ជាទូទៅគ្រូពេទ្យតែងតែលើកទឹកចិត្តឲ្យស្ត្រី សម្រាលកូនតាមបែបធម្មជាតិ ព្រោះផលវិបាកនៃអំឡុងពេល និងក្រោយសម្រាលមានតិចតួចជាងការវះកាត់។ ប៉ុន្តែក្នុងករណីក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្ដាយ និងកូន។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា បច្ចុប្បន្ននេះអត្រាអ្នកសម្រាលកូនដោយវះកាត់ មានការកើនឡើងជាលំដាប់គួរឲ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។
លោកបន្តថា ស្ត្រីមួយចំនួនយល់ខុសថាការសម្រាលកូនដោយវះកាត់ មានភាពងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ការឈឺពោះសម្រាល និងមើលរំលងផលវិបាកផ្សេងៗទៅថ្ងៃអនាគត ដែលបណ្ដាលមកពីការវះកាត់នេះ។ ដូច្នេះលោកវេជ្ជបណ្ឌិតនឹងលើកឡើងពីផលវិបាកខ្លះៗអំឡុង និងក្រោយពេលការវះកាត់សម្រាលកូន៖
១- ផលវិបាកអំឡុងពេលវះកាត់
– ផលវិបាកនៃថ្នាំសណ្ដំ (Syndrome de Mendelson)
– ការបាត់បង់ឈាមច្រើនពេលវះកាត់
– ការដាច់រហែកកស្បូនខ្លាំង
– របួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកពេទ្យរយៈពេលយូរ
២- ផលវិបាកក្រោយពេលវះកាត់ភ្លាមៗ ១០% ទៅ ៤២%
– ការបង្ករោគផ្សេងៗមានដូចជា៖ ការរលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចដល់បង្ករោគក្នុងសរសៃឈាម
– ការហូរឈាមក្រោយពេលវះកាត់ មានកកឈាមលើស្នាមរបួសស្បូន ឬរបួសក្រោមស្បែក
– ស្លេកស្លាំង
– ផលវិបាកស្ទះសរសៃឈាមតូចៗ ជាពិសេសសរសៃឈាមក្នុងសួតធ្វើឲ្យមានវិបត្តិផ្លូវដង្ហើម
៣- ផលវិបាកក្រោយពេលវះកាត់ នៅពេលមានផ្ទៃពោះលើកក្រោយ ស្ត្រីអាចប្រឈមនឹង
– ការវះកាត់យកកូនសារជាថ្មី
– ការធ្លាយស្បូន
– សុកពាំងមាត់ស្បូន
– សុកចាក់ឫសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោម
ផលវិបាកទាំងអស់នេះមិនសូវកើតមានជាញឹកញាប់ទេ តែករណីខ្លះអាចគំរាមកំហែងដល់អាយុជីវិតស្ត្រីបាន។ ដូច្នេះរាល់ការសម្រាលទាំងអស់ ស្ត្រីគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីជ្រើសរើសការសម្រាលមួយដ៏សមស្រប និងមានសុវត្ថិភាពទាំងម្ដាយ និងកូន។
[embed-health-tool-due-date]