មួយរយៈចុងក្រោយនេះមានការនិយមទទួលទានទឹកបន្លែផ្លែឈើកៀប ដើម្បីសុខភាព និងសម្រស់ ព្រោះកៀបពីបន្លែផ្លែឈើស្រស់ និងមិនមានបន្លែមស្ករ។ ប៉ុន្តែថ្មីៗមានការចែកចាយលើបណ្តាយសង្គមថា មានបងស្រីម្នាក់ព្រោះតែចង់ស្រកទម្ងន់ និងចង់បានស្បែកស្អាតផង គាត់ក៏បានញុាំទឹកបន្លែផ្លែឈើកិនយកតែទឹករាល់ព្រឹកខណៈពោះទទេររយៈពេល៣ខែ ជាតិស្ករក្នុងឈាមឡើងដល់ជាង៣០០មិល្លីក្រាម/ដេស៊ីលីត្រ។ តើការញុាំទឹកបន្លែផ្លែឈើកៀបពិតជាបណ្តាលឱ្យឡើងជាតិស្ករក្នុង ឈាមដែរឬទេ?
ការញុាំទឹកបន្លែផ្លែឈើកៀបពិតជាបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម មែន ដោយសារទឹកបន្លែផ្លែឈើកៀបមិនមានជាតិសរសៃ ព្រោះពេលយើងកៀបទឹកបន្លែផ្លែឈើ យើងកៀបយកតែទឹក ហើយយើងចោល កាកដែលជាសាច់បន្លែ និងផ្លែឈើ។ កាកដែលយើងបោះចោលហ្នឹងគឺជាជាតិសរសៃរបស់បន្លែ និងផ្លែឈើ។
បន្លែផ្លែឈើមានផ្ទុកជាតិស្ករធម្មជាតិ ជាពិសេសផ្លែឈើ ព្រោះមានជាតិស្ករធម្មជាតិច្រើន។ សម្រាប់មនុស្សភាគច្រើន ការញុាំបន្លែផ្លែឈើមិនបង្កឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ដូចការញុាំស្ករចម្រាញ់ (ស្ករស) ទេ។ នោះក៏ព្រោះតែជាតិស្ករក្នុងបន្លែផ្លែឈើទាំងអស់មានជាតិសរសៃ។
ពេលយើងញុាំទឹកបន្លែផ្លែឈើកៀប រាងកាយយើងរំលាយ និងបំប្លែងទឹកបន្លែផ្លែឈើកៀបទៅជាជាតិស្ករក្នុងឈាមលឿនជាងបន្លែផ្លែឈើ ពោលគឺដូចស្ករចម្រាញ់អ៉ីចឹង និងបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ ដោយសារទឹកបន្លែផ្លែឈើកៀបគ្មានផ្ទុកជាតិសរសៃ ឬមានជាតិសរសៃតិចតួច។ ជាតិសរសៃជួយបន្ថយល្បឿនចរន្តឈាមស្រូបយកជាតិស្ករ ព្រោះរាងកាយយើងមិនអាចស្រូប និងរំលាយជាតិសរសៃបាន ទេ។ នេះមានន័យថា ជាតិសរសៃជួយគ្រប់គ្រងជាតិស្ករក្នុងឈាម មិនបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាមខ្ពស់ដូចការញុាំអាហារមានផ្ទុកកាបូ អ៉ីដ្រាតដែលគ្មានជាតិសរសៃដូចជា បាយស នំប័ុង មី។ល។
លើសពីនេះ ដោយសាររាងកាយយើងមិនអាចរំលាយជាតិសរសៃ ដូច្នេះជាតិសរសៃធ្វើដំណើរយឺតៗឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ដែលជាហេតុ ជួយឱ្យយើងឆ្អែតបានយូរ។ នៅពេលយើងញុាំទឹកបន្លែផ្លែឈើកៀប ដែលគ្មានជាតិសរសៃ យើងនឹងឆាប់ឃ្លានដែលជាហេតុបណ្តាលឱ្យយើង ញុាំច្រើនលើសតម្រូវការ។ នៅពេលយើងញុាំច្រើនលើសតម្រូវការ រាងកាយយើងនឹងបំប្លែងកាឡូរីដែលលើសទៅជាខ្លាញ់ ហើយរក្សាទុកក្នុងខ្លួន និងបណ្តាលឱ្យយើងឡើងគីឡូ។ កាលណាយើងឡើងទម្ងន់កាន់តែច្រើន រាងកាយយើងនឹងសុាំនឹងអាំងស៊ុយលីន។ ជាលទ្ធផល កម្រិតជាតិស្ករក្នុងឈាមយើងអាចកើនឡើង។
មួយវិញទៀត បើក្នុងទឹកបន្លែផ្លែឈើកៀបមានផ្លែឈើច្រើនជាងបន្លែ ឬមានផ្លែឈើជាមួយបន្លែដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ដូចជា មើមយេន និងការ៉ុតជាដើមទៀត នោះជាតិស្ករក្នុងទឹកបន្លែផ្លែឈើមានកាន់តែច្រើន ដូចទឹកស្ករអ៊ីចឹង។
ទោះជាការញុាំទឹកបន្លែផ្លែឈើកៀបល្អជាងទឹកបន្លែផ្លែឈើកំប៉ុង តែមិនល្អដូចការញុាំបន្លែផ្លែឈើទេ។ បើយើងចង់ញុាំទឹកបន្លែផ្លែឈើ យើងគួរដាក់បន្លែច្រើនជាងផ្លែឈើមួយភាគ និងដាក់បន្លែដែលមានសន្ទស្សន៍ជាតិស្ករទាបដូចជាបន្លែបៃតងឱ្យច្រើន និងយកបន្លែផ្លែឈើទៅក្រឡុកក្នុងម៉ាស៊ីនទឹកក្រឡុកវិញ ព្រោះយើងអាចញុាំបានទាំងជាតិសរសៃ ដែលជួយឱ្យយើងឆាប់ឆ្អែត ញុាំមិនបានច្រើនច្រើន និងជួយបន្ថយល្បឿនចរន្តឈាមស្រូបយកជាតិស្ករ។
អត្ថបទគួរអាន៖
- ចូលចិត្តញ៉ាំទឹកផ្លែឈើសម្រករាង អាចប្រឈមបញ្ហាធ្មេញ
- ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?
- អាហារប៉ុន្មានប្រភេទនេះមានជាតិស្ករខ្ពស់ យកល្អកុំញ៉ាំច្រើនពេក
- បណ្តោយឲ្យកូនញ៉ាំរបស់ ៣ មុខនេះ អាចកើតទឹកនោមផ្អែមដោយមិនដឹងខ្លួន
- ញ៉ាំរាល់ថ្ងៃ តិចដឹងថាភេសជ្ជៈផ្អែមៗ មានជាតិស្ករដ៏ច្រើនលើសលុប
- ទាំងនេះជាប្រភេទអាហារមានជាតិស្ករទាប ល្អសចំពោះសុខភាព
ចំណុចសំខាន់
- ការញុាំទឹកបន្លែផ្លែឈើកៀបពិតជាបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាមមែន ដោយសារទឹកបន្លែផ្លែឈើកៀបមិនមានជាតិសរសៃ។
- នៅពេលគ្មានជាតិសរសៃ រាងកាយយើងរំលាយ និងបំប្លែងជាតិស្ករក្នុងទឹកបន្លែផ្លែឈើកៀបទៅជាជាតិស្ករក្នុងឈាមលឿនដូចស្ករចម្រាញ់អ៊ីចឹង។
- ជាតិសរសៃជួយបន្ថយល្បឿនចរន្តឈាមស្រូបយកជាតិស្ករ ព្រោះរាងកាយយើងមិនអាចស្រូប និងរំលាយជាតិសរសៃបានទេ។
[embed-health-tool-bmr]