ជាតិគីមីក្នុងបន្លែផ្លែឈើ ឬចំណីអាហារផ្សេងៗពិតជាពិបាកសម្គាល់ដោយភ្នែកទទេខ្លាំងណាស់។ បើតាមអ្នកឯកទេសកសិកម្ម លោក ភុន រតនា ដែលមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យនេះ អះអាងថា បន្លែផ្លែឈើដែលលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះមានផ្ទុកសារធាតុគីមីដល់ទៅ ៤ ប្រភេទចម្បងៗ។
១- ប្រភេទសារធាតុគីមីលើបន្លែផ្លែឈើ
ថ្នាំកម្ចាត់សត្វល្អិត៖ ជាក្រុមដែលកសិករពេញនិយមប្រើជាងគេ ថ្នាំកម្ចាត់សត្វល្អិតមានសមាសធាតុជាតិគីមីពុលជាង ១ពាន់មុខ ដោយឡែកនៅស្រុកខ្មែរកសិករប្រើពី ៣-៤ មុខប៉ុណ្ណោះ។ ការបាញ់ថ្នាំកម្ចាត់សត្វល្អិត ជួយឲ្យបន្លែបានផលច្រើន មិនចាំបាច់ចំណាយពេលថែទាំដិតដល់។
ថ្នាំព្យាបាលជំងឺ៖សម្រាប់ព្យាបាលជំងឺផ្សិត បាក់តេរី វីរុសមួយចំនួន លើពិសេសដំណាំហូបផ្លែដែលមានជំងឺដង្កូវដួងស៊ីនៅលើដើម ឬផ្លែ។
ថ្នាំរក្សាគុណភាព៖ បាញ់ដើម្បីកុំឲ្យបន្លែបំភាយចំហាយទឹក។ នៅក្នុងបរិយាកាសធម្មតា រុក្ខជាតិត្រូវការបំភាយចំហាយទឹកដើម្បីខ្លួនត្រជាក់ ដូច្នេះពេលយើងប្រមូលផលហើយ បន្លែនឹងឆាប់ស្វិតស្រពោន ដោយសារអស់ជាតិទឹកក្នុងខ្លួន ឆាប់ស្រាលគីឡូ។ ដូច្នេះការដឹកជញ្ជូនផ្លូវឆ្ងាយ ពិសេសការនាំចូលពីបរទេស ឈ្មួញចាំបាច់ត្រូវតែប្រើថ្នាំរក្សាគុណភាព ដើម្បីកុំឲ្យបន្លែឆាប់ខូច ដោយមិនចាំបាច់ប្រើវិធីទម្លាក់សីតុណ្ហភាព (ទុកទូរទឹកកក)។
ថ្នាំរក្សាពណ៌៖ ថ្នាំប្រភេទនេះធ្វើឲ្យបន្លែនៅស ស្រស់ល្អ មិនប្រែពណ៌ មិនខ្មៅ មើលទៅគួរឲ្យចង់ញ៉ាំ។ ថ្នាំរក្សាពណ៌ពេញនិយមចំពោះបន្លែ ដូចជាត្រយូងចេក-ដើមចេកហាន់ គ្រឿងបុក ខ្ញីហាន់ សណ្តែកបណ្តុះជាដើម។
២- ផលប៉ះពាល់ចំពោះសុខភាព
ក្នុងចំណោមជាតិគីមីទាំង ៤ ប្រភេទខាងលើនេះ មានតែថ្នាំរក្សាពណ៌ទេ ដែលយើងងាយមើល និងសម្គាល់ដោយភ្នែកទទេជាងគេ ចំណែកឯផលប៉ះពាល់នៃការញ៉ាំបន្លែគីមីវិញ មានរយៈពេលខ្លី និងវែង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកឯកទេសកសិកម្ម លោក ភុន រតនា។
ផលប៉ះពាល់ភ្លាមៗ៖ អ្នកញ៉ាំអាច ពុល ក្អួតចង្អោរ រាករូស ថប់ដង្ហើម សន្លប់ ឬឈានដល់ស្លាប់។
ផលប៉ះពាល់រយៈយូរ៖ មានបញ្ហាក្រពះ ពោះវៀន ថ្លើម ។ ល។ ពោះវៀនមានបាក់តេរីល្អ ថ្នាំគីមីជាថ្នាំប្រឆាំងទៅនឹងពពួកបាក់តេរី កាលណាយើងញ៉ាំបន្លែគីមីចូលទៅវានឹងទៅបំផ្លាញ បាក់តេរីល្អ បង្កជាជំងឺមហារីកជាដើម។ ចំណែកឯថ្លើមវិញមានមុខងារបន្សាបជាតិពុល កាលណាថ្លើមបន្សាបជាតិពុលមិនបានល្អនោះធ្វើឲ្យប៉ះពាល់ និងអាចឈានទៅដល់ការខូចថ្លើមជាដើម។
៣- វិធីបង្ការ
ភ្នែកទទេមិនអាចសម្គាល់បន្លែផ្លែឈើដែលមានជាតិគីមីបានទេ មានតែការពិសោធដោយម៉ាស៊ីនប៉ុណ្ណោះទើបច្បាស់ ១០០%។ ដូច្នេះដើម្បីឲ្យការញ៉ាំបន្លែមានសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចំពោះសុខភាពបានមួយចំណែក យើងត្រូវ៖
– លាងសម្អាតបន្លែផ្លែឈើឲ្យបានស្អាត
– ត្រាំទឹកឲ្យបានយូរ មុនញ៉ាំ ឬចម្អិន
– មិនត្រូវញ៉ាំបន្លែឆៅ បើសង្ស័យថាមានគីមី
– ចម្អិនបន្លែឲ្យបានឆ្អិនល្អ។
[embed-health-tool-bmi]