សរសៃហ្វាយប៊័ (Fiber) គឺជាសារធាតុដែលយើងតែងតែឮជាប្រចាំ និងមានសារៈប្រយោជន៍លើសលប់ដែលយើងមិនធ្លាប់បានដឹង។ សរសៃ Fiber គឺជាក្រុមប៉ូលីសាការ៉ាយ (polysaccharides) ដែលមិនងាយនឹងបំបែកក្នុងប្រព័ន្ធរំលាយអាហារបាន។ សរសៃ Fiber ជាច្រើន ត្រូវបានរាងកាយយើងយកមកប្រើក្រោយពេលមានបាក់តេរីច្រើនទៅធ្វើសកម្មភាពក្នុងពោះវៀនធំ។ តាមពិតទៅសរសៃ Fiber គឺជាប្រភេទសារធាតុចិញ្ចឹមពិសេសម្យ៉ាង ហើយក៏ជាប្រភេទសារធាតុគីមីដែលមានតួនាទីសំខាន់ក្នុងខ្លួនរបស់យើង។
១- តើអ្វីជាសរសៃ Fiber?
សរសៃ Fiber គឺជាចង្កោម ឬបណ្ដុំសរសៃដែលមានក្នុងរុក្ខជាតិ ហើយរាងកាយរបស់យើងមិនអាចរំលាយ ឬបឺតស្រូបវាបានឡើយ។ ដោយសារតែវាមិនអាចរលាយបាន ដូចនេះវាធ្វើដំណើរឆ្លងកាត់ប្រព័ន្ធរំលាយអាហារទាំងអស់ ទាំងពោះវៀនតូច ពោះវៀនធំ និងចេញមកក្រៅខ្លួនរបស់យើងវិញ។
យើងអាចរកប្រភេទសរសៃ Fiber បាននៅក្នុងផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ហើយយើងបានដឹងហើយថាវាក៏ជួយការពារកុំឲ្យមានបញ្ហាទល់លាមក។ លើសពីនេះទៀតនោះ អាហារដែលសម្បូរជាតិសរសៃ Fiber ជួយដល់សុខភាពរបស់យើងបានជាច្រើនទៀត មានដូចជា ជួយរក្សាទម្ងន់ដងខ្លួន កាត់បន្ថយអត្រាប្រឈមជាមួយជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាម និងបេះដូង។
២- តើសរសៃ Fiber មានប៉ុន្មានប្រភេទ?
ជាធម្មតាគេចែកFiber ចេញជាពីរក្រុម គឺក្រុមអាចរលាយ និងមិនអាចរលាយ។
ជាតិសរសៃ Fiber រលាយ
ជាតិសរសៃប្រភេទនេះគឺអាចរលាយក្នុងទឹកបាន និងមានសភាពដូចជាចាហ៊ួយ។ ជាតិសរសៃអាចជួយបញ្ចុះកម្រិតកូលេស្តេរ៉ូល និងជាតិស្ករក្នុងឈាម។ ជាតិសរសៃរលាយ ភាគច្រើនឃើញមាននៅក្នុងសណ្ដែកផៀ (Pea) សណ្ដែក ផ្លែប៉ោម ការ៉ុត គ្រាប់អូត (oats) ផ្លែឈើដែលមានរសជាតិជូរ (Citrus fruit) និងផ្លែឈើមួយចំនួនផ្សេងទៀត។
ជាតិសរសៃ (Fiber)មិនរលាយ
វាខុសគ្នាពីប្រភេទជាតិសរសៃខាងលើ។ ជាតិសរសៃមិនរលាយជួយសម្រួលចលនារបស់ប្រព័ន្ធរំលាយអាហារ និងសម្រួលដល់ការបន្ទោរបង់។ ជាតិសរសៃមិនរលាយច្រើនមានក្នុង គ្រាប់រុក្ខជាតិ ផ្កាខាត់ណា សណ្ដែក ដំឡូង ស្រូវសាឡី និងបន្លែជាច្រើនទៀត។ដើម្បីទទួលបានសុខភាពល្អ យើងគួរញ៉ាំអាហារមានជាតិសរសៃ Fiber ខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
- អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង
- មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន
- ហេតុផល ស្រ្តីមករដូវមិនគួរតមចំណីអាហារ
- កើតទឹកនោមផ្អែម ពិតជាមិនអាចញ៉ាំទឹកអំពៅ ឬទុរេន បានសោះឬ?
៣- តើសរសៃ Fiber ជួយអ្នកអ្វីខ្លះ?
ជួយសម្រួលដល់ការបន្ទោបង់
អាហារជាតិសរសៃ Fiber ធ្វើឲ្យលាមករបស់យើងមានទំហំធំ និងទន់។ ដុំលាមកទន់ងាយស្រួលជុះចេញមកក្រៅ ដូចនេះយើងនឹងមិនសូវមានបញ្ហាទល់លាមកឡើយ។ ក្នុងករណីដែលយើងរាករូស ជាតិសរសៃ Fiber នឹងជួយធ្វើឲ្យលាមកទៅជារឹង ដោយវានឹងទៅបឺតជាតិទឹក និងធ្វើឲ្យលាមកប្រែទៅជាដុំៗវិញ។
ជួយដល់សុខភាពពោះវៀន
ពេលយើងញ៉ាំអាហារមានជាតិសរសៃ Fiber ច្រើន យើងនឹងមិនងាយកើតជំងឺឬសដូងបាត និងអាចការពារមិនឲ្យមានប្រហោងតាមពោះវៀនធំទៀតផង។
គ្រប់គ្រងកូលេស្តេរ៉ូល
ជាតិសរសៃ Fiber ទៅជួយកាត់បន្ថយកម្រិតខ្លាញ់ LDL ដែលជាខ្លាញ់អាក្រក់ចេញពីក្នុងសរសៃឈាម នឹងជួយឲ្យកម្រិតកូលេស្តេរ៉ូលសរុបក្នុងឈាមថយចុះដែរ។ សរសៃ Fiber ដែលអាចរលាយបាន ក៏ជួយដល់សុខភាពរបស់បេះដូងបានដែរ។ ជាតិសរសៃនេះក៏ទៅជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយការរលាកដែរ។
កាត់បន្ថយជាតិស្ករក្នុងឈាម
អ្នកជំងឺទឹកនោមផ្អែម គួរទទួលទានសរសៃ Fiber ឲ្យបានច្រើន ជាពិសេសប្រភេទសរសៃ Fiber ដែលអាចរលាយ។ Fiber ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ ប្រសិនបើយើងមានរបបអាហារល្អត្រឹមត្រូវ ដែលមានជាតិសរសៃ Fiber មិនអាចរលាយបានក្នុងនោះ យើងនឹងមិនងាយប្រឈមជាមួយការកើតជំងឺទឹកនោមផ្អែមប្រភេទ២ នោះទេ។
ជួយរក្សាទម្ងន់ដងខ្លួន
ការទទួលទានជាតិសរសៃ Fiber គឺបានន័យថា យើងត្រូវចំណាយពេលយូរដើម្បីញ៉ាំអាហារ និងធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរជាងអាហារប្រភេទផ្សេង។ ដូចនេះជាតិសរសៃនឹងកាត់បន្ថយចំនួនកាឡូរីដែលយើងញ៉ាំប្រចាំថ្ងៃ ហើយវាក៏ជួយការពារយើងពីការកើតជំងឺមហារីកពោះវៀនធំបានថែមទៀតផង។
មនុស្សជាច្រើន មិនសូវចូលចិត្ដញ៉ាំអាហារសរសៃ Fiber ទេ។ ដូចនេះក្រោយបានអានអត្ថបទមួយនេះរួច សង្ឃឹមថាទាំងអស់គ្នា បែរមកទទួលទានអាហារមានជាតិសរសៃ Fiber ឲ្យបានច្រើនជាងមុន។
[embed-health-tool-bmr]