ភេសជ្ជៈប៉ុន្មានមុខនេះល្អសម្រាប់ផឹក ក្រោយពេលហាត់ប្រាណរួច
ក្រោយពីហាត់ប្រាណហើយយើងអាចនឹងអស់កម្លាំង និងបាត់បង់ជាតិទឹក ហេតុនេះហើយការបន្ថែមថាមពលដល់រាងកាយក្រោយពីហាត់ប្រាណហើយ គឺមានសារៈសំខាន់ណាស់ ជាពិសេសក្នុងចន្លោះ៣០នាទីទៅពីរម៉ោងក្រោយហាត់ប្រាណរួច។ វិធីដែលងាយស្រួលគឺភេសជ្ជៈដែលមានប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ហើយអ្នកជំនាញបានណែនាំភេសជ្ជៈប៉ុន្មានមុខនេះ។ ១. ទឹកដោះគោសូកូឡា ទឹកដោះគោសូកូឡាគឺជាជម្រើសភេសជ្ជៈ ដ៏ល្អក្រោយពេលហាត់ប្រាណ ព្រោះទឹកដោះគោសូកូឡាមានប្រូតេអ៊ីន និងកាបូអ៊ីដ្រាតច្រើន។ ទឹកដោះគោសូកូឡាមានជាតិខ្លាញ់តិចមួយកែវផ្តល់ប្រូតេអ៊ីនប្រហែល៨ក្រាម។ ប្រូតេអ៊ីន និងកាបូអ៊ីដ្រាតសុទ្ធតែសំខាន់ក្នុងការជួយបំពេញថាមពល និងជួយឲ្យសាច់ដុំត្រលប់មកសភាពដើមវិញលឿន។ ទឹកដោះគោសូកូឡាក៏ផ្តល់សារធាតុចិញ្ចឹមផ្សេងទៀតដូចជាកាល់ស្យូម ប៉ូតាស្យូម សូដ្យូម និងម៉ាញេស្យូមដែលយើងបាត់បង់តាមរយៈការបែកញើស។ ២. ម្សៅប្រូតេអ៊ីន (Protein Shake) ម្សៅប្រូតេអ៊ីនមានអ្វីគ្រប់យ៉ាងដែលរាងកាយត្រូវការក្រោយពីហាត់ប្រាណរួច។ ប៉ុន្តែអ្នកជំនាញបានណែនាំថាគួរជ្រើសរើសម្សៅប្រូតេអ៊ីនដែលមានប្រូតេអ៊ីន កាបូអ៊ីដ្រាត និងជាតិខ្លាញ់។ ប្រូតេអ៊ីនគឺជួយដល់ការជាសះស្បើយរបស់សាច់ដុំ។ សម្រាប់ការជាសះស្បើយរបស់សាច់ដុំ យកល្អគួរញ៉ាំប្រូតេអ៊ីនឲ្យបាន២០-៣០ក្រាម។ ៣. ទឹកក្រូចស្រស់ ទឹកក្រូចស្រស់ក៏ជាជម្រើសភេសជ្ជៈល្អសម្រាប់ក្រោយពេលហាត់ប្រាណដែរ។ គ្នាយើងមួយចំនួនអាចនឹងមិនដឹងពីសារធាតុចិញ្ចឹមដែលមានក្នុងទឹកក្រូចស្រស់។ ក្នុងទឹកក្រូចស្រស់មានវីតាមីន C និងប៉ូតាស្យូមដែលយើងបាត់បង់ពេលបែកញើស។ ម៉្យាងទៀត ទឹកក្រូចស្រស់ក៏មានផ្ទុកកាបូអ៊ីដ្រាតងាយរំលាយដែរ។ ៤. ទឹកដូង ទឹកដូងមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ នៅមានផ្ទុកអេឡិចត្រូលីតដូចជាម៉ាញេស្យូម និងប៉ូតាស្យូមទៀតផង។ ទោះបីជាទឹកដូងមានជាតិសូដ្យូមទាប និងមិនមែនជាជម្រើសដែលល្អបំផុតសម្រាប់អ្នកហាត់ប្រាណខ្លាំងៗក៏ដោយ ប៉ុន្តែទឹកដូងក៏អាចជួយបំពេញជាតិទឹកបាន។ ហេតុនេះហើយទឹកដូងគឺជាភេសជ្ជៈល្អមួយសម្រាប់អ្នកហាត់ប្រាណប្រើកម្លាំងតិចៗ។ ៥. ទឹក ទឹកគឺសំខាន់ណាស់មិនថាមុន ឬអំឡុងពេល ឬក្រោយពេលហាត់ប្រាណទេ ព្រោះអាចការពារមិនឲ្យរាងកាយបាត់បង់ជាតិទឹកបាន។ ទឹកធម្មតាមានផ្ទុកអេឡិចត្រូលីតក្នុងបរិមាណតិច ដូចនេះហើយក្រោយពីហាត់ប្រាណខ្លាំងៗ យើងអាចជ្រើសរើសទឹករ៉ែជំនួសបាន ព្រោះទឹករ៉ែមានផ្ទុកអេឡិចត្រូលីតច្រើនជាងទឹកធម្មតា។ យ៉ាងណាមិញ ក្រៅពីត្រូវការអេឡិចត្រូលីត យើងក៏ត្រូវការប្រូតេអ៊ីន និងកាបូអ៊ីដ្រាតដើម្បីជួយដល់ការជួសជុលសាច់ដុំដូចគ្នា។