ជំងឺខ្សោយតម្រងនោម កើតឡើងបានដោយមានមូលហេតុចម្បង២រួមគ្នាដូចជា ផលវិបាកនៃជំងឺទឹកនោមផ្អែម និងជាផលវិបាកនៃជំងឺលើសសម្ពាធឈាម ដែលកើតឡើងរ៉ាំរ៉ៃ ហើយមិនបានទទួលបាននូវការព្យាបាលមួយត្រឹមត្រូវ។ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងពីមន្ទីរពេទ្យ កាល់ម៉ែត។
ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃនេះផ្ដល់ផលវិបាកធ្ងន់ធ្ងរជាច្រើនដល់សរីរាង្គមនុស្ស ដែលមូលហេតុចម្បងគឺដោយសារតែការកើនឡើងជាតិពុលច្រើនក្នុងឈាម ក្នុងនោះកង្វះគ្រាប់ឈាមក្រហមក៏ជាផលវិបាកមួយតែងកើតឡើងជាញឹកញាប់ផងដែរ។ ចំណែកមូលហេតុរួមចំណែកបង្កឲ្យមានបញ្ហានេះរួមមាន៖
– កង្វះអ័រម៉ូន erythropoietin ដែលជាធម្មតា ត្រូវបានបញ្ចេញដោយតម្រងនោម
– ការថយចុះអាយុរបស់គ្រាប់ឈាមក្រហម ៧០-៨០ថ្ងៃ (ធម្មតា១២០ថ្ងៃ)
– ការកើនឡើង hepcidine
- ការបាត់បង់ជាតិដែក វីតាមីន B9 និងB12។ល។
រោគសញ្ញា៖
- ស្លេកស្លាំងខ្លាំងខុសពីធម្មតា
- ហេវហត់ អស់កម្លាំង
- ឧស្សាហ៍វិលមុខ ឈឺក្បាល
- ហ៊ឹងត្រចៀក
- ស្រវាំងភ្នែក
- ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
- ដង្ហក់ ឆាប់ហត់ ខុសធម្មតាជាដើម។
បញ្ហាកង្វះគ្រាប់ឈាមក្រហមនេះកើនឡើងស្របទៅនឹងសភាពធ្ងន់ធ្ងរនៃការខ្សោយតម្រងនោម។ កង្វះគ្រាប់ឈាមក្រហម ផ្ដល់ផលប៉ះពាល់ជាច្រើនដល់អ្នកជំងឺដូចជា ស្លេកស្លាំង ឆាប់ហត់ ប៉ះពាល់ដល់ជីវភាព ប្រចាំថ្ងៃ ពិសេសបង្កើនអត្រាស្លាប់ និងពិការភាពខ្ពស់។
[embed-health-tool-bmi]