំឡុង​ពេល​មាន​គភ៌​ខ្ពស់​​។​ ប៉ុន្តែ មុន​ដែល​កើត​មាន​អំឡុង​ពេល​ពពោះ​ និង​ក្រោយ​ពេល​សម្រាល​ នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​អ័រម៉ូន​របស់​យើង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​។

យ៉ាង​ណា​មិញ ម៉ាក់​ៗ​ក៏​អាច​សាកល្បង​រូបមន្ត​ធម្មជាតិ​​ទាំង​នេះ​ ដើម្បី​កម្ចាត់​មុន​​អំឡុង​ពេល​មាន​គភ៌​​ផង​ដែរ​។

១. ម្សៅ​Baking Soda

ម្សៅ ​Baking Soda ​សម្ងួត​ខ្លាញ់​នៅ​លើ​ស្បែក និង​ជួយ​ជំរុញ​​ឲ្យ​ស្បែក​ឆាប់​ជា​​សះស្បើយ។​ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​ និង​កម្ចាត់​ខ្លាញ់​​សម្រាប់​ការពារ​ស្រទាប់​ស្បែក​ដ៏​សំខាន់​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​​​ប្រើប្រាស់​វា​សម្រាប់​ព្យាបាល​ត្រង់​​កន្លែង​ដែល​កើត​មុន​ប៉ុណ្ណោះ​។​ ចូរ​លាយ​ម្សៅ​Baking Soda​មួយ​ស្លាប​ព្រា​បាយ​​ ជាមួយ​នឹង​ទឹក​មួយ​ស្លាបព្រា​បាយ​។​ បន្ទាប់​មក​ ម៉ាក់​ៗ​គប្បី​លាប​វា​ត្រង់​ចំណុច​ដែល​កើត​មុន​តែ​ប៉ុណ្ណោះ ដោយ​មិន​ត្រូវ​លាប​សព្វ​ពេញ​ផ្ទៃ​មុខ​ឡើយ​។​ ចុងក្រោយ​ លាង​ជម្រះ​ចេញ​ នៅ​ពេល​ដែល​​ល្បាយ​នេះ​ស្ងួត។

២. ពពួក​ផ្លែ​ក្រូច​

​​​​​​​​​​​​​​​​​​​​​អាស៊ីដ​Alpha hydroxy​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្លែ​ក្រូច​​ ដូចជា​​ក្រូច​ឆ្មារ​ធម្មតា​ និង​ក្រូច​ឆ្មារ​ពណ៌​លឿង​។​ នៅ​ពេល​ដែល​​យើង​លាប​ទឹក​ក្រូច​ឆ្មារ​​នៅ​លើ​​ស្បែក​ វា​នឹង​ជួយ​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស​ និង​កម្ចាត់​កោសិកា​ស្បែក​ដែល​ងាប់​ចេញ​។​ សារធាតុ​astringent និង​​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ មាន​ប្រសិទ្ធភាព​​​ខ្ពស់​ក្នុង​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ចេញ​ពី​ស្បែក​។

ចូរ​ច្របាច់​ទឹក​ក្រូច​ឆ្មារ​ និង​លាប​វា​នៅ​ត្រង់​ចំណុច​ដែល​កើត​មុន​ដោយ​ប្រើ​​សំឡី (Cotton Ball)​ និង​​ទុក​ចោល​ចំនួន​១០​នាទី​ ឬ​រហូត​ដល់​ស្ងួត​ ទើប​លាប​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។

៣. ទឹក​ឃ្មុំ

​ទឹក​ឃ្មុំ​មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ និង​មេរោគ​ផ្សេងៗ ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​ស្បែក​ត្រលប់​មក​រក​សភាព​ស្រស់​ថ្លា​​ជា​ថ្មី​ម្ដង​ទៀត។​ ចូរ​លាង​មុខ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ​​ បន្ទាប់​មក​លាប​ទឹក​ឃ្មុំ​នៅ​បរិវេណ​ដែល​កើត​មុន​ ដោយ​ទុកចោល​ប្រហែល​២០​ទៅ​៣០​នាទី​ រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច។

៤. ប្រេង​ដូង​

​​​​ជាមួយ​គ្នា​នេះ​ដែរ​​ ប្រេង​ដូង​​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី និង​មេរោគ​ផ្សិត​ ដែល​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​​ទន់​ល្មើយ​ និង​ជ្រាប​ចូល​ក្នុង​​ស្បែក​បាន​យ៉ាង​ល្អ​។​ ចូរ​លាប​ប្រេង​ដូង​សុទ្ធ​ ជំនួស​ឲ្យ​គ្រីម​ផ្ដល់​សំណើម​ មុន​ពេល​ចូល​គេង​។​

មុនអំឡុងពេលមានគភ៌២

តិចនិក​ថែទាំ​ស្បែក​​អំឡុង​ពេល​មាន​គភ៌​

ការ​ថែ​ទាំង​ស្បែក​អំឡុង​ពេល​មាន​គភ៌ មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ​។​ ​សម្រាប់​ម៉ាក់​ៗ​ដែល​ចង់​បាន​ស្បែក​ស្រស់​ស្អាត​ ភ្លឺ​រលោង​ និង​គ្មាន​មុន​ ចូរ​អនុវត្ត​តាម​តិចនិក​ខាង​ក្រោម​នេះ​។

  • កុំ​ញេចមុន​ឲ្យ​សោះ​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​ និង​បន្សល់​ស្លាកស្នាម​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ស្បែក​ឲ្យ​មាន​សំណើម​ និង​ចៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ខ្លាំង​​
  • ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ ដូច​ជា​បន្លែ​ និង​ផ្លែឈើ​
  • សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​
  • ផ្លាស់ប្ដូរ​ស្រោម​ខ្នើយ​ និង​កន្សែង​ជូត​មុខ​ឲ្យ​បាន​ញឹកញាប់​
  • កុំ​ប៉ះ​មុខ​ ពីព្រោះ​​វា​អាច​ជា​ការ​ចម្លង​​បាក់តេរី​មក​លើ​ផ្ទៃ​មុខ​​
  • កក់​សក់​ជា​ប្រចាំ​ ជា​ពិសេស​​នៅ​ពេល​ដែល​សក់​ឡើង​ប្រេង​ និង​ជៀសវាង​សក់​ប៉ះ​ទៅ​នឹង​ផ្ទៃ​មុខ។​

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​https://www.healthline.com/health/pregnancy/acne-remedies#best-practices

កំណែ​ប្រែបច្ចុប្បន្ន

25/03/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហេតុអ្វីស្រ្តីមាន​ផ្ទៃពោះ ចេះតែយល់សប្ដិឃើញរឿង​មិនល្អច្រើន?

ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​នំ​ឃេក​បាន​អត់​? ​មាន​ផល​ប៉ះពាល់​​អ្វី​ខ្លះ​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម