អាការៈរមាស់ស្បែកតិចតួច ដែលកើតឡើងនៅអំឡុងពេលមានគភ៌ គឺជារឿងធម្មតាប៉ុណ្ណោះ ហើយប្រហែលជា២០%នៃស្ត្រីមានគភ៌ជួបប្រទះបញ្ហាមួយនេះ។ ជាទូទៅ ស្ត្រីមានផ្ទៃពោះ អាចមានអារម្មណ៍រមាស់ត្រង់បរិវេណពោះ និងសុដន់ ដោយសារតែស្បែកចាប់ផ្ដើមយឺត ដើម្បីសម្រួលដល់ការកើនឡើងនៃទំហំពោះ។ មួយវិញទៀត សម្រាប់អ្នកមានស្បែកស្ងួត ព្រមទាំងមានការប្រែប្រួលអ័រម៉ូនក៏អាចរួមចំណែកក្នុងការកើតមានបញ្ហារមាស់ស្បែកអំឡុងពេលមានគភ៌ផងដែរ។
ប្រភេទជំងឺទាំងនេះ អាចធ្វើឲ្យអាការៈរមាស់ស្បែក កាន់តែធ្ងន់ធ្ងរ
យ៉ាងណាមិញ មានស្ថានភាពរមាស់ស្បែកមួយចំនួន ដូចជាជំងឺត្រអក អាចធ្វើឲ្យស្បែករបស់យើងមានសភាពកាន់តែធ្ងន់ធ្ងរ ទោះបីជាស្ត្រីមានផ្ទៃពោះមួយចំនួនសង្កេតឃើញថា ជំងឺត្រអកមានភាពប្រសើរឡើងយ៉ាងណាក្ដី។ ចំណែកឯជំងឺរលាកស្បែករ៉ាំរ៉ៃ ( psoriasis) មានភាពផ្ទុយគ្នា ពីព្រោះស្ត្រីជាច្រើនបានបញ្ជាក់ថា ពុំសូវមានរោគសញ្ញាធ្ងន់ធ្ងរឡើយនៅអំឡុងពេលមានគភ៌។
ប្រសិនបើស្ត្រីពពោះមានកន្ទួលរមាស់ ឬរមាស់បាតដៃ ឬបាត់ជើងខ្លាំង ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ពីព្រោះរោគសញ្ញាទាំងនេះ អាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ។
គន្លឹះក្នុងការកាត់បន្ថយអាការៈរមាស់ នៅអំឡុងពេលមានគភ៌
ការអេះរមាស់ កាន់តែធ្វើឲ្យស្បែករលាក ព្រមទាំងបង្កើនហានិភ័យនៃការឆ្លងមេរោគស្បែកថែមទៀតផង។ ប្រសិនបើមានអាការៈរមាស់ស្បែក ដោយសារតែស្បែកស្ងួត យឺត វិធីសាស្ត្រទាំងនេះអាចជួយកាត់បន្ថយបញ្ហារបស់ម៉ាក់ៗបាន។
- ស្អំទឹកកក៖ ចូរស្អំទឹកកក ឬកំណាត់សើមដែលត្រជាក់នៅបរិវេណរមាស់ចំនួន១០នាទី ឬរហូតដល់អាការៈរមាស់បានធូរស្បើយ។
- ផ្ដល់សំណើម៖ ចូរជ្រើសរើសប្រភេទឡេ ឬគ្រីមដែលមិនមានក្លិនក្រអូប (fragrance-free ) ដោយលាបវាបន្ទាប់ពីងូតទឹករួច និងរក្សាទុកឡេទាំងនោះនៅក្នុងទូរទឹកកក ដើម្បីឲ្យស្បែកមានភាពត្រជាក់ល្អ នៅពេលផ្ដល់សំណើម។
តិចនិកការពារស្បែកពីបញ្ហារមាស់ អំឡុងពេលមានគភ៌
ជាក់ស្ដែង យើងមិនអាចការពារបញ្ហារមាស់ស្បែកបានទាំងស្រុងឡើយ ប៉ុន្តែតិចនិកទាំងនេះ អាចជួយកាត់បន្ថយអាការៈរមាស់ស្បែកបានមួយចំណែកដែរ។
- ងូតទឹកក្ដៅឧណ្ហៗ
- ជៀសវាងត្រូវពន្លឺថ្ងៃក្ដៅខ្លាំង
- ជ្រើសរើសសំលៀកបំពាក់បែបរលុងៗ
- កាត់បន្ថយស្ត្រេសឲ្យនៅកម្រិតទាប។
[embed-health-tool-due-date]