ស័ង្កសី គឺជាសារធាតុរ៉ែដែលមាននាទីជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ ជួយភ្នែក និងជួយបង្កើតប្រូតេអ៊ីនសម្រាប់សុខភាពឆ្អឹង សាច់ដុំ ជាលិកា និងឈាម។ តើមានរឿងអ្វីកើតឡើង ប្រសិនបើរាងកាយយើងខ្វះជាតិជាតិស័ង្កសី? អាហារអ្វីខ្លះសម្បូរជាតិជាតិស័ង្កសី? បើសិនជារាងកាយយើងខ្វះជាតិស័ង្កសី នោះអាចនឹងចេញរោគសញ្ញាមួយចំនួន។
១. មិនឃ្លានអាហារ
កង្វះស័ង្កសីអាចបណ្តាលឱ្យយើងមិនឃ្លានអាហារ ដោយសារស័ង្កសីគឺជាអង់ស៊ីមដែលគ្រប់គ្រងឃានវិញ្ញាណ និងជីវហាវិញ្ញាណរបស់យើង ធ្វើឱ្យយើងហិតមិនដឹងក្លិន ញុំាមិនដឹងឆ្ងាញ់ ឬសាបមាត់ជាដើម។
២. ពិបាកផ្ចង់អារម្មណ៍
តាមការសិក្សានៅសកលវិទ្យាល័យ Toronto បានឱ្យដឹងថា សារធាតុស័ង្កសីមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងណឺរ៉ូន (កោសិកាប្រសាទ)។ កង្វះស័ង្កសីអាចបណ្តាលឱ្យយើងពិបាកផ្ចង់អារម្មណ៍ និងភ្លេចភ្លាំង។
៣. ក្រជារបួស
ប្រសិនបើយើងមានរបួស ហើយក្រជាសះស្បើយក៏អាចជាសញ្ញាកង្វះស័ង្កសីដែរ ព្រោះស័ង្កសីជួយឱ្យឈាមឆាប់កក និងជួយដល់ដំណើរការជាលិកាស្បែកក្នុងការជួសជុលខ្លួនឯង។
៤. ឈឺញឹកញាប់ ឬផ្តាសាយយូរ
ប្រព័ន្ធភាពស៊ាំរបស់យើងត្រូវការស័ង្កសីដើម្បីដំណើរការ។ ស័ង្កសីជួយកោសិកា T-Cell ក្នុងការសម្លាប់បាក់តេរី វីរុស និងកោសិកាមហារីក។ ប្រសិនបើយើងខ្វះស័ង្កសី រាងកាយយើងនឹងចុះខ្សោយ ហើយងាយនឹងឈឺណាស់។
៥. ជ្រុះសក់
ស័ង្កសីមាននាទីធ្វើឱ្យអ័រម៉ូនយើងមានតុល្យភាព ដែលមានន័យថា បើរាងកាយយើងខ្វះស័ង្កសី ក្រពេញទីរ៉ូអ៊ីតបញ្ចេញអ័រម៉ូនមិនគ្រប់គ្រាន់ដែលជាហេតុធ្វើឱ្យយើងជ្រុះសក់។
៦. កើតមុន
ស័ង្កសីជាសារធាតុធម្មជាតិដែលអាចជួយកាត់បន្ថយការផលិតជាតិខ្លាញ់របស់កោសិកាស្បែក។ នៅពេលរាងកាយយើងខ្វះស័ង្កសី ស្បែករបស់យើងនឹងផលិតជាតិខ្លាញ់ច្រើនដែលធ្វើឱ្យរន្ធញើសយើងស្ទះ និងឡើងមុន។
៧. មើលមិនច្បាស់
កង្វះស័ង្កសីធ្វើឱ្យយើងមើលមិនច្បាស់ ដោយសារស័ង្កសីជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភ្នែកពីការចុះខ្សោយដោយសារមានអាយុច្រើន។ មិនតែប៉ុណ្ណោះ ស័ង្កសីជួយឱ្យថ្លើមសំយោគវីតាមីន A ដែលជាសារធាតុល្អចំពោះសុខភាពភ្នែក។
៨. ឆាប់ប្រែប្រួលអារម្មណ៍
កង្វះស័ង្កសីអាចធ្វើឱ្យអារម្មណ៍យើងឆាប់ប្រែប្រួលដូចជា ឆាប់ខឹង ឆាប់រំជួលចិត្ត ធ្លាក់ទឹកចិត្ត ឬខ្វះជំនឿចិត្តជាដើម ដោយសារស័ង្កសីអាចធ្វើឱ្យអារម្មណ៍យើងស្ងប់។
ស័ង្កសីសម្បូរនៅក្នុងអាហារដូចជា អយស្ទ័រ សាច់គោ សាច់មាន់ បង្កង ក្តាម ខ្យង គ្រាប់ផ្លែឈើដូចជា គ្រាប់ស្វាយចន្ទី អាល់ម៉ុនជាដើម។ ទឹកដោះគោ ឈីស និងទឹកដោះគោជូរ សណ្តែកហោឡាំងតៅ ស្រូវសាលីអូត បន្លែស្លឹកបៃតង គ្រាប់ល្ពៅ ល្ង ដំឡូង និងសូកូឡាខ្មៅ ជាដើម ក៏សម្បូរស័ង្កសីដែរ។
[embed-health-tool-bmr]