បេះដូងជាសរីរាង្គសំខាន់មួយនៃប្រព័ន្ធសរសៃឈាមបេះដូង ដែលច្របាច់ឈាមទៅចិញ្ចឹមពាសពេញរាងកាយ។ សរីរាង្គមួយនេះ ដំណើរការជាមួយប្រព័ន្ធរាងកាយផ្សេងទៀត ដើម្បីគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម។ ប្រវត្តិគ្រួសារ ប្រវត្តិសុខភាពផ្ទាល់ខ្លួន និងបែបបទរស់នៅ សុទ្ធតែអាចជះឥទ្ធិពលដល់ដំណើរការបេះដូង។
បេះដូងជាអ្វី?
បេះដូងរបស់យើងមានផ្នែកសំខាន់ៗចំនួន៤ថត ដែលបង្កើតឡើងពីសាច់ដុំ និងដំណើរការដោយចរន្តអគ្គិសនី ហើយខួរក្បាល និងប្រព័ន្ធប្រសាទដឹកនាំមុខងាររបស់បេះដូង។
មុខងារបេះដូងមានអ្វីខ្លះ?
មុខងារសំខាន់របស់បេះដូង គឺច្របាច់ឈាមទៅចិញ្ចឹមពាសពេញរាងកាយ និង
- គ្រប់គ្រងចង្វាក់ និងល្បឿននៃចង្វាក់បេះដូង
- រក្សាសម្ពាធឈាម។
បេះដូងយើងដំណើរការជាមួយនឹងសរីរាង្គផ្សេងទៀតយ៉ាងដូចម្ដេច?
បេះដូងដំណើរការជាមួយប្រព័ន្ធរាងកាយផ្សេងទៀត ដើម្បីគ្រប់គ្រងចង្វាក់បេះដូង និងមុខងាររាងកាយដទៃទៀត។ ប្រព័ន្ធសំខាន់ៗមានដូចជា៖
- ប្រព័ន្ធប្រសាទ៖ ប្រព័ន្ធប្រសាទជួយគ្រប់គ្រងចង្វាក់បេះដូង ដោយបញ្ជូនសញ្ញាទៅកាន់បេះដូងឲ្យលោតយឺតអំឡុងពេលសម្រាក និងលោតញាប់នៅពេលស្រ្តេស។
- ប្រព័ន្ធអង់ដូគ្រីន៖ ប្រព័ន្ធអង់ដូគ្រីនបញ្ចេញអ័រម៉ូន ហើយអ័រម៉ូនទាំងនេះ នឹងបញ្ជូនសញ្ញាឲ្យសរសៃឈាមរបស់យើងរួមតូច ឬសម្រាក។ ចំណែកអ័រម៉ូនពីក្រពេញទីរ៉ូអ៊ីតអាចបញ្ជាឲ្យបេះដូងលោតលឿន ឬយឺតជាងមុនបានផងដែរ។
[embed-health-tool-heart-rate]
បេះដូងរបស់យើងស្ថិតនៅកន្លែងណា?
បេះដូងស្ថិតនៅចំពីមុខទ្រូង និងនៅត្រង់ផ្នែកខាងឆ្វេងនៃឆ្អឹងទ្រូង។ ជាទូទៅ បេះដូងរបស់មនុស្សពេញវ័យមានទំហំប៉ុន២ក្ដាប់ដៃ ចំណែកបេះដូងរបស់ក្មេងៗមានទំហំប្រហែល១ក្ដាប់ដៃ។ ជាមធ្យម បេះដូងមានទម្ងន់ប្រហែល៣០០ក្រាម និងមានភាពខុសគ្នាអាស្រ័យលើរាងកាយ និងភេទ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
គន្លឹះរក្សាបេះដូងឲ្យមានសុខភាពល្អ
គ្នាយើងក៏អាចផ្លាស់ប្ដូរបែបបទរស់នៅ ដើម្បីជួយឲ្យបេះដូងមានសុខភាពល្អ តាមរយៈ៖
- រក្សាទម្ងន់ខ្លួនឲ្យបានសមស្រប
- កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
- ញ៉ាំអាហារល្អៗដល់សុខភាពបេះដូង ដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
- ហាត់ប្រាណយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្ដាហ៍
- កាត់បន្ថយការញ៉ាំអាហារមានជាតិសូដ្យូម
- គ្រប់គ្រងស្រ្តេស ដោយការធ្វើលំហាត់ប្រាណ ស្ដាប់តន្ត្រី
- ជៀសវាងជក់បារី។