គ្រាន់គិតដល់សត្វចិញ្ចឹមភ្លាម គ្នាយើងប្រាកដជាស្រមៃដល់ឆ្កែ ឬឆ្មារបស់យើងកំពុងរង់ចាំនៅផ្ទះមិនខាន មនោសញ្ចេតនាពិតជាជ្រាលជ្រៅហើយ ពិសេសភាពស្មោះត្រង់របស់ពួកវា។ ប៉ុន្តែស្រលាញ់ក៏ស្រលាញ់ចុះ គួរចេះការពារខ្លួនផង ពិសេសបើមានអាអូនតូចៗ អាចឆ្លងរោគកាចសាហាវពីសត្វចិញ្ចឹមទាំងនោះគ្រប់ពេល។ ជំងឺសត្វចិញ្ចឹមអាចចម្លងដល់យើង ត្រូវឲ្យឈ្មោះជាភាសាបច្ចេកទេស Zoonotic illness សំដៅលើជំងឺគ្រប់យ៉ាង ចម្លងពីសត្វមកលើមនុស្ស។ “Hello គ្រូពេទ្យ” នឹងលើកយកជំងឺឧស្សាហ៍ជួបប្រទះមួយចំនួនមកបបង្ហាញគ្នាយើងបានដឹង ដើម្បីស្វែងយល់និងការពារខ្លួន។
១- ជំងឺឆ្កែឆ្កួត
ជំងឺឆ្កែឆ្កួត បង្ករោគដោយវីរុសរាតត្បាតតាមរយៈការខាំ ឬខ្វាចក្រញៅ។ មេរោគនឹងទៅវាយប្រហារប្រព័ន្ធប្រសាទ អាចបណ្តាលឲ្យស្លាប់ សឹងគ្រប់ករណីទាំងអស់។ រោគសញ្ញាដំបូងនៃជំងឺឆ្កែឆ្កួត គឺគ្រុនក្តៅ ឬឈឺក្បាល ហើយអាចកាន់វិវត្តតែខ្លាំងឡើងយ៉ាងរហ័ស ទៅជាប្រកាច់ ងងុយ និងឡេះឡះនៅមិនសុខ។
ជំងឺឆ្កែឆ្កួត មិនសំដៅលើការឆ្លងពីសត្វឆ្កែតែមួយនោះទេ នៅអាចមានសត្វផ្សេងទៀតកើតជំងឺនេះ និងអាចឆ្លងមកលើមនុស្សយើង មានដូចជា ស្វា ជ្រូក គោ ឆ្មា និងសត្វមួយចំនួនទៀត ហើយជាទូទៅ រោគសញ្ញតែងលេចឡើងអំឡុង ១-៣ ខែក្រោយត្រូវឆ្កែ ឬសត្វមានឆ្លងមេរោគខាំ ឬក្រញៅ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បោះពុម្ភដោយអង្គការ Sipar ចេញផ្សាយអំឡុងខែកញ្ញា ឆ្នាំ២០១៧ ក្នុងមួយឆ្នាំៗ ពលរដ្ឋខ្មែរយ៉ាងហោចណាស់ ៨០០នាក់ ស្លាប់ដោយសារជំងឺឆ្កែឆ្កួត រាប់បញ្ចូលទាំងកុមារ និងមនុស្សពេញវ័យ។
២- ជំងឺ Toxoplasmosis
ជំងឺ Toxoplasmosis បង្កឡើងដោយប៉ារ៉ាស៊ីតមួយប្រភេទ ឈ្មោះ Toxoplasma gondii។ ស្ថានភាពនេះ ពេលខ្លះអាចនឹងបង្កឲ្យមានរោគសញ្ញាដូចគ្រុនផ្តាសាយ។
Toxoplasmosis ឆ្លងក្នុងអំឡុងពេលមានគភ៌ អាចនឹងនាំឲ្យរលូតកូន ឬភាពខូចទ្រង់ទ្រាយកូនពីកំណើត និងធ្ងន់ធ្ងរថែមទៀតផង។ គ្នាយើងជារឿយៗ ឆ្លងជំងឺ Toxoplasmosis ពីការញ៉ាំសាច់ ចម្អិនមិនឆ្អិនល្អ ឬការប៉ះពាល់ជាមួយលាមកសត្វ។ ជាញឹកញាប់ មនុស្សភាគច្រើនឆ្លងជំងឺនេះ ពីលាមកឆ្មា ដែលមានប្រឡាក់ប្រឡូកដោយមេរោគ។ ដើម្បីការពារពីករណីឆ្លងជំងឺនេះ ត្រូវផ្លាស់ប្តូរប្រអប់ដាក់លាមកឆ្មារាល់ថ្ងៃ ឬសម្អាតកន្លែងមានដែលឆ្មាជុះឲ្យត្រឹមត្រូវ បែបនេះលាមកមិនប្រែក្លាយជាបង្ករោគបានឡើង។
៣- ជំងឺបណ្តាលមកពីឆ្មាក្រញៅ (Bartonellosis)
ជំងឺ Bartonellosis ចម្លងក្រោយត្រូវសត្វឆ្មាក្រញៅ (ឆ្មាមានផ្ទុកមេរោគបង្កដោយពពួកចៃឆ្មា)។ គ្នាយើងអាចនឹងរងបង្ករោគគ្រប់ពេល ប្រសិនសត្វឆ្មាមានជំងឺនេះក្រញៅ ឬខាំ។ ករណីស្រាលៗ ជំងឺ Bartonellosis អាចធ្វើឲ្យយើងលេចចេញរោគសញ្ញាដូចគ្រុនផ្តាសាយ តែស្ថានភាពអាចវិវត្តទៅជាជាធ្ងន់ធ្ងរផងដែរ ឈានដល់ខូចប្រឹសបេះដូងតែម្តង។
៤- ព្រូនទំពក់ និងព្រូនមូល
ព្រូនទំពក់ និងព្រូនមូល ត្រូវបានរកឃើញញឹកញាប់នៅក្នុងសត្វឆ្កែ និងឆ្មា។ ពងព្រូននៅក្នុងលាមកសត្វចិញ្ចឹម អាចផ្ទេរទៅកាន់កន្លែងដទៃទៀតបាន អាចធ្វើឲ្យប្រឡាក់ប្រឡូកជាប់ជាមួយអាហារ។ បើយើងញ៉ាំអាហារកខ្វក់ទាំងនោះ ពងព្រូននោះនឹងញាស់នៅក្នុងពោះវៀនតូច បន្ទាប់មកផ្លាស់ទីទៅកាន់សរីរាង្គដទៃផ្សេងទៀត។
ករណីផ្សេងទៀត ពងព្រូនអាចឆ្លងចូលតាមស្បែកមានដាច់រហែក ហើយដោយសារព្រូនអស់ទាំងនេះបានកើត និងរស់នៅក្នុងសត្វឆ្កែ ឆ្មា ពួកវាក៏អាចចូលនៅក្នុងរាងកាយមនុស្សបានដូចគ្នា បង្កឲ្យមានស្ថានភាពជំងឺមួយ គេហៅថាជំងឺកូនព្រូនចូលលុកលុយសរីរាង្គខាងក្នុង។
ព្រូនទាំងនោះ អាចចូលក្នុងភ្នែកបណ្តាលឲ្យមានការរលាក និងខ្វាក់ភ្នែកតែម្តង។ កូនព្រូន អាចចូលក្នុងថ្លើមបណ្តាលឲ្យ គ្រុនរងា គ្រុនក្តៅ អស់កម្លាំង និងកើនចំនួនគ្រាប់ឈាមសផងដែរ។
៥- ជំងឺមិនអាចឆ្លងពីសត្វចិញ្ចឹម
មានជំងឺជាច្រើនដែលសត្វចិញ្ចឹមអាចឆ្លងបាន (ឆ្លងពីសត្វទៅសត្វ) ហើយស្រដៀងទៅនឹងជំងឺរបស់មនុស្ស ជាហេតុធ្វើឲ្យយើងកាន់តែបារម្ភខ្លាំង ដោយជំងឺទាំងនោះមានដូចជា៖
– មហារីកគ្រាប់ឈាមសរបស់ឆ្មា
– ផ្តាសាយធំរបស់ឆ្កែ
– រើមលើឆ្មា។
បើទោះជំងឺខាងលើ អាចស្តាប់ទៅស្រដៀងខ្លាំងទៅនឹងជំងឺមនុស្សក្ដី ប៉ុន្តែកុំបារម្ភអី ព្រោះជំងឺនេះមិនអាចចម្លងពីសត្វចិញ្ចឹម មកលើមនុស្សបានឡើយ។
[embed-health-tool-bmi]