
ជារឿងរំភើបបំផុតសម្រាប់ម៉ាក់ប៉ានៅពេលដឹងថា បេប៊ីលូតលាស់បានល្អ មានសរីរាង្គពេញលេញ។ ដោយឡែកនៅក្នុងសប្តាហ៍ទី ១០ នេះ អាអូនកាន់តែធំហើយ មានទម្ងន់ប្រហែល ៧ក្រាម និងមានប្រវែង ២,៥៤ សង់ទីម៉ែត្រ ឯសរីរាង្គវិញមានអស់ហើយ តែមិនទាន់លូតលាស់ពេញលេញនោះទេ។
ឆ្អឹង និងឆ្អឹងខ្ចីដុះនៅជើងបង្កើតជាជង្គង់ និងកែងជើង ជាមួយគ្នានេះដៃក៏ចាប់ផ្តើមចេញរូបរាង ឯធ្មេញក៏ចាប់ផ្តើមដុះពីក្រោមអញ្ចាញ ហើយវានឹងត្រូវដុះចេញមកខាងក្រៅបន្ទាប់ពីអាអូនកើតបាន ៦ខែ។ ប្រព័ន្ធរំលាយអាហារចាប់ផ្តើមវិវត្តដោយផលិតទឹកអាស៊ីដរំលាយអាហារ ហើយតម្រងនោមក៏ផលិតទឹកនោមដែលត្រូវបញ្ចេញមកជាមួយទឹកនោមម៉ាក់។

១- រាងកាយប្រែប្រួលអីខ្លះ?
មុនពេលមានផ្ទៃពោះស្បូនស្រីៗយើង មានទំហំប៉ុនផ្លែប៉េសប៉ុណ្ណោះ តែក្នុងសប្តាហ៍នេះវាចាប់ផ្តើមធំប៉ុនផ្លែក្រូចថ្លុងហើយ។ ពោះរបស់ម៉ាក់ក៏ផ្តើមលយធំមកខាងមុខហើយអាចចាប់ផ្តើមពាក់អាវស្រីៗមានផ្ទៃពោះបាន។ ប៉ុន្តែបើយើងនៅទើសទាល់មិនចង់ពាក់អាវមានផ្ទៃពោះ អាចពាក់ខោ ឬសំពត់យឺតៗ (ពាក់ក្រោមក្បាលពោះ) ក៏បានដែរ។
តើអ្វីដែលយើងគួរបារម្ភ?
មិនបាច់ប្រាប់ក៏ដឹងដែរ ស្រីៗប្រហែលជាបារម្ភពីរឿងឡើងទម្ងន់ហើយមែនទេ? វាជារឿងធម្មជាតិដែលមិនអាចជៀសបានទេ តែអ្វីដែលយើងគួរដឹងនោះ តើត្រូវឡើងទម្ងន់ប៉ុន្មានទើបសមស្រប? ជាទូទៅស្រីៗយើងអាចឡើងពី ១១ ទៅ ១៦គីឡូក្រាម ដែលនេះជាតួលេខសម្រាប់ស្ត្រីដែលមានសមមាត្រម៉ាសរាងកាយធម្មតា។ បើសិនជាស្រីៗយើងស្គមវិញ យើងគួរតែដំឡើងទម្ងន់ ផ្ទុយទៅវិញបើយើងលើសទម្ងន់ស្រាប់ហើយ ត្រូវតែរក្សាកុំឲ្យកើនខ្ពស់ពេកព្រោះវាអាចមានផលប៉ះពាល់។
ការឡើងទម្ងន់នេះមិនមែនកើនតែនៅពោះរបស់យើងនោះទេ វាបែងចែកទៅផ្នែកផ្សេងៗនៃរាងកាយដើម្បីទ្រទ្រង់ខ្លួនយើង និងចិញ្ចឹមអាអូន។ ឧទាហរណ៍ បើយើងឡើង ១៥ គីឡូក្រាម ខាងក្រោមនេះជាការបែងចែកទម្ងន់៖
– បេប៊ី ៣,៧៥ គីឡូក្រាម
– សុក ០,៧៥ គីឡូក្រាម
– ទឹកភ្លោះ ១ គីឡូក្រាម
– ការរីកធំនៃស្បូន ១ គីឡូក្រាម
– កោសិកាសុដន់ ១ គីឡូក្រាម
– ឈាមម្តាយ ២ គីឡូក្រាម
– ទឹកក្នុងជាលិកាម្តាយ ២ គីឡូក្រាម
– ខ្លាញ់ក្នុងរាងកាយម្តាយ ៣,៥ គីឡូក្រាម។
ទោះយ៉ាងណាស្រីៗយើងកុំព្រួយរឿងឡើងទម្ងន់ពេកអី ដរាបណាយើងរក្សារបបអាហារបានត្រឹមត្រូវ ដោយញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន នោះបេប៊ីនឹងទទួលបានសារជាតិចិញ្ចឹមចាំបាច់សម្រាប់លូតលាស់។
២- ប្រាប់អីខ្លះទៅពេទ្យ?
វាជារឿងធម្មតាក្នុងត្រីមាសទី១ដែលស្រីៗយើងមានអារម្មណ៍ឆាប់ហត់អស់កម្លាំង។ មូលហេតុសំខាន់ជាងគេគឺរាងកាយយើងធ្វើការខ្លាំងជាងមុនដើម្បីទ្រទ្រង់ការលូតលាស់របស់បេប៊ី។ អ័រម៉ូនក៏ធ្វើឲ្យកើនបរិមាណឈាមក្នុងរាងកាយ។ ការពិគ្រោះយោបល់ជាមួយពេទ្យអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។
ធ្វើតេស្តអីខ្លះ?
– ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម
– ពិនិត្យជាតិស្ករ និងប្រូតេអ៊ីនក្នុងទឹកនោម
– វាស់ចង្វាក់បេះដូងរបស់បេប៊ី
– វាស់ទំហំស្បូនដោយស្ទាបពីខាងក្រៅ
– រកមើលគូទ និងវាស់កម្ពស់បេប៊ី
– ពិនិត្យមើលក្រែងមានហើមដៃ ហើមជើង
៣- ត្រូវដឹងអីខ្លះ?
គ្នាយើងប្រហែលជាឆ្ងល់ហើយថាមានផ្ទៃពោះអ៊ីចឹងអាចរួមភេទបានអត់? ចម្លើយ គឺអាចរួមភេទធម្មតាបើយើងមានកម្លាំង និងចំណង់។ ចំពោះស្រីៗខ្លះការនឿយហត់ និងចាញ់អាអូនមិនសូវមានចំណង់ផ្លូវភេទប៉ុន្មានទេ។
បើសិនជាបានជួបគ្រូពេទ្យ យើងចាំបាច់ត្រូវសួរនាំពីបញ្ហាខាងលើឲ្យបានច្បាស់ ដើម្បីសុវត្ថិភាពទាំងម៉ាក់ និងបេប៊ី។ ខាងក្រោមនេះជាមូលហេតុទាំងឡាយដែលគ្រូពេទ្យហាមមិនឲ្យយើងរួមភេទពេលមានអាអូន៖
- ប្រឈមនឹងការកើតបេប៊ីមុនខែ
– ធ្លាក់ឈាមដោយគ្មានមូលហេតុ
– ទឹកភ្លោះលេចចេញក្រៅ
– មានប្រវត្តិកើតកូនមិនគ្រប់ខែ
– មានបេប៊ីភ្លោះ
– មាត់ស្បូនចាប់ផ្តើមបើកមុនខែ (ខ្សោយសាច់ដុំមាត់ស្បូន)
– សុកពាំងមាត់ស្បូនមួយផ្នែក ឬទាំងស្រុង។
មិនបាច់ព្រួយទេ បើយើងពុំមានសញ្ញាដូចរៀបរាប់ខាងលើនេះទេ មានន័យថាយើងអាចរួមភេទបានធម្មតា មិនមានគ្រោះថ្នាក់ឡើយ។
ចាំជួបគ្នាសប្តាហ៍ក្រោយណា! មើលទៅអាអូនធំបន្តិចម្តងៗហើយ!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? On 06/06/2015 http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.
Pregnancy Calendar – Week 10 http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week10.html#cat20733. Accessed May 27, 2016.
Your pregnancy – 10 weeks http://www.babycenter.com/6_your-pregnancy-10-weeks_1099.bc. Accessed May 27, 2016.
10 weeks pregnant. http://www.whattoexpect.com/pregnancy/week-by-week/week-10.aspx. Accessed May 27, 2016.
How much weight you should gain during pregnancy. http://www.whattoexpect.com/pregnancy/weight-gain/. Accessed May 27, 2016.
Sex during pregnancy. http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/sex-during-pregnancy/art-20045318?pg=2. Accessed May 27, 2016.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Leng Pechsovatey
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ