តើគ្នាយើងកំពុងពពោះ ឡើងគីឡូខ្លាំងគ្រោះថ្នាក់អត់? ចុះឡើងគីឡូប៉ុន្មានទើបត្រឹមត្រូវ សុខភាពគភ៌ល្អ? សំណួរនេះ អត្ថបទមុនៗធ្លាប់បញ្ជាក់ខ្លះៗដែរ ប៉ុន្តែអត្ថបទនេះនឹងបញ្ជាក់បន្ថែម ហេតុអីរក្សាគីឡូឲ្យបានល្អពេលពពោះជារឿងសំខាន់? ចុះពេលពពោះត្រូវឡើងគីឡូប៉ុន្មានទើបត្រឹមត្រូវ?
១- ហេតុអ្វីការឡើងគីឡូកម្រិតត្រឹមត្រូវអំឡុងពេលពពោះជារឿងសំខាន់?
ការកើតឡើងគីឡូក្នុងកម្រិតត្រឹមត្រូវអំឡុងពេលពពោះ អាចជួយគភ៌ក្នុងផ្ទៃធំលូតលាស់ក្នុងទ្រង់ទ្រាយមានសុខភាពល្អ។ ប៉ុន្តែបើឡើងគីឡូខ្លាំងពេក ឬតិចពេក អាចនឹងនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ទាំងចំពោះម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។
យោងតាមអ្នកជំនាញបង្កកំណើតជាច្រើន ការកើនគីឡូខ្លាំងពេក ស្មើនឹងបង្កើនឱកាសវិវត្តទៅរកជំងឺទឹកនោមផ្អែមពេលពពោះ និងកើនសម្ពាធឈាមពេលពពោះជាដើម។ នៅមានបញ្ហាប្រឈមច្រើន រាប់បញ្ចូលទាំងក្រោយពេលសម្រាល ស្រីៗគ្នាយើងនឹងប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ២ និងលើសសម្ពាធឈាមរ៉ាំរ៉ៃពេញមួយជីវិត។
បើគ្នាហើយលើសទម្ងន់ស្រាប់ ឬមានជំងឺធាត់ នៅពេលយើងមានផ្ទៃពោះ កាន់តែបង្កហានិភ័យចំពោះសុខភាពខ្ពស់ជាងនេះទៅទៀត។ យើងថែមទាំងប្រឈមមិនអាចសម្រាលតាមធម្មជាតិបាន ដោយតម្រូវឲ្យវះកាត់ជំនួសវិញ។
ការបង្កើនទម្ងន់ក្នុងកម្រិតត្រឹមត្រូវអំឡុងពេលពពោះ អាចជួយស្រីៗគ្នាយើងកាន់តែងាយស្រួលទាំងអំឡុងពេលពពោះ ទាំងពេលសម្រាល។ វាក៏ផ្តល់ភាពងាយស្រួលដល់យើងឆាប់វិលមករកគីឡូដើមវិញក្រោយសម្រាលថែមទៀតផង។
ការស្រាវជ្រាវជាច្រើនបង្ហាញថា ចំនួនគីឡូឡើងអំឡុងពេលពពោះត្រឹមត្រូវ ថែមទាំងអាចជួយគ្នាយើង និងកូនចៀសផុតពីជំងឺធាត់ និងការឡើងគីឡូទប់មិនឈ្នះដែលនឹងក្លាយជាបញ្ហារំខានយើងពេញមួយជីវិត។
អត្ថបទពាក់ព័ន្ធ៖
- តិចអត់ដឹង! ទឹកភ្លោះមានតួនាទីសំខាន់ជួយដល់កូនក្នុងផ្ទៃច្រើនយ៉ាង
- ពពោះជិតគ្រប់ខែ ម៉េចបានម៉ាក់ៗបែរជាជ្រាបទឹកភ្លោះទៅវិញ?
- ម៉េចបានទឹកភ្លោះច្រើន មានគ្រោះថ្នាក់ទៅវិញ?
- ពេលពពោះ មានបញ្ហាទាំងនេះ បើចង់ច្បាស់ត្រូវបូមទឹកភ្លោះយកទៅវិភាគ
- កូនក្នុងផ្ទៃ អាចរស់បានយូរប៉ុនណាបន្ទាប់ពីបែកទឹកភ្លោះ?
២- ចុះគួរឡើងគីឡូប៉ុន្មានទើបល្អអំឡុងពេលពពោះ?
ការកើនឡើងចំនួនគីឡូអំឡុងពេលពពោះក៏អាស្រ័យទៅលើសន្ទស្សន៍ទម្ងន់ និងកម្ពស់របស់យើង ដែលជាភាសាបច្ចេកទេសហៅថា BMI មុនពេលពពោះ។ BMI ជាសន្ទស្សន៍ស្ដង់ដារកំណត់សុខភាព ពាក់ព័ន្ធនឹងកម្រិតទម្ងន់របស់យើង ថាតើយើងមានគីឡូធម្មតា មិនគ្រប់គីឡូ លើសគីឡូ ឬធាត់។
ជាទូទៅមានការណែនាំឲ្យស្រីៗគ្នាយើងឡើងទម្ងន់ពេលពោះ ផ្អែកទៅលើសន្ទស្សន៍ស្ដង់ដារ BMI របស់យើងដូចខាងក្រោម។ របៀបគណនា BMI យើងត្រូវបំពេញព័ត៌ពីកម្ពស់ និងទម្ងន់របស់យើងក្នុងប្រព័ន្ធមួយនេះ។ ក្រោយពេលបំពេញរួចយើងនឹងឃើញលទ្ធផលBMI របស់យើង។
ករណី៖
– BMI ទាបជាង ១៨,៥ (ខ្វះគីឡូ) គឺត្រូវឡើងទម្ងន់អំឡុងពេលពពោះចន្លោះពី ១២-១៨ គីឡូ។
– BMI ចន្លោះពី ១៨,៥-២៤,៩ (ទម្ងន់ធម្មតា) គឺត្រូវឡើងទម្ងន់អំឡុងពេលពពោះចន្លោះពី ១១-១៦ គីឡូ។
– BMI ចន្លោះពី ២៥-២៩,៩ (លើសទម្ងន់) គឺត្រូវឡើងទម្ងន់អំឡុងពេលពពោះចន្លោះពី ៧-១១ គីឡូ។
– BMI លើស ៣០ (ធាត់) គឺត្រូវឡើងទម្ងន់អំឡុងពេលពពោះចន្លោះពី ៥-១០ គីឡូ។
វាជារឿងសំខាន់បំផុត សម្រាប់ការឡើងគីឡូរបស់យើងទៅមុខសន្សឹមៗ។ តាមជំនឿបុរាណ បានលើកឡើងថា អំឡុងពេលពពោះ យើងត្រូវញ៉ាំអាហារសម្រាប់ចំណែកមនុស្ស ២នាក់ ប៉ុន្តែជំនឿនេះមិនមែនជាការពិតទេ។ អំឡុងពេល ៣ខែដំបូង គភ៌ក្នុងផ្ទៃ គឺមានទំហំប៉ុនគ្រាប់វ៉ល់ណាត់ប៉ុណ្ណោះ ដូច្នេះយើងក៏មិនចាំបាច់បន្ថែមកម្រិតកាឡូរីក្នុងរាងកាយដែរ។
យើងអាចបង្កើនគីឡូតាមការណែនាំខាងក្រោមនេះ៖
– ៣ខែដំបូង ១/២- ២ គីឡូ
– ៤ខែ មុនដល់ថ្ងៃសម្រាល ១-២ គីឡូ/ខែ។
ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឆ្មបជំនាញរបស់យើងពាក់ព័ន្ធរឿងឡើងគីឡូពេលពពោះប៉ុណ្ណាទើបល្អសម្រាប់យើង។ សហការជាមួយពេទ្យដើម្បីរក្សាការឡើងទម្ងន់របស់យើងឲ្យបានត្រឹមត្រូវ។
អ្វីគ្នាយើងត្រូវចងចាំ អំឡុងពេលពពោះ កុំព្យាយាមសម្រកទម្ងន់ឲ្យសោះ ព្រោះគភ៌ក្នុងផ្ទៃយើងត្រូវការអាហារជាចាំបាច់ និងប្រភេទភេសជ្ជៈមានជាតិស្ករទាប (ទឹកសុទ្ធកាន់តែល្អ) ដើម្បីឲ្យការលូតលាស់កាន់តែប្រសើរ។ មានស្រីៗមួយចំនួន បែរជាចាប់ផ្តើមស្រកទម្ងន់ពេលចាប់ផ្តើមពពោះ បើគ្នាយើងមានបញ្ហានេះ ប្រញាប់ពិគ្រោះជាមួយពេទ្យជំនាញពីអ្វីកំពុងកើតមានលើខ្លួនយើង ដើម្បីជួយយើងអាចពពោះដោយសុវត្ថិភាព និងកូនសម្រាលមកក៏មានសុខភាពល្អ។
[embed-health-tool-pregnancy-weight-gain]