គ្នាយើងប្រហែលជាធ្លាប់ឮប្រភេទជំងឺរលាកលំពែង។ ជំងឺរលាកលំពែងជាជំងឺ ដែលបង្កឲ្យមានការរលាក និងឈឺចាប់នៅក្នុងលំពែងរបស់យើង។ លំពែងជាសរីរាង្គតូចមួយនៅក្នុងរាងកាយ ដែលផលិតសារធាតុរាវ និងអង់ហ្សីម ដើម្បីបំបែកអាហារយើងបានញ៉ាំ ហើយនេះគេហៅថាជាផ្នែកមួយនៃដំណើរការរំលាយអាហារ។ ប៉ុន្តែអាចមានពេលខ្លះក្រួសក្នុងប្រមាត់អាចបិទបំពង់ក្នុងលំពែង ដែលនាំឲ្យកើតជាជំងឺរលាកលំពែងដែរ ដែលនេះគេហៅថារលាកលំពែងដោយក្រួសក្នុងថង់ប្រមាត់។
១. មូលហេតុនាំឲ្យជំងឺរលាកលំពែងដោយក្រួសក្នុងថង់ប្រមាត់
ក្រួសកកើតឡើងនៅក្នុងថង់ប្រមាត់ ប៉ុន្តែករណីខ្លះនៃជំងឺរលាកលំពែងដោយក្រួសក្នុងថង់ប្រមាត់ កើតចេញពីក្រួសដែលធ្វើចលនាចេញពីថង់ប្រមាត់ និងបានបិទច្រកបើកទីមួយរបស់ពោះវៀនតូច។ មូលហេតុនេះ ធ្វើឲ្យមានចាល់ត្រឡប់នៃសារធាតុរាវ ដែលអាចចាល់ឡើងមកដល់បំពង់ក្នុងលំពែង និងថង់ទឹកប្រមាត់។ រលាកលំពែងដោយក្រួសក្នុងថង់ប្រមាត់ អាចធ្វើឲ្យមានការឈឺចាប់ខ្លាំង និងអាចមានគ្រោះថ្នាក់ដល់ជីវិត បើមិនបានទទួលការព្យាបាលទាន់ពេល។
២. រោគសញ្ញាជំងឺរលាកលំពែងដោយក្រួសក្នុងថង់ប្រមាត់
ការឈឺចាប់ខ្លាំង ជារោគសញ្ញាទូទៅមួយនៃជំងឺរលាកលំពែងដោយក្រួសក្នុងប្រមាត់ ប៉ុន្តែនៅមានរោគសញ្ញាផ្សេងទៀតដែរ មានដូចជា៖
- គ្រុនរងា
- ក្ដៅខ្លួន
- ឡើងលឿង
- ចង្អោរ ឬក្អួត
- អារម្មណ៍ឈឺខ្លាំងនៅត្រង់ពោះខាងលើផ្នែកខាងឆ្វេង ឬនៅខ្នង
- អាចឈឺចាប់នៅម្ដុំស្មា ឬទ្រូង
ដើម្បីដឹងថាយើងមានជំងឺរលាកលំពែងដោយក្រួសក្នុងថង់ប្រមាត់ គ្រូពេទ្យអាចនឹងធ្វើរោគវិនិច្ឆ័យតាមវិធីរួមគ្នាច្រើន។ ការធ្វើតេស្ត និងពិនិត្យ ដែលគ្រូពេទ្យច្រើនអនុវត្ត គឺការធ្វើតេស្តឈាម និងស្កែនលើផ្នែកផ្សេងៗនៃរាងកាយ។ ការធ្វើតេស្តឈាមអាចកំណត់មូលហេតុរលាកនៅក្នុងលំពែង។ ចំណែកការធ្វើCT ស្កែន ឬMRI ឬឆ្លុះអេកូ អាចជួយឲ្យគ្រូពេទ្យមើលរូបភាពបានកាន់តែច្បាស់ត្រង់កន្លែងដែលឈឺចាប់ខ្លាំងរបស់លំពែង។ ដូចគ្នាដែរ ការពិនិត្យដោយរូបភាពនេះអាចប្រាប់គ្រូពេទ្យដឹងថាមានក្រួសនៅជាប់ខាងក្នុងបំពង់ក្នុងលំពែងឬយ៉ាងណា និងត្រូវការយកចេញ ជាដើម។ បើគ្នាយើងមានចេញរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរទៅមន្ទីរពេទ្យស្វែងរកការព្យាបាលជាបន្ទាន់។
៣. ផលវិបាក
ក្នុងករណីមិនបានព្យាបាលទាន់ពេល ឬទុកមិនព្យាបាល ជំងឺរលាកលំពែងដោយក្រួសក្នុងថង់ប្រមាត់ អាចបង្កជាផលវិបាកធ្ងន់ធ្ងរ។ អាស៊ីដរំលាយអាហារចេញពីថ្លើម ប្រមាត់ និងលំពែង អាចនឹងចាល់ត្រឡប់ចូលទៅក្នុងរាងកាយ និងអាចនាំឲ្យឆ្លងរោគ ដែលគេហៅថារលាកថង់ទឹកប្រមាត់។ ដូចគ្នាដែរ អ្នកជំងឺអាចនឹងកើតមានបញ្ហាភ្នែកលឿង និងស្បែកលឿង ឬហៅម្យ៉ាងទៀតថាខាន់លឿង។ មួយវិញទៀត ជាលិកាលំពែងខ្លួនឯងអាចនឹងចាប់ផ្ដើមងាប់ដែរ ដែលអាចនាំឲ្យរលួយ ឬស្លោកលំពែង។ ជាចុងក្រោយជំងឺលាកលំពែងដោយក្រួសក្នុងប្រមាត់ អាចនឹងធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិត បើមិនបានទទួលការព្យាបាល។
៤. វិធីបង្ការ
វាជារឿងមិនអាចទៅរួចទេដែលយើងអាចការពារបាន១០០ភាគរយមិនឲ្យមានជំងឺរលាកលំពែងដោយក្រួសក្នុងថង់ប្រមាត់ ពីព្រោះថាយើងមិនអាចទប់ស្កាត់ក្រួសក្នុងថង់ទឹកប្រមាត់មិនឲ្យលូតលាស់បានទេ។ យ៉ាងណា យើងអាចកាត់បន្ថយហានិភ័យកើតបញ្ហានេះបានខ្លះដោយមានរបបអាហារល្អចំពោះសុខភាព រក្សាទម្ងន់ឲ្យនៅកម្រិតល្អ គ្រប់គ្រងកម្រិតកូលេស្តេរ៉ូលឲ្យបានត្រឹមត្រូវ និងគ្រប់គ្រងជំងឺទឹកនោមផ្អែមឲ្យបានល្អ បើយើងជាអ្នកមានជំងឺទឹកនោមផ្អែម។
[embed-health-tool-bmr]