គភ៌ពេលនេះលែងស្ថិតនៅជាអំប្រ៊ីយ៉ុងទៀតហើយ! ចាប់ផ្តើមចេញជាទម្រង់ទារកបន្តិចម្តងៗ។ ជាទូទៅអំឡុងពេលនេះក្បាលបេប៊ីនឹងមានទំហំធំជាងដងខ្លួន ក៏ប៉ុន្តែនៅសប្តាហ៍បន្ទាប់ៗ ខ្លួននឹងលូតលាស់កាន់តែលឿន ធំជាងក្បាលវិញ។
សប្តាហ៍ទី ១១ នេះ គភ៌មានទំហំប្រហែលទៅនឹងផ្លែល្វា កម្ពស់ប្រមាណជា ៣ សង់ទីម៉ែត្រ។ សរសៃឈាមនៅជុំវិញគភ៌ចាប់ផ្តើមរីកទាំងទំហំ និងបរិមាណដើម្បីងាយស្រួលនាំសារធាតុចិញ្ចឹមតាមឈាមទៅឲ្យគភ៌ក្នុងផ្ទៃ។ សរីរាង្គបន្តពូជនឹងចាប់ផ្តើមលូតលាស់នៅចុងសប្តាហ៍នេះដែរ ហើយក្នុងពេលឆាប់ៗ យើងអាចដឹងពីភេទរបស់អាអូនតាមរយៈការឆ្លុះអេកូនៅ អាទិត្យទី ១៨-២០។

១- រាងកាយប្រែប្រួលអីខ្លះ?
អាការៈចាញ់កូនចាប់ផ្តើមថយក្នុងសប្តាហ៍នេះ ខ្លួនយើងហាក់ធូរស្បើយ និងមានកម្លាំងហែងជាងមុនបន្តិច។ យ៉ាងណាមិញ កុំទាន់គិតថារួចខ្លួនអី អាការៈមួយចំនួនផ្សេងទៀត ដូចជាការទល់លាមកអាចកើតឡើងក្នុងសប្តាហ៍នេះ។ បម្រែបម្រួលអ័រម៉ូនពេលមានផ្ទៃពោះ អាចឲ្យសាច់ដុំសរីរាង្គរំលាយអាហារមួយចំនួនធ្វើការយឺតជាងមុន ដូច្នេះយើងពិបាកបន្ទោរបង់លាមក ឬក៏អាចបន្ទោរបង់រាល់ ៣ ថ្ងៃ/ម្តង។
ដើម្បីកាត់បន្ថយបញ្ហាទល់លាមកនេះ គួរព្យាយាមញ៉ាំទឹក អាហារជាតិសរសៃឲ្យបានច្រើន ដូចជា ផ្លែឈើស្រស់ៗ (ល្ហុង ឪឡឹក និង ចេកទុំ) បន្លែឆៅ (គប្បីលាងសម្អាតឲ្យស្អាតជាមុនសិន) និង នំបុ័ងដែលមានគ្រាប់ធញ្ញជាតិច្រើន ជៀសវាងការអង្គុយមួយកន្លែងយូរពេក។ ការធ្វើបែបនេះអាចជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការលឿនជាងមុន កាត់បន្ថយអាការៈមិនរំលាយអាហារ និងហើមពោះ។
ចំណុចអីខ្លះគួរដឹង?
បើអាការៈទល់លាមកកាន់តែយ៉ាប់ខ្លាំង យើងអាចសាកល្បងប្រើផលិតផល ឬក៏ថ្នាំបន្ទន់លាមកមួយចំនួន ដូចជា ថ្នាំ Docusate ។ ប្រើច្រើនពេកអាចបណ្តាលឲ្យយើងរាកប្រឈមនឹងការខ្វះជាតិទឹកធ្ងន់ធ្ងរ។ ដើម្បីសុវត្ថិភាពខ្លួនយើង និងគភ៌ គប្បីពិគ្រោះជាមួយគ្រូពេទ្យ មុនពេលសម្រេចចិត្តប្រើថ្នាំណាមួយ។
២- ប្រាប់អីខ្លះទៅពេទ្យ?
មិនត្រូវនៅស្ងៀមនោះទេ បើមានអាការៈណាមួយកំពុងរំខានយើងនោះ គួរតែពិគ្រោះជាមួយគ្រូពេទ្យ។ យើងអាចសួរគ្រូពេទ្យពីការញ៉ាំ ឬគេង។ បន្ថែមពីនេះការទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ពិតជាមានសារសំខាន់ចំពោះសុខភាពយើង និងគភ៌។
តេស្តអីខ្លះចាំបាច់?
ក្នុងសប្តាហ៍នេះ គ្រូពេទ្យនឹងណែនាំឲ្យធ្វើតេស្តមួយចំនួនដើម្បីរកមើលភាពមិនប្រក្រតីនៃក្រូម៉ូសូមរបស់គភ៌។ មានជំងឺហ្សែនជាច្រើនកើតឡើងដោយសារកត្តាមិនប្រក្រតីរបស់ក្រូម៉ូសូមនេះ ក្នុងនោះមាន ជំងឺ Down syndrome (ក្មេងកើតមកប្រក្រតី)។ ជំងឺនេះកើតឡើងពេលវត្តមានរបស់ក្រូម៉ូសូម ២១ មានពីរ។
ជាទូទៅ គភ៌កកើតបានដោយសារ ក្រូម៉ូសូម ២៣ គូ ក្នុងនោះមានក្រូម៉ូសូមយើងពាក់កណ្តាល ហើយប៉ាៗបេប៊ីពាក់កណ្តាល។ ពេលកោសិកាក្រូម៉ូសូមនេះ បំបែកខ្លួនបន្ថែម វាក៏អាចមានកំហុសណាមួយបណ្តាលឲ្យមានវត្តមានរបស់ក្រូម៉ូសូមមានលើសពី១គូ។ មានតែការធ្វើតេស្តទេ ទើបអាចបង្ហាញថាក្រម៉ូសូមទាំងនោះមានបញ្ហាឬអត់។
៣- ត្រូវដឹងពីអីខ្លះ?
ដោយមានការការពារពីថង់ទឹកភ្លោះ (Amniotic sac) របស់គភ៌ ធ្វើឲ្យការរួមភេទអំឡុងពេលមានផ្ទៃពោះ មិនផ្តល់ជាផលប៉ះពាល់អ្វីដល់ទារកក្នុងផ្ទៃទេ។ យ៉ាងណាមិញអំឡុងរួមភេទលំហូរឈាមនឹងត្រូវហូរទៅអាងត្រគាកច្រើន ហើយស្បូនក៏កន្ត្រាក់ បណ្តាលឲ្យស្រីៗយើងអាចឈឺពោះបែបរមួលៗក្រោយពេលរួមភេទ។ ជាទូទៅការឈឺនេះនឹងបាត់ទៅវិញដោយឯកឯងប៉ុន្មាននាទីក្រោយមក។
ក្នុងករណីដែលអាការៈឈឺនេះមិនបាត់សោះ យើងត្រូវរួសរាន់ទៅពេទ្យជាបន្ទាន់។ ទោះបីជាការរួមភេទពេលមានផ្ទៃពោះ មិនផ្តល់ជាផលប៉ះពាល់អ្វីដល់គភ៌ យើងគួរតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby? http://www.babycenter.com/slideshow-baby-size. Accessed May 27, 2016.
Pregnancy week 11 http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week11.html. Accessed May 27, 2016.
Your pregnancy: 11 weeks. http://www.babycenter.com/6_11-weeks-pregnant_1100.bc. Accessed May 27, 2016.
First Trimester Tests. http://www.parents.com/pregnancy/week-by-week/11/first-trimester-tests/. Accessed May 27, 2016.
Pregnancy week by week. http://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/prenatal-care/art-20045302?pg=2. Accessed May 27, 2016.
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ