ជំងឺបេះដូង ជាជំងឺដ៏កាចសាហាវមួយ និងបានសម្លាប់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែការផ្លាស់ប្ដូរបែបបទរស់នៅ និងរបបអាហារ ពិតជាអាចការពារខ្លួនយើងពីជំងឺនេះបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាមិញ ការស្វែងយល់ពីសញ្ញាមួយចំនួន ដែលបង្ហាញពីការស្ទះសរសៃឈាម អាចឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ និងដោះស្រាយបញ្ហានេះបានទាន់ពេលវេលា។ ខាងក្រោមនេះជារោគសញ្ញាស្ទះសរសៃឈាមចំនួន៤ ដែលអ្នកគួរយកចិត្តទុកដាក់ និងព្យាបាលឲ្យបានទាន់ពេលវេលា។
១. លិង្គមិនឡើងរឹង
ចំពោះបុរស បញ្ហាលិង្គមិនឡើងរឹងអាចជាសញ្ញានៃការស្ទះសរសៃឈាមនៅក្នុងឆ្អឹងអាងត្រគាក ដែលកើតឡើងមុនពេលឈានដល់អាការៈគាំងបេះដូង។ ជាមធ្យម វាមានរយៈពេលពី៣ទៅ៥ឆ្នាំនៅពេលចាប់ផ្ដើមជួបប្រទះបញ្ហាលិង្គមិនឡើងរឹង មុនពេលកើតមានជំងឺសរសៃឈាមបេះដូង។ ដូចនេះ យើងមានពេលវេលាគ្រប់គ្រាន់ក្នុងការកំណត់ពីស្ថានភាពជំងឺ និងស្វែងរកការព្យាបាលដ៏សមស្រប។
២. ទំពែក
ការសិក្សាមួយបានបង្ហាញថា បញ្ហាក្បាលទំពែកអាចសន្មតពីវត្តមានរបស់ជំងឺសរសៃឈាមបេះដូង នៅគ្រប់វ័យទាំងអស់។ បន្ថែមពីនេះ អ្នកដែលមានក្បាលទំពែកកម្រិតមធ្យមដល់ធ្ងន់ធ្ងរ មានហានិភ័យកាន់តែខ្ពស់នៃការស្លាប់ពីជំងឺបេះដូង។
៣. ឈឺកំភួនជើងពេលដើរ
ជំងឺក្រិនសរសៃឈាមបេះដូង អាចបង្កជាការរាំងស្ទះដល់សរសៃឈាមជើង ជាហេតុធ្វើឲ្យយើងមានការឈឺចាប់នៅត្រង់កំភួនជើងនៅពេលដើរ។ អាការៈនេះកើតឡើងជាពិសេស ចំពោះអ្នកជក់បារី។ ប្រសិនបើយើងគ្នាយើងមានរោគសញ្ញានេះ គប្បីធ្វើរោគវិនិច្ឆ័យភ្លាមៗ ដើម្បីបញ្ចៀសហានិភ័យធ្ងន់ធ្ងរ។
៤. រឹងថ្គាម
ជាមួយគ្នានេះដែរ រឹងថ្គាមអាចជារោគសញ្ញាមួយនៃការស្ទះសរសៃឈាម ដែលកើតឡើងជាញឹកញាប់ចំពោះស្ត្រី។ ជាក់ស្ដែង ការឈឺចាប់នៅត្រង់ថ្គាម និងក គឺជារោគសញ្ញាទូទៅនៃជំងឺខ្វះឈាមទៅចិញ្ចឹមបេះដូង។ វាកើតឡើងដោយសារតែសរសៃប្រសាទ vagus (ជាសរសៃប្រសាទសំខាន់ដែលបញ្ជូនសញ្ញាឈឺចាប់ពីបេះដូង) មានទំនាក់ទំនងជាប់លាប់ជាមួយនឹងក ថ្គាម ក្បាល និងដៃឆ្វេង។
ក្នុងករណីនេះ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីកំណត់ពីមូលហេតុច្បាស់លាស់នៃអាការៈរឹងថ្គាមនេះ ថាតើវាគ្រាន់តែជាបញ្ហាតូចតាច ដូចជាការសង្កៀតធ្មេញ ឬក៏ជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ។
[embed-health-tool-heart-rate]