ពេលយើងផឹកគ្រឿងស្រវឹង ថ្លើមនឹងចាប់ផ្ដើមបំបែកជាតិអាល់កុល ដែលការបំបែកនេះមិនមែនជារឿងងាយស្រួលនោះទេ។ ជាតិអាល់កុល ឬគ្រឿងស្រវឹងប៉ះពាល់ថ្លើមកម្រិតណានោះអាស្រ័យលើបរិមាណគ្រឿងស្រវឹងដែលយើងផឹក និងញឹកញាប់ប៉ុនណា។
និយមន័យការផឹកគ្រឿងស្រវឹងច្រើនជ្រុលអាចរាប់ពីប្រាំបីកំប៉ុង ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍សម្រាប់ស្រ្តី និងសម្រាប់បុរសចាប់ពី១៥កំប៉ុង ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍។ ទោះជាយើងផឹកជោគជាំយូរៗម្ដង ក៏អាចធ្វើឲ្យរាងកាយមានការខូចខាត ឬអាចស្លាប់បានផងដែរ។
១. គ្រឿងស្រវឹងប៉ះពាល់ថ្លើមដោយរបៀបណា?
បើសិនជាយើងផឹកគ្រឿងស្រវឹងក្នុងកម្រិតតិចតួច ថ្លើមអាចគ្រប់គ្រងបានមិនជាបញ្ហានោះទេ ប៉ុន្តែបើសិនជាយើងផឹកច្រើន នោះថ្លើមនឹងត្រូវធ្វើការធ្ងន់ដើម្បីបំបែកជាតិអាល់កុល។ បើសិនជាកោសិកាថ្លើមធ្វើការធ្ងន់ធ្ងរពេក អាចនាំឲ្យថ្លើមចាប់ផ្ដើមខូច។ ការខូចថ្លើមអាចនាំឲ្យកើតមានជាជំងឺខ្លាញ់រុំថ្លើម ឬថ្លើមមានសម្លាក និងពេលខ្លះអាចបង្កទៅជាក្រិនថ្លើម។
ការផឹកគ្រឿងស្រវឹងដែលមិនបង្កបញ្ហាចំពោះសុខភាពគួរអនុវត្តដូចខាងក្រោម៖
- ទាំងប្រុស និងស្រី មិនគួរផឹកគ្រឿងស្រវឹងដូចជាស្រាបៀរលើសពីពីរកំប៉ុងក្នុងមួយថ្ងៃ ឬស្រាវិញ មិនគួរលើសពីមួយកែវក្នុងមួយថ្ងៃ។
- ក្នុងករណីមានកម្មវិធីផ្សេងៗ ក៏មិនគួរផឹកស្រាបៀរលើសពីបួនកំប៉ុងដែរក្នុងមួយថ្ងៃ។
ក្នុងករណីគ្នាយើង មិនអាចបញ្ឈប់ខ្លួនឯងពីការផឹកគ្រឿងស្រវឹង យកល្អគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយលើបញ្ហានេះ។
២.រោគសញ្ញាខូចថ្លើមដោយសារគ្រឿងស្រវឹង
នៅដំណាក់កាលដំបូងៗនៃការខូចថ្លើមដោយសារគ្រឿងស្រវឹង ជាទូទៅមានរោគសញ្ញាតិចតួច ឬគ្មានតែម្ដង។ បើសិនជាយើងវិវដ្ដទៅដល់ដំណាក់កាលក្រិនថ្លើម នោះរោគសញ្ញាអាចធ្ងន់ធ្ងរ មានដូចជាកើតលឿង។ រោគសញ្ញាផ្សេងទៀតមានដូចជាស្រកទម្ងន់ ចេះតែអស់កម្លាំង មិនឃ្លាន ហើមនៅកជើង និងពោះ វង្វេង ក្អូតឈាម ឬបត់ជើងធំមានឈាម ជាដើម។
៣. ផឹកគ្រឿងស្រវឹងច្រើនអាចកើតជំងឺខ្លាញ់រុំថ្លើម
ក្នុងដំណាក់កាលដំបូងៗនៃជំងឺថ្លើមបង្កដោយគ្រឿងស្រវឹង អ្នកផឹកពេលខ្លះអាចវិវដ្ដជាជំងឺខ្លាញ់រុំថ្លើម។ នៅដំណាក់កាលនេះ ពេលខ្លះអាចបានធូរទៅវិញដែរ បើសិនជាយើងឈប់ផឹកគ្រឿងស្រវឹង។ ដូចគ្នា គ្រូពេទ្យអាចណែនាំឲ្យយើងផ្លាស់ប្ដូររបៀបរបបរស់នៅ និងរបបអាហារខ្លះៗ ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អឡើងវិញ។ ក្រៅពីជំងឺនេះ ការផឹកគ្រឿងស្រវឹងយូរឆ្នាំ អាចនាំឲ្យកើតជំងឺថ្លើមដោយសារគ្រឿងស្រវឹង និងនាំឲ្យក្រិនថ្លើមផងដែរ។
ទោះបីយើងជាមនុស្សផឹកគ្រឿងស្រវឹងច្រើន និងយូរឆ្នាំក៏ដោយ ការកាត់បន្ថយ ឬឈប់ផឹកគ្រឿងស្រវឹង មានសារសំខាន់ និងផ្ដល់ផលប្រយោជន៍ទាំងរយៈពេលខ្លី និងវែងដល់ថ្លើម និងសុខភាពទូទៅផ្សេងទៀត។
[embed-health-tool-bmr]