អំឡុងពេលពពោះ ម៉ាក់ៗត្រូវប្រយ័ត្នខ្លួនពីការកើតជំងឺទឹកនោមផ្អែម ព្រោះជំងឺទឹកនោមផ្អែមពេលពពោះ អាចក្លាយជាឧបសគ្គមួយក្នុងការពពោះរបស់យើងដូចជា កូនលើសទម្ងន់ កូនកើតមិនគ្រប់ខែ ឬកូនអាចស្លាប់នៅក្នុងពោះតែម្ដង។ គ្រាន់តែកើតទឹកនោមផ្អែមពេលពពោះបង្កជាផលវិបាកច្រើនយ៉ាងនេះ ចុះប្រសិនបើស្ត្រីកើតទឹកនោមផ្អែមស្រាប់ ចង់មានផ្ទៃពោះគួរធ្វើយ៉ាងណា?
តាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ស្ត្រីគ្រប់រូបដែលមានជំងឺទឹកនោមផ្អែមស្រាប់ មិនថាប្រភេទ១ ឬប្រភេទ២ទេ សុទ្ធតែអាចពពោះបានធម្មតា ប៉ុន្តែមុននឹងសម្រេចចង់បានកូន ម៉ាក់ៗកើតជំងឺទឹកនោមផ្អែមគួរតែពិនិត្យលើផ្នែកសុខភាពទាំងនេះសិន ដើម្បីចៀសវាងផលវិបាកទាំងអាអូនក្នុងផ្ទៃ និងម៉ាក់ៗផ្ទាល់ខ្លួនដូចជា៖
– ពិនិត្យ និងតាមដានជាតិស្ករឲ្យមានលំនឹង មុននឹងចង់ពពោះ
– ពិគ្រោះជាមួយគ្រូពេទ្យជំនាញជំងឺទឹកនោមផ្អែម ចំពោះអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ពីការបន្តប្រើប្រាស់អាំងស៊ុយលីន
– ស្ត្រីគួរពិនិត្យមើលភ្នែក បេះដូង និងតម្រងនោម
– ពិគ្រោះជាមួយគ្រូពេទ្យជំនាញពីការជំនួស ឬបញ្ឈប់ការប្រើថ្នាំមួយចំនួនដូចជា ថ្នាំបញ្ចុះឈាម ឬថ្នាំបញ្ចុះខ្លាញ់។ល។
– ពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញផ្នែកម្ហូបអាហារ
រីឯ ស្ត្រីកើតជំងឺទឹកនោមផ្អែមប្រភេទទី២ មានប្រើប្រាស់ថ្នាំគ្រាប់ក្នុងការព្យាបាល ហើយចង់បានកូន គឺត្រូវប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីផ្លាស់ប្ដូរថ្នាំគ្រាប់មួយចំនួន ព្រោះវាអាចប៉ះពាល់ដល់ទារកក្នុងករណីចាំបាច់ត្រូវផ្លាស់មកប្រើថ្នាំចាក់អាំងស៊ុយលីនវិញ។
ស្របគ្នានេះ ចំពោះម៉ាក់ៗពពោះគ្រប់រូប គួរតែតាមដានសុខភាព និងជាតិស្ករឲ្យបានដិតដល់ ដើម្បីចៀសវាងពីជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ។ ម៉ាក់ៗពពោះអាចគ្រប់គ្រង ឬកាត់បន្ថយជាតិស្ករមាននៅក្នុងខ្លួនបានដោយការហាត់ប្រាណ ញ៉ាំអាហារល្អៗ រក្សាទម្ងន់ឲ្យនៅថេរ យកល្អ គួរតែចាប់ផ្ដើមពពោះនៅពេលដែលទម្ងន់ត្រូវស្តង់ដារ ពោលគឺទម្ងន់សុវត្ថិភាពមួយ មិនលើសទម្ងន់ ព្រោះពេលយើងពពោះ ទម្ងន់នឹងបន្តឡើងថែមទៀត ជាហេតុធ្វើឲ្យយើងងាយប្រឈមនឹងជំងឺទឹកនោមផ្អែម។
[embed-health-tool-ovulation]