ស្ត្រីពពោះដែលជួបអាការៈឈឺក្បាល ចុករួយក ស្រវាំងភ្នែក ហឹងត្រចៀក អាចជាសញ្ញាគ្រោះថ្នាក់អំឡុងពពោះ ត្រូវប្រញាប់ទៅគ្រូពេទ្យ។ អាការៈទាំងប៉ុន្មានខាងលើនេះអាចជាសញ្ញា នៃជំងឺលើសឈាមអំឡុងពពោះ និងអាចឈានទៅរកជំងឺបម្រុងក្រឡាភ្លើងថែមទៀត នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។
បម្រុងក្រឡាភ្លើង គឺជាផលវិបាកធ្ងន់ធ្ងរសម្រាប់ស្រីៗមានផ្ទៃពោះ បណ្តាលមកពីលើសសម្ពាធឈាម និងរោគសញ្ញាផ្សេងទៀតដោយសារខូចខាតសរីរាង្គផ្សេងៗ ដូចជា តម្រងនោម សួត ជាដើម។ ស្រីៗមានផ្ទៃពោះ និងមានសម្ពាធឈាមធម្មតា ក៏អាចមានជំងឺនេះបានដែល ភាគច្រើនកើតនៅសប្តាហ៍ទី ២០ នៃការពពោះ និងអាចកើតលើស្រីៗមានសម្ពាធឈាមលើសតិចតួច ប៉ុន្តែមិនបានព្យាបាលត្រឹមត្រូវ។ ជំងឺបម្រុងក្រឡាភ្លើង អាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតទាំងម្តាយ និងកូនក្នុងផ្ទៃ
រោគសញ្ញាជំងឺបម្រុងក្រឡាភ្លើងមានដូចជា សម្ពាធឈាមកើនឡើងភ្លាមៗ មានប្រូតេអ៊ីននៅក្នុងទឹកនោម ហើម ឈឺក្បាលខ្លាំង ស្រវាំងភ្នែក ចាញ់ពន្លឺ ឈឺពោះផ្នែកខាងលើ ចង្អោរ ក្អួត នោមតិច ប្លាកែតក្នុងឈាមធ្លាក់ចុះ ខូចខាតមុខងាររបស់ថ្លើម ពិបាកដកដង្ហើម ដោយសារមានទឹកក្នុងសួត។
ស្រីៗដែលធាត់ខ្លាំង ចូលចិត្តញ៉ាំប្រៃ និងសាច់ច្រើន ធ្លាប់មានជំងឺក្រឡាភ្លើងពីមុនមក ស្រីៗពពោះកូនភ្លោះ មានជំងឺលើសឈាម មានបញ្ហាតម្រងនោម ស្រីៗមានជំងឺទឹកនោមផ្អែម សុទ្ធជាអ្នកដែលប្រឈមនឹងជំងឺបម្រុងក្រឡាភ្លើង។ ម៉ាក់ៗដែលមានជំងឺបម្រុងក្រឡាភ្លើង ងាយនឹងឈានទៅជំងឺក្រឡាភ្លើងបំផុត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕