តម្រងនោមដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យរាងកាយរបស់យើងមានសុខភាពល្អ ដោយជួយផលិតកោសិកាឈាមក្រហម គ្រប់គ្រងសម្ពាធឈាម បន្សាបជាតិពុលក្នុងសរីរាង្គខាងក្នុង កម្ចាត់ជាតិទឹកលើស និងគ្រប់គ្រងកម្រិតសារធាតុរ៉ែចាំបាច់ទាំងអស់នៅក្នុងឈាម។ ដូច្នេះហើយ ទើបការថែទាំតម្រងនោមឲ្យមានសុខភាពល្អ និងជៀសផុតពីហានិភ័យនៃជំងឺតម្រងនោម គឺជារឿងចាំបាច់បំផុត។ ទម្លាប់សាមញ្ញទាំង៧នេះ អាចបំផ្លាញតម្រងនោមរបស់យើងដោយមិនដឹងខ្លួន។
១. ទប់នោម
មិនបញ្ចេញទឹកនោមឲ្យអស់ពីប្លោកនោមឲ្យទាន់ពេលវេលា គឺជាមូលហេតុចម្បងមួយនៃបញ្ហាតម្រងនោម។ ប្រសិនបើយើងឧស្សាហ៍ទប់នោម បាក់តេរីនឹងចាប់ផ្ដើមកើនឡើងទ្វេដង។ ចុងក្រោយ វាអាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ដូចជាការឆ្លងមេរោគ និងការនោមទាស់ ។
២. អង្គុយយូរម៉ោង
ការហាត់ប្រាណជាទៀងទាត់ ធ្វើឲ្យសម្ពាធឈាម និងការធ្វើមេតាប៉ូលីសគ្លុយកូសកាន់តែប្រសើរឡើង ដែលជាកត្តាសំខាន់ក្នុងការថែទាំសុខភាពតម្រងនោម។ យ៉ាងណាមិញ ការអង្គុយរយៈពេលយូរដោយមិនធ្វើចលនា អាចបង្កើនហានិភ័យនៃជំងឺតម្រងនោមរហូតដល់៣០%។ ប្រសិនបើគ្នាយើងចំណាយពេល៨ម៉ោងក្នុងការអង្គុយធ្វើការងារ ចូរបញ្ចេញសកម្មភាពឲ្យបានច្រើនពេលនៅផ្ទះ ដោយហាត់ប្រាណយ៉ាងហោចណាស់២ទៅ៣ដងក្នុងមួយសប្ដាហ៍។
៣. ហាត់ប្រាណលើសកម្រិត
ការហាត់ប្រាណលើសកម្រិតរយៈពេលយូរម៉ោងក៏អាចបណ្ដាលឲ្យបែកសាច់ដុំ ជាស្ថានភាពដែលសាច់ដុំរងរបួស ហើយបរិមាណជាតិសរសៃងាប់ហូរចូលទៅក្នុងចរន្តឈាម ដែលអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ រួមទាំងខ្សោយតម្រងនោមផងដែរ។ ដូច្នេះហើយ ប្រសិនបើគ្នាយើងបង្កើនការហាត់ប្រាណខ្លាំងក្លា និងជួបប្រទះបញ្ហាឈឺសាច់ដុំ និងមានទឹកនោមពណ៌ខ្មៅ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។
៤. ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនជ្រុល
ជាមួយគ្នានេះដែរ ការប្រើប្រាស់ពពួកថ្នាំបំបាត់ការឈឺចាប់ច្រើនជ្រុល និងជាប្រចាំក៏អាចនាំឲ្យខូចតម្រងនោម និងខ្សោយតម្រងនោមបានដែរ។ បញ្ហានេះកើតឡើងដោយសារតែថ្នាំបំបាត់ការឈឺចាប់ធ្វើឲ្យលំហូរឈាមទៅកាន់តម្រងនោមថយចុះ និងធ្វើឲ្យមុខងាររបស់តម្រងនោមកាន់តែអាក្រក់ទៅ ជាពិសេស សម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់។
៥. ញ៉ាំទឹកមិនគ្រប់គ្រាន់
នៅពេលដែលយើងញ៉ាំទឹកគ្រប់គ្រាន់ វាជួយឲ្យតម្រងនោមផលិតទឹកនោម ដើម្បីកម្ចាត់ចោលសូដ្យូម និងជាតិពុលចេញពីរាងកាយ។ ប៉ុន្តែប្រសិនបើយើងញ៉ាំទឹកមិនគ្រប់គ្រាន់ទេនោះ វាអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ រួមទាំងក្រួសតម្រងនោម។ ដូចនេះ យើងគប្បីញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន២លីត្រក្នុងមួយថ្ងៃ។
៦. គេងមិនគ្រប់គ្រាន់
ការគេងលក់ស្កប់ស្កល់មានសារសំខាន់ចំពោះសុខភាពទាំងមូល រួមទាំងសុខភាពតម្រងនោម។ វដ្ដនៃការគេងបញ្ជា និងសម្របសម្រួលមុខងាររបស់តម្រងនោម ហើយជាលិកានៃសរីរាង្គនេះត្រូវបានផ្លាស់ប្ដូរតែនៅពេលដែលយើងគេងប៉ុណ្ណោះ។ ហេតុនេះហើយ នៅក្នុងករណីដែលយើងគេងមិនគ្រប់គ្រាន់ វាអាចប៉ះពាល់ដល់ដំណើរការនេះ ព្រមទាំងបង្កើនហានិភ័យនៃការខូចតម្រងនោម។
៧. ញ៉ាំសាច់ច្រើនជ្រុល
ការញ៉ាំប្រូតេអ៊ីនពីសាច់សត្វច្រើនបង្កើតអាស៊ីដច្រើននៅក្នុងឈាមរបស់យើង ដែលអាចបណ្ដាលឲ្យកើតជំងឺអាស៊ីដច្រើននៅក្នុងឈាម ។ នៅពេលយូរៗទៅ ជំងឺនេះអាចបង្កជាបញ្ហាប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ ក៏ដូចជាបញ្ហាតម្រងនោមរ៉ាំរ៉ៃ។ គ្នាយើងគប្បីញ៉ាំប្រូតេអ៊ីនប្រចាំថ្ងៃឲ្យបានសមល្មមប្រមាណ១ទៅ១,៦ក្រាមក្នុងមួយគីឡូក្រាមនៃទម្ងន់ខ្លួនរបស់យើង ព្រមទាំងបង្កើនការញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន រួមទាំងប្រូតេអ៊ីនផ្សេងទៀត ដូចជាស៊ុត ត្រី សណ្ដែក និងគ្រាប់ធញ្ញជាតិជាដើម។
[embed-health-tool-bmi]