backup og meta

Renal Colic (បញ្ហាចុកតម្រងនោម)

Renal Colic (បញ្ហាចុកតម្រងនោម)

និយមន័យ

១- អ្វីជាបញ្ហា​ចុកតម្រងនោម?

ចុក​តម្រង​នោម​ ជា​ប្រភេទ​នៃអា​ការៈ​ឈឺ​ចាប់ ពេល​យើង​​មាន​ដុំក្រួស​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​​ផ្លូវ​ទឹក​នោម។ ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ ​មាន ​តម្រង​នោម បំពង់​បង្ហួរ​ទឹក​នោម​ផ្នែក​ខាង​លើ ប្លោក​នោម និងបំពង់​បង្ហួរ​នោម​ផ្នែក​ខាង​ក្រោម។

យើង​ក៏​​អាច​មាន​ក្រួសនៅ​កន្លែង​ផ្សេង​ៗ​ទៀត ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម​ ហើយ​កើត​ឡើង​ដោយ​សារ​ការ​ប្រមូល​ផ្តុំសារ​ធាតុ​រ៉ែ​ ដូច​ជា ​ជាតិ​កាល់​ស្យូម និង​អាស៊ីដអ៊ុយ​រិច​ ក្នុង​ទឹក​នោម ​បង្កើត​បាន​ជា​ដុំ​គ្រី​ស្តាល់​ដ៏​រឹង។ ដុំ​ក្រួស​ អាច​មាន​ទំ​ហំ​តូច​ដូច​គ្រាប់​ខ្សាច់ ឬ​ធំ​ដូច​បាល់​កូនសម្រាប់​កីឡាវាយ​កូន​ហ្គោល ហើយ​នៅ​ពេល​ក្រួស​រីក​ធំ​ខ្លាំង ​យើង​មាន​​ជំងឺ ​​អាចនឹង​​ឈឺ​ចាប់កាន់​តែ​​ខ្លាំងដូច​គ្នា។

២- បញ្ហា​ចុកតម្រងនោមកើត​ឡើង​ញឹក​ញាប់​ដែរទេ?

បញ្ហា​ចុកតម្រងនោមដោយ​សារ​ក្រួស កើត​ឡើង​ញឹក​ញាប់​ណាស់ ដោយ​ប្រុសៗ​ប្រមាណ ១២% ​និងស្រីៗ ៦% ​អាច​មាន​ក្រួស​ក្នុង​តម្រងនោម​មួយ​ដង ឬ​ច្រើន​ដង​ក្នុង​មួយ​ជីវិត។ អត្រា​កើត​​ជំងឺក្រួសក្នុង​តម្រងនោម កើន​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្តូរ​នៃ​របប​អាហារ និង​ទម្លាប់​រស់​នៅ។

រោគ​សញ្ញា​

៣- រោគសញ្ញាចុកតម្រង​នោម

រោគ​សញ្ញា​ចុកតម្រង​នោម គឺ​​ខុស​ៗ​គ្នា អាស្រ័យ​ទៅ​លើ​ទំហំ និង​ទីតាំង​ដុំ​ក្រួស​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម។ ក្រួស​តូច​ៗ​មួយ​ចំនួន​ អាច​បណ្តាលឲ្យ​​មានការចុកចាប់តិច​តួច ហើយ​អាច​ធ្លាក់​មក​ក្រៅ​តាម​ទឹក​នោម ទាំង​យើង​មិន​បាន​ចាប់​អារម្មណ៍។

ដុំ​ក្រួស​មាន​ទំហំ​ធំ ​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ពិសេស​នៅ​ពេល​ជាប់​គាំង និង​ស្ទះ​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​នោម ​ដូច​ជា​ កន្លែង​ជួប​គ្នា​រវាង​តម្រង​នោម ប្លោក​នោម ឬ​បំពង់​បង្ហូរ​ទឹក​នោមផ្នែក​ខាង​លើ ដែល​ជា​បំពង់​ទឹក​នោម​ ឆ្លង​កាត់​ពី​តម្រង​នោម​ ទៅ​ប្លោក​នោម ។

អាការៈ​​ចុកដោយ​សារ​ក្រួស គឺ​ឈឺ​ចាប់​នៅ​ផ្នែក​ចំហៀង​ នៅ​ចន្លោះ​រវាង​ឆ្អឹង​ជំនីរ និង​ឆ្អឹង​ត្រគាក ហើយ​អាការៈ​ឈឺ​ បាន​រាល​ដាល​ទៅ​ផ្នែក​ខាង​ក្រោម​ពោះ និង​ក្រលៀន។ អាការៈ​ឈឺ​ចាប់ ​អាច​មាន​រយៈពេល​ពី ២០-៦០ នាទី​ មុន​នឹង​ចាប់​ឈឺ​ម្តង​ទៀត។

បញ្ហាចុកតម្រង​នោម​ ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺក្រួស​ក្នុងតម្រង​នោម ខណៈរោគ​សញ្ញា​ដទៃ​ទៀត​អាច​កើត​មាន​ ដូចជា៖

– ឈឺ ឬ​ពិបាក​នោម

– មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​ បណ្តាល​ឲ្យ​ទឹក​នោម​មាន​ពណ៌​ផ្លា​ឈូក ក្រហម ឬ​ពណ៌ត្នោត

– ទឹក​នោម​មាន​ក្លិន​ស្អុយ

– ចង្អោរ

– ក្អួត

– មានកម្ទេចកំទី​តូច​ៗ​នៅ​ក្នុង​ទឹក​នោម

– មាន​អារម្មណ៍​ថា​ចង់​នោម​ខ្លាំង

– ទឹក​នោម​ពណ៌​ស្រអាប់

– ទឹក​នោម​ច្រើន ឬ​តិច​ជាង​ធម្មតា។

រោគ​សញ្ញា​ឆ្លង​មេ​រោគ​លើ​ប្រព័ន្ធ​​ទឹក​នោម​ អាច​កើត​មាន​ក្នុង​ករណី​ខ្លះ ​អាច​មានសញ្ញា​​គ្រុន​ក្តៅ ញាក់ និង​បែក​ញើស​ត្រជាក់។ អ្នក​​មាន​រោគ​សញ្ញា​ទាំង​នេះ​ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ខណៈ​អ្នក​​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម បន្ថែម​ពី​លើ​​រោគ​សញ្ញាខាង​លើ ប្រញាប់​ទាក់​ទង​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​ភ្លាម​ ដោយ​រោគសញ្ញា​ធ្ងន់​ធ្ងរ​មាន​៖

– អសមត្ថ​ភាព​ក្នុង​ការ​នោម

– ក្អួតខ្លាំង ​មិន​អាច​គ្រប់​គ្រង​បាន

– ក្តៅ​ខ្លួន​លើស​ពី ៣៨ អង្សារសេ។

នៅ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ។ ​បើ​មាន​សំ​ណួរទាក់​ទង​នឹង​រោគ​សញ្ញា​ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំ​នាញ។

៤- ពេលណាត្រូវទៅជួបពេទ្យ?

បើ​មានរោគ​​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មានចម្ងល់​បន្ថែម ​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀត រាងកាយ​មនុស្ស​គ្រប់​រូប ​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​​ល្អបំផុត ​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ស្ថាន​ភាព​សុខភាព​យើង។

មូល​ហេតុបង្ក

៥- មូលហេតុបង្ក​ឲ្យ​ចុក​តម្រង​នោម

អាការៈ​ចុក​នេះ កើត​ឡើង​នៅ​ពេល​​មាន​ដុំ​ក្រួស​នៅ​ក្នុង​ផ្លូវ​ទឹក​នោម​ញឹក​ញាប់​ ដោយ​ការ​ឈឺ​ចាប់ ​កើត​មាន​នៅ​ពេល​ដែល​ក្រួស​កកិត និង​មាន​ការ​រីក​នៅ​កន្លែង​មាន​ដុំ​ក្រួស។

កត្តា​ប្រឈម

៦- កត្តាប្រឈមបញ្ហា​ចុក​តម្រង​នោម

មាន​កត្តា​ហាប្រឈម​​ជា​ច្រើន នាំឲ្យ​យើង​កើតមាន​អាការៈ​ចុក​តម្រង​នោម​ ដូច​ជា៖

– របប​អាហារ​សម្បូរ​សារ​ធាតុ​​អាច​កកើត​ទៅ​ជា​ដុំ​ក្រួស​​បាន ​ដូច​ជាកាល់ស្យូម Oxalate ឬ​ប្រូតេអ៊ីន។

– សមាជិកគ្រួសារ ឬ​យើងមាន​ប្រវត្តិ​កើត​ក្រួសក្នុង​តម្រងនោម។

– ខ្វះ​ជាតិ​ទឹក​ដោយ​សារ​ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់ ឬ​ដោយ​សារ​ការ​បាត់​បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ច្រើន​ពេក​ តាម​រយៈ​ការ​បែក​ញើស ក្អួត ឬ​រាក។

– មាន​ជំងឺធាត់ ឬធាត់​ខ្លាំង។

– វះ​កាត់​បំបែក​ផ្លូវ​ក្រពះ (Gastric bypass surgery) អាចធ្វើ​ឲ្យ​រាង​កាយ​​ងាយ​ស្រូប​យក​ជាតិ​កាល់​ស្យូម និង​សារ​ធាតុ​ដទៃ​ទៀត ​ដែលជា​ហេតុ​បង្កើត​ទៅ​ជា​ក្រួស​។

– ជំងឺមេតាបូលីស (Metabolic disorders) ជំងឺតំណ​ពូជ ​(Inherited diseases) ជំងឺក្រពេញទីរ៉ូអ៊ីត (Hyperparathyroidism ) និង​លក្ខ​ខណ្ឌ​ដទៃ​ទៀត​ ​អាច​បណ្តាល​ឲ្យ​មាន​ការ​បង្កើត​ដុំ​ក្រួស​នៅ​ក្នុង​ខ្លួន​។

– មាន​​ឆ្លង​មេ​រោគ​លើ​ផ្លូវ​បង្ហូរ​ទឹក​នោម។

អត្ថបទ​ពាក់ព័ន្ធ៖

រោគ​វិនិច្ឆ័យ និង ការ​ព្យា​បាល

ព័ត៌​មាន​ទាំងនេះ​ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺនោះ​ទេ។ ​គួរ​តែ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ សម្រាប់​ពត័​មាន​បន្ថែម។

៧- គួរ​ធ្វើ​រោគវិនិច្ឆ័យដោយ​វិធី​ណា?

ជា​ធម្មតា​ វេជ្ជបណ្ឌិត​នឹង​សុំ​ធ្វើ​តេស្ត​ឈាម​ ដើម្បី​ពិនិត្យ​មើល​ពី​កម្រិតសារ​ធាតុ​អាច​កកើត​ជាក្រួស​នៅ​ក្នុង​រាង​កាយ​យើង។ ការ​ធ្វើ​តេស្ត​​រូប​ភាព​ ដូច​ជា​ ​ថត​កាំ​រស្មីអ៊ិច ថត​ស្កេន CT ឬ​ឆ្លុះ​អេកូ ​អាច​ជួយ​កំណត់​ទី​តាំង​ដុំ​ក្រួស​ក្នុង​ផ្លូវ​ទឹក​នោម​បាន។

៨- ព្យាបាល​ដោយ​វិធី​ណា?

ការ​ព្យា​បាល​ដោយ​ប្រើ​ថ្នាំ ​គឺ​ត្រូវ​ពឹង​ផ្អែក​លើ​ប្រភេទ​​ដុំ​ក្រួស​យើង​កំពុង​កើត​មាន​ ដោយ​ប្រភេទក្រួស​​ទាំង​នោះ​មានដូច​ជា៖

– ក្រួស​កាល់​ស្យូម គឺ​ជា​ប្រភេទ​ក្រួស បង្កើត​ឡើង​ដោយ​ជាតិ​កាល់​ស្យូម​អុក​សា​ឡាត (Calcium Oxalate)។

–  ក្រួស​អាសុីដអ៊ុយ​រិច ​កើត​ឡើង​នៅ​ពេល​មាន​សារជាតិ​អាស៊ីត​អ៊ុយ​រិច​ កើន​ឡើង​ច្រើន​នៅ​ក្នុង​ទឹក​នោម។

– ក្រួស Cystine គឺ​ប្រភេទ​កម្រ ហើយ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​សារ Cystinuria។

– ក្រួស Struvite ក៏មិន​សូវ​កើត​មានដែរ ហើយ​បណ្តាល​មក​​បាក់​តេរី​នៅ​ក្នុង​បំពង់​ទឹកនោម។

ក្រួស​តូច​ៗ​ភាគ​ច្រើន​ អាច​ធ្លាក់​ចេញ​មក​ក្រៅ​បាន ដោយ​អត្រា​ធ្លាក់​ចេញ​មានប្រមាណ ៨០ ភាគ​រយ​ ធ្លាក់​តាម​ទឹក​នោម​បាន។ វេជ្ជបណ្ឌិត នឹងណែនាំ​ឲ្យយើង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ រួម​ទាំងវេជ្ជបញ្ជា ​ឲ្យ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​ដើម្បី​ជួយ​បន្ថយ​អាការៈ​ឈឺ​ចាប់ ​នៅ​ពេល​ពិនិត្យ​មើល​ដុំ​ក្រួស​រហូត​ដល់​វា​ធ្លាក់​ចេញ​មក​ក្រៅ។

មាន​​វិធី​ជា​ច្រើន ​ដើម្បី​ជួយ​យក​ដុំ​ក្រួស​ធំ​ៗ និង​ជួយ​បំបាត់​ការ​ឈឺ​ចាប់ ដូច​ជា៖

– ទាញ​ក្រួស​ចេញ​តាម Ureteroscopy៖ ជា​វិធី​ម្យ៉ាង​ ​វេជ្ជបណ្ឌិតនឹង​ដាក់​បំពង់​ឆ្លុះ​មាន​ពន្លឺ ​និង​កាមេរ៉ា ​ចូល​ទៅ​ក្នុង​បំពង់​ទឹក​នោម​ដើម្បី​រក​ពី​ទីតាំង​ក្រួស និងវះ​យក​វា​ចេញ។

– Extracorporeal shock wave lithotripsy (ESWL)៖ ជា​ការ​ព្យា​បាល​​មិន​មាន​ការ​ឈឺ​ចាប់ ​ជា​ដំណើរ​ការ​​បង្កើត​រលក​សំឡេង​តូច​ៗ​នៅ​ក្នុង​តម្រង​នោម ​ដើម្បី​បំបែក​ក្រួស​ឲ្យ​ទៅ​ជា​បំណែក​តូច​ៗ។ បំណែក​តូច​ៗ​ទាំង​នេះ ​នឹង​ហូរ​​ចេញមក​ក្រៅ​​តាម​ទឹក​នោម។

– Percutaneous nephrolithotomy៖ វិធី​នេះ អាច​ធ្វើ​ទៅ​បាន​ដោយ​ការ​ដាក់​ថ្នាំ​សន្លប់ ហើយ​​ដំណើរ​ការ ដោយ​​ប្រើ​បំពង់​ឆ្លុះ​មាន​ពន្លឺ​ ដើម្បី​ទាញ​យក​ក្រួស​ចេញ​ ក្រោយ​ពី​កាត់​បំបែក​ក្រួសជា​តូច​ៗនៅ​ក្នុង​តម្រង​នោមរួច។

– Stent placement៖ ជួន​កាល ​គ្រូពេទ្យ​អាច​ដាក់​បំពង់​ស្តើង​មួយ​តាម​បំពង់​បង្ហូរ​ទឹក​នោម ដើម្បី​ជួយ​ដល់​ការ​ស្ទះ និង​ជួយ​ដល់​លំហូរ​ទឹក​នោម។

– ​វះ​កាត់៖ ការ​វះ​កាត់​នេះ​ ត្រូវ​​ធ្វើ​លើ​ក្រួស​​មិន​អាច​ធ្លាក់​មក​ក្រៅ​បាន ប៉ុន្តែ​វា​អាច​ជា​វិញ​ក្នុង​រយៈពេល​យូរ។ វេជ្ជបណ្ឌិត​ជា​ច្រើន ​នឹង​ព្យា​យាម​ទាញ ឬ​បំបែកក្រួស​ មុន​ពេលសម្រេច​​ធ្វើ​ការ​វះ​កាត់​។

ការ​ព្យា​បាល ​អាច​មាន​ថ្នាំ​ ​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា ឬ​បន្ថយ​ការ​ប្រមូល​ផ្តុំ​ដុំ​ក្រួស ដោយ​ការ​ព្យា​បាល​ដោយ​ប្រើ​ថ្នាំ​ទាំង​នេះ​ មានដូច​ជា៖

– ថ្នាំ​ផ្សះ

– ពពួក​ថ្នាំ Alkalinizing agents

– ថ្នាំករទីកូអ៊ីត ( Corticosteroids )

– ថ្នាំ Calcium channel blockers

– ថ្នាំ Selective alpha-1 blockers។

ផ្លាស់ប្តូរទម្លាប់រស់នៅ

៩- ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ

ទម្លាប់​​រស់នៅ​ និង​វិធី​ព្យាបាល​នៅ​ផ្ទះ​ខ្លះ អាច​ទប់ទល់​ បង្ការ​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​​បាន ​ដូច​ជា៖

– យើងអាច​មាន​ការ​ឆ្លើយ​តប ​ដោយ​មាន​អារម្មណ៍​ថា​ក្តៅ​នៅ​ចំហៀង​ខ្លួន ឬ​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម ហើយ​អាច​បន្ថយ​រោគ​សញ្ញា​នេះ​ ដោយ​ធ្វើ​ការ​បន្ធូរ​សាច់​ដុំ​លើ​ដុំ​ក្រួសក្នុងតម្រង​នោម ។

– វេជ្ជបណ្ឌិត​ នឹង​ណែ​នាំ​យើង​ឲ្យ​ផឹក​ទឹក និង​បន្ថយ​សារ​ជាតិ​សូដ្យូម​ក្នុង​របប​អាហារ​។ ផឹក​ទឹក​ច្រើន ​អាច​ជួយឲ្យ​ក្រួស​ហូរ​ចេញ​តាម​ទឹក​នោម​បាន (​ក្នុង​ករណី​ក្រួស​តូចៗ)។

– ភាគ​ច្រើន ​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ញ៉ាំ​អាហារមាន​សុខ​ភាព សម្បូរ​​ទៅ​ដោយ​គ្រាប់​ធញ្ញ​ជាតិ បន្លែ ផ្លែ​ឈើ និង​ប្រូតេអ៊ីនគ្មានជាតិ​ខ្លាញ់។ ពេទ្យ​ ក៏​អាច​ផ្តល់​យោបល់ឲ្យ​ញ៉ាំ​​ផ្លែ​ឈើ​ឲ្យ​ច្រើន​ក្នុង​របប​អាហារ ​ដូច​ជា ​ផ្លែ​ក្រូច ឬ​ផ្លែ​ទំពាំង​បាយ​ជូរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​​។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What is renal colic? Symptoms and relief. https://www.medicalnewstoday.com/articles/320421.php. Accessed August 2, 2018.

Renal Colic. https://www.healthline.com/health/renal-colic. Accessed August 2, 2018.

កំណែ​ប្រែបច្ចុប្បន្ន

18/10/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉េចបានស្រីៗក្រោយអាយុ៣០ឆ្នាំ ងាយប្រឈមនឹងបញ្ហាតម្រងនោម?

ទឹកនោមពពុះ ឬមានឈាម អាចជារោគសញ្ញាខូចតម្រងនោម គ្នាយើងគួរប្រយ័ត្ន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម