ទម្លាប់ញ៉ាំអាហារជះឥទ្ធិពលដ៏សំខាន់ចំពោះសុខភាពពោះវៀនរបស់យើង។ ក្រៅពីនេះ ក៏មានកត្តាជាច្រើនទៀត ដូចជាកម្រិតស្រ្តេសខ្ពស់ និងការគេងតិចពេក ដែលសុទ្ធតែអាចបង្កផលអវិជ្ជមានដល់ពោះវៀនរបស់យើង។ ពិតណាស់ នៅពេលដែលពោះវៀនមានបញ្ហា ក៏អាចប៉ះពាល់ដល់រាងកាយទាំងមូល។ ហេតុនេះហើយ គ្នាយើងគប្បីស្វែងយល់ពីសញ្ញាមួយចំនួនដែលបញ្ជាក់ពីបញ្ហាក្រពះ និងពោះវៀន ដើម្បីស្វែងរកវិធីសាស្ត្រដោះស្រាយឲ្យបានទាន់ពេលវេលា។
១. ក្លិនមាត់មិនល្អ
បញ្ហាក្លិនមាត់មិនល្អដែលមានលក្ខណៈរ៉ាំរ៉ៃ ក៏អាចបណ្ដាលមកពីបាក់តេរី ពាក់ព័ន្ធនឹងជំងឺអញ្ចាញធ្មេញផងដែរ។ ជាក់ស្ដែង អតុល្យភាពពោះវៀនអាចនាំឲ្យមានបាក់តេរីប្រភេទH.pylori ដែលរស់នៅក្នុងក្រពះ និងពោះវៀន ហើយពពួកបាក់តេរីទាំងនេះអាចនាំឲ្យយើងរលាកក្រពះដោយមិនដឹងខ្លួន។
២. អស់កម្លាំង
យោងតាមការសិក្សាមួយចុះផ្សាយក្នុងទស្សនាវដ្ដីJournal Microbiome បានរកឃើញថា អ្នកដែលមានជំងឺល្ហិតល្ហៃរ៉ាំរ៉ៃ អាចមានបញ្ហាអតុល្យភាពពពួកមីក្រុប ក្នុងពោះវៀន ដែលមានបាក់តេរី អតិសុខុមប្រាណ ផ្សិត និងវីរុសជាច្រើនដែលរស់នៅក្នុងបំពង់ក្រពះ និងពោះវៀនរបស់យើង។
៣. បញ្ហាស្បែក
តើគ្នាយើងជួបបញ្ហាឡើងមុនដែរឬទេ? ជាទូទៅ បញ្ហាស្បែកមួយចំនួនដូចជាមុន ត្រអក និងជំងឺសើស្បែកpsoriasis ក៏មានពាក់ព័ន្ធនឹងបញ្ហាពោះវៀនដែរ។ ប្រសិនបើយើងមានបញ្ហាអតុល្យភាពពពួកមីក្រុបតូចៗក្នុងពោះវៀន ស្បែកនឹងងាយប្រតិកម្ម ហើយយើងអាចជួបបញ្ហាស្បែកជាច្រើនប្រភេទ។
៤. ឈឺពោះ
ជាមួយគ្នានេះដែរ ពោះវៀនរបស់យើងអាចនឹងមានបញ្ហាតិចតួច ឬមិនមានបញ្ហាក្នុងការកែច្នៃអាហារ និងកម្ចាត់ចោលកាកសំណល់ នៅពេលដែលពោះវៀនមានតុល្យភាព។ ប៉ុន្តែ ប្រសិនបើយើងសង្កេតឃើញមានរោគសញ្ញាផ្សេងៗដូចជាហើមពោះ ហ្គាស ក្រហាយទ្រូង រាករូស និងទល់លាមក វាបង្ហាញថាយើងកំពុងតែមានបញ្ហាជាមួយនឹងពោះវៀន។
តិចនិកថែទាំពោះវៀនឲ្យមានសុខភាពល្អ
បញ្ហាពោះវៀន ក៏អាចជះឥទ្ធិពលដល់ផ្នែកដទៃទៀតនៃរាងកាយរបស់យើង ដូចជាបេះដូង ខួរក្បាល ប្រព័ន្ធភាពស៊ាំ ទម្ងន់ កម្រិតអ័រម៉ូន និងសមត្ថភាពក្នុងការស្រូបយកសារធាតុចិញ្ចឹមជាដើម។ ដូចនេះ ដើម្បីថែទាំសុខភាពពោះវៀនឲ្យល្អ យើងគប្បីអនុវត្តតាមគន្លឹះខាងក្រោមនេះ។
- ស្រ្តេសអាចបំផ្លាញសុខភាពពោះវៀន ដូច្នេះហើយយើងគប្បីកាត់បន្ថយស្រ្តេស ដោយការហាត់យូហ្គា ធ្វើសមាធិ និងសកម្មភាពដទៃទៀតដែលយើងពេញចិត្ត ដូចជារាំ ស្ដាប់ចម្រៀង ឬគូររូប។
- ញ៉ាំអាហារដែលមានជាតិProbiotics និងអាហារដាក់មេ ដែលមានគុណប្រយោជន៍ដល់ពោះវៀន និងកាត់បន្ថយការរលាក។
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ចៀសវាងញ៉ាំអាហារមានជាតិស្ករច្រើន
- គេងឲ្យបាន៨ម៉ោងក្នុងមួយថ្ងៃ
- ញ៉ាំអាហារដែលសម្បូរដោយជាតិសរសៃ ដូចជាបន្លែ និងផ្លែឈើ
- កាត់បន្ថយការផឹកគ្រឿងស្រវឹង និងជក់បារី
- ចៀសវាងញ៉ាំអាហារកែច្នៃ អាហារចៀន អាហារកំប៉ុង និងអាហារដែលមានខ្លាញ់ច្រើន។
[embed-health-tool-bmr]