backup og meta

ទោះមិនផឹកស្រា បញ្ហាសុខភាពទាំងនេះអាចបង្កជំងឺខ្លាញ់រុំថ្លើម

ទោះមិនផឹកស្រា បញ្ហាសុខភាពទាំងនេះអាចបង្កជំងឺខ្លាញ់រុំថ្លើម

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​លើ​អ្នក​មិន​ផឹក​គ្រឿង​ស្រវឹង ក៏​កើត​មាន​ច្រើន​ណាស់​ដែរ​នៅ​ទូទាំង​ពិ​ភព​លោក។ គ្រាន់​តែ​នៅ​សហរដ្ឋអាមេរិក មនុស្ស​ប្រហែល​មួយ​ភាគ​បួន​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​មួយ​នេះ​។ ទោះ​ជា​យើង​មិន​ផឹក​គ្រឿងស្រវឹង តែ​បញ្ហា​សុខភាព​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បាន​ដែរ​។

១. រោគ​សញ្ញា

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយសារ​​ផឹក​គ្រឿង​ស្រវឹង ជា​ទូទៅ​មិន​មាន​លេច​ចេញ​ជា​សញ្ញា ឬ​រោគ​សញ្ញា​ណាមួយ​ទេ។ ប៉ុន្តែ​នៅ​ពេល​វា​ចាប់​ផ្ដើម​ចេញ អាច​មាន​ដូច​ជា​៖

  • អស់កម្លាំង
  • ឈឺ ឬ​ពិបាក​ក្នុង​ពោះ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ

​ក្នុង​ករណី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ​នេះ បន្ត​វិវត្ត​ធ្វើ​ឲ្យ​ថ្លើម​រលាក ចាប់​ផ្ដើម​ឡើង​ស្នាម​(ក្រិន​) និង​ថ្លើម​ខ្សោយ អ្នក​ជំងឺ​អាច​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូច​ជា៖​

  • ពោះ​ហើម​ប៉ោង​
  • សរសៃ​ឈាម​ក្រោម​ស្បែក​ចាប់ផ្ដើម​រីក​ធំ​
  • អណ្ដើក​រីក​ធំ
  • បាត​ដៃ​ឡើង​ក្រហម
  • ស្បែក និង​ភ្នែក​ឡើង​លឿង​(ខាន់​លឿង)

​បើ​សិន​ជា​មាន​ចេញ​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ និង​គួរ​ឲ្យ​បារម្ភ គ្នា​យើង​គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។​

២. មូល​ហេតុ​បង្ក​

​ក្រុម​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​មិន​ផឹក​គ្រឿងស្រវឹង​ផង បែរ​ជា​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម និង​អ្នក​ខ្លះ​បែរ​ជា​អត់​ទៅ​វិញ។ ដូច​គ្នា​ដែរ អ្នក​ជំនាញ​នៅ​មិន​ទាន់​យល់​បាន​ច្រើន​ទេ​ ថា​ហេតុ​អ្វី​បាន​ជា​ខ្លាញ់​រុំ​ថ្លើម​បង្ក​ឲ្យ​មាន​ការ​រលាក​ ដែល​នាំ​ឲ្យ​កើត​ជា​ក្រិន​ថ្លើម​នោះ​។​

យ៉ាងណា មូល​ហេតុ​បង្ក​មួយ​ចំនួន​ដែល​គេ​អាច​សន្និដ្ឋាន​បាន​រួម​មាន​៖

  • លើស​ទម្ងន់ ឬ​ធាត់​
  • មាន​ភាព​ធន់​អាំងស៊ុយលីន ដែល​ជា​ដំណាក់​កាល​កោសិកា​មិន​​ទទួលយក​ជាតិ​ស្ករ​ឆ្លើយ​តប​ទៅ​នឹង​អ័រម៉ូន​អាំងស៊ុយ​លីន​
  • កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ អ្នក​បម្រុង​កើត​ជំងឺ​ទឹកនោម​ផ្អែម ឬ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២
  • អ្នក​មាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់

​បញ្ហា​សុខភាព​ទាំង​នេះ បញ្ចូល​គ្នា ទំនងជា​ធ្វើ​ឲ្យ​មាន​បរិមាណ​ខ្លាញ់​ផ្ទុក​ក្នុង​ថ្លើម​កើន​ឡើង​។ សម្រាប់​មនុស្ស​មួយ​ចំនួន មាន​ខ្លាញ់​ក្នុង​ថ្លើម​លើស​កម្រិត អាច​ប្រែ​ខ្លាញ់​ទាំង​នោះ​ទៅ​ជា​សារធាតុ​បំពុល​កោសិកា​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​រលាក និង​អាច​ធ្វើ​ឲ្យ​ថ្លើម​ឡើង​ស្នាម​ ឬ​បង្ក​ជា​ក្រិន​ថ្លើម​។

ជំងឺខ្លាញ់រុំថ្លើម

៣. កត្តា​ប្រឈម​ផ្សេង​ទៀត​

បញ្ហា​សុខ​ភាព និង​ស្ថាន​ភាព​ជំងឺ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយ​សារ​គ្រឿង​ស្រវឹង​ដែរ​។ កត្តា​ទាំង​នោះ​រួម​មាន​៖​

  • ​អ្នកមាន​កូលេស្តេរ៉ូល​ខ្ពស់​
  • អ្នក​មាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់
  • អ្នក​ធាត់ ជាពិសេស​អ្នក​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន
  • អ្នក​មាន​ជំងឺ​ដេក​បាត់​ដង្ហើម ​
  • អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​
  • ជា​មនុស្ស​វ័យ​ចំណាស់ ជា​ដើម​។

​៤. ផល​វិបាក

ផល​វិបាក​ធំ​បំផុត​របស់​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយសារ​គ្រឿង​ស្រវឹង​គឺ​ធ្វើ​ឲ្យ​ក្រិន​ថ្លើម​។ ដោយ​សារ​តែ​ថ្លើម​ព្យាយាម​បញ្ឈប់​ការ​រលាក វា​នឹង​ធ្វើ​ឲ្យ​ផ្នែក​ជា​ច្រើន​នៅ​លើ​ថ្លើម​ឡើង​ស្នាម។ ការ​រលាក​នៅ​តែ​បន្ត ស្នាម​លើ​ថ្លើម​នឹង​បន្ត​រាលដាល​ដែរ ដែល​អាច​គ្រប​ដណ្ដប់​លើ​ជាលិកា​ថ្លើម​បាន​កាន់​តែ​ច្រើន​។

​បើ​ដំណើរ​ការ​រលាក​មិន​ត្រូវ​បញ្ឈប់​បាន​ទាន់​ពេល នោះ​បញ្ហា​ក្រិន​ថ្លើម​នឹង​​អាច​នាំ​ឲ្យ​៖

  • កើន​ឡើង​សារធាតុ​រាវ​នៅ​ក្នុង​ពោះ
  • ហើម​សរសៃ​វែន​នៅ​ក្នុង​បំពង់​អាហារ ដែល​អាច​ធ្វើ​ឲ្យ​បែក និង​ចេញ​ឈាម​
  • វង្វេង​វង្វាន់ ងងុយ​ដេក ពិបាក​និយាយ​ស្ដី​
  • មហារីក​ថ្លើម
  • ខូច​ថ្លើម​ដំណាក់​កាល​ចុងក្រោយ ថ្លើម​ឈប់​ដំណើរ​ការ

៥. វិធី​ការពារ​

ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយ​សារ​គ្រឿង​ស្រវឹង ត្រូវ៖

  • ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព៖ ជ្រើស​រើស​ញ៉ាំ​អាហារ​សម្បូរ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ​
  • រក្សា​ទម្ងន់៖ បើ​យើង​លើស​ទម្ងន់ ឬ​ធាត់ កាត់​បន្ថយ​ការ​បរិមាណ​កាឡូរី​ញ៉ាំ​ប្រចាំថ្ងៃ និង​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន។ បើ​យើង​ជា​អ្នក​មាន​ទម្ងន់​ដង​ខ្លួន​ល្អ​ហើយ ត្រូវ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ថេរ​ល្អ រក្សា​ការ​ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​។
  • ហាត់ប្រាណ៖ ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។ ជា​ការណែនាំ​គួរ​ហាត់​ប្រាណ​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Nonalcoholic fatty liver disease https://www.mayoclinic.org/diseases-conditions/nonalcoholic-fatty-liver-disease/symptoms-causes/syc-20354567

Fatty Liver Disease https://my.clevelandclinic.org/health/diseases/15831-fatty-liver-disease

Nonalcoholic Fatty Liver Disease https://www.hopkinsmedicine.org/health/conditions-and-diseases/nonalcoholic-fatty-liver-disease

កំណែ​ប្រែបច្ចុប្បន្ន

23/07/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗ​មាន​ជំងឺ​ថ្លើម​ប្រភេទ​B អាច​បំបៅ​ដោះ​កូន​បាន​អត់?

រួមភេទមិនការពារ ខាងស្រីងាយ​ឆ្លងវីរុសថ្លើមប្រភេទB ជាងខាងប្រុស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម