គ្រូពេទ្យបានណែនាំឲ្យស្ត្រីក្រោយសម្រាលកូនអាចញ៉ាំអាហារគ្រប់សព្វបែបយ៉ាងបាន ដោយមិនចាំបាច់ភ័យខ្លាចទាស់អ្វីឡើយ។ ទោះជាបែបនេះក្ដីវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ការញ៉ាំអាហាររបស់ម៉ាក់ៗបានតាមចិត្តមែន តែគួររើសប្រភេទអាហារផងដែរ បើមិនដូច្នេះទេនាំទុក្ខដល់ខ្លួន និងកូនទៅវិញទេ។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបន្ថែមទៀតថា ការញ៉ាំអាហារពពួក Fast food ចំពោះម៉ាក់ៗដែលទើបសម្រាលកូនរួចមិនបានប៉ះពាល់ ឬនាំឲ្យទាស់អ្វីឡើយ ក្រោយសម្រាលភ្លាមក៏ដោយឲ្យតែញ៉ាំទៅមានកម្លាំង និងឃ្លាន គឺអាចញ៉ាំបានភ្លែត។ តែបើគិតដល់ជីវជាតិ សារធាតុចិញ្ចឹមដែលចម្រាញ់ជាទឹកដោះ សម្រាប់កូនវាគ្មានឡើយ។
លោកបន្តទៀតថា ប៊ឺហ្គ័រ ភីហ្សា ភ្លៅមាន់ ជាអាហារសម្បូរជាតិខ្លាញ់ញ៉ាំទៅអាចបណ្ដាលឲ្យម៉ាក់ៗដែលធាត់ៗ មិនស្រកគីឡូ ហើយក្បាលពោះប្រែជាធំដូចនៅតែមានកូនក្នុងផ្ទៃ។ បន្ថែមពីលើនោះអ្នកដែលចូលចិត្តអាហារមានជាតិខ្លាញ់ អាចប្រឈមមុខនឹងជំងឺជាច្រើនទៅថ្ងៃមុខ និងបច្ចុប្បន្នដូចជាលើសឈាម លើសកូឡេស្តរ៉ូល លើសជាតិស្ករក្នុងឈាម ខ្លាញ់រុំបេះដូង។
ក្រៅពីខ្លួនឯង កូនដែលបៅដោះម្ដាយញ៉ាំអាហារខ្លាញ់ទាំងនោះញឹកញាប់អាចរាករូស ឬទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ ហើយកូនក៏ស្គមស្គាំង គ្មានកម្លាំងកំហែងទៅតាមនោះដែរ ប្រសិនបើយើងញ៉ាំអាហារបែបនេះគ្រប់ពេល។ ដូចនេះរបបអាហារជាស៊ុបមានទឹក សាច់ បន្លែ គ្រប់គ្រាន់ ចៀសវាងអាហារហឹរ ក្រៀមក្រោះ ឬប្រភេទថ្នាំចំណាំងឈើ និងស្រាជាដើម។
[embed-health-tool-pregnancy-weight-gain]