backup og meta

រោគសញ្ញា និងវិធីបង្ការជំងឺសរសៃឈាមបេះដូងស្រួចស្រាល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 08, 2022

    រោគសញ្ញា និងវិធីបង្ការជំងឺសរសៃឈាមបេះដូងស្រួចស្រាល់

    ជំងឺ​សរសៃ​ឈាម​បេះដូង​ស្រួចស្រាល់​ ​ជា​ជំងឺ​មួយ​ដែល​អាច​​កើត​ឡើង​ភ្លាម​ៗ ដែល​បណ្ដាល​មក​ពី​​លំហូរ​ឈាម​ទៅ​ចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់។ ជា​ទូទៅ ជំងឺ​នេះ​​បង្ក​ជា​អាការៈ​ចុកទ្រូង​​ធ្ងន់ធ្ងរ ឬ​មិន​ស្រួល​នៅ​ក្នុង​ទ្រូង​ ដែល​តម្រូវ​ឲ្យ​យើង​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ។

    រោគសញ្ញា​

    សញ្ញា និង​រោគសញ្ញា​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ស្រួចស្រាល់​ ជា​ធម្មតា​​កើត​ឡើង​​ភ្លាម​ៗ ដែល​រួម​មាន​៖

    • ចុក​ទ្រូង​ ឬ​មិន​ស្រួល​ក្នុង​ទ្រូង
    • ការ​ឈឺចាប់​រាលដាល​ពី​ទ្រូង​ទៅ​ស្មា ដៃ​ ពោះ​ផ្នែក​ខាង​លើ ខ្នង​ ក ឬ​ថ្គាម
    • ចង្អោរ ឬ​ក្អួត​
    • ពិបាក​រំលាយ​អាហារ​
    • ហត់​
    • បែក​ញើស​ខ្លាំង​
    • ធេងធោង វិល​មុខ ឬ​ដួល​សន្លប់​
    • អស់​កម្លាំង​ខុស​ប្រក្រតី​
    • ថប់បារម្ភ​

    ការ​ឈឺចាប់​ ឬ​មិន​ស្រួល​ក្នុង​ទ្រូង ជា​សញ្ញា​ទូទៅ​បំផុត។ ប៉ុន្តែ រោគសញ្ញា​អាច​​មាន​ការ​ប្រែប្រួល​ អាស្រ័យ​​លើ​កត្តា​អាយុ ភេទ​ និង​លក្ខខណ្ឌ​សុខភាព​ផ្សេង​ទៀត​។ ចំពោះ​ស្ត្រី មនុស្ស​ពេញ​វ័យ​ ឬ​​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កម្រ​នឹង​​មាន​រោគសញ្ញា​​ឈឺចាប់ ឬ​មិន​ស្រួល​ក្នុង​​ទ្រូង​ណាស់​។​

    ចង់គណនា BMR ចុចទីនេះ!

    ​​​មូលហេតុ​បង្ក​

    ជំងឺ​សរសៃ​ឈាម​បេះដូង​ស្រួចស្រាល់​ តែង​កើត​ឡើង​ពី​ការ​ប្រមូលផ្ដុំ​​កំណក​ខ្លាញ់​នៅ​ក្នុង និង​នៅ​លើ​ជញ្ជាំង​នៃ​សរសៃ​ឈាម​បេះដូង​ ដែល​មាន​តួនាទី​ផ្ដល់​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម​ទៅ​កាន់​សាច់ដុំ​បេះដូង​។ នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ដល់​កោសិកា​មាន​កម្រិត​ទាប​ពេក កោសិកា​​សាច់ដុំ​បេះដូង​អាច​ស្លាប់ និង​​បណ្ដាល​ឲ្យ​ខូចខាត​ដល់​ជាលិកា​សាច់ដុំ ជា​ហេតុ​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​គាំង​បេះដូង។

    ជំងឺបេះដូង

    ​កត្តា​ហានិភ័យ​

    កត្តា​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ស្រួចស្រាល់ មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ជំងឺ​បេះដូង​ប្រភេទ​ផ្សេង​ទៀត​ដែរ ដែល​រួម​មាន៖

    • វ័យ​ចំណាស់​
    • សម្ពាធ​ឈាម​ ឬ​កូលេស្តេរ៉ូល​ខ្ពស់
    • ជក់​បារី​
    • មិន​ហាត់ប្រាណ
    • របប​អាហារ​មិន​ល្អ​
    • ធាត់​ជ្រុល​ ឬ​លើស​ទម្ងន់
    • ជំងឺ​ទឹក​នោម​ផ្អែម
    • មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​​កើត​ជំងឺ​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល
    • កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ មាន​សម្ពាធ​ឈាម​ខ្ពស់ ឬ​ជំងឺ​បម្រុង​ក្រឡាភ្លើង

    គន្លឹះ​បង្ការ​

    • ញ៉ាំ​របប​អាហារ​ជំនួយ​​ដល់​សុខភាព​បេះដូង ដូចជា​ញ៉ាំ​បន្លែ​ ផ្លែឈើ​​ គ្រាប់​ធញ្ញជាតិ​​ និង​សាច់​គ្មាន​ខ្លាញ់។ កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កូលេស្តេរ៉ូល​ខ្ពស់ និង​ខ្លាញ់​ឆ្អែត ដោយ​សារ​តែ​សារធាតុ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម​
    • ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​តិច​ ៣០​នាទី​ក្នុង​មួយ​ថ្ងៃ​
    • គ្រប់គ្រង​ទម្ងន់​ខ្លួន​
    • ឈប់​ជក់​បារី
    • គ្រប់គ្រង​បញ្ហា​សុខភាព​ផ្សេង​ទៀត ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​លើសជាតិខ្លាញ់ខ្ពស់ក្នុងសរសៃឈាម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម