មនុស្សជាច្រើនបានចោទសំណួរឡើងថាតើការលេងទូរសព្ទពេលចូលបង្គន់អាចបង្កឲ្យមានជំងឺឫសដូងបាតពិតដែរឬទេ? ចម្លើយគឺអាច ហើយគ្រូពេទ្យបានព្រមានដែរថាការអង្គុយលើបង្គន់យូរអាចបង្កជំងឺឫសដូងបាត ព្រោះការអង្គុយបែបនេះអាចបន្ថែមសម្ពាធទៅលើសរសៃវ៉ែននៅរន្ធគូទ និងការប្រឹងបញ្ចេញលាមកក៏ជាមូលហេតុបង្កដែរ។
ពេលចូលបន្ទប់ទឹក មិនថាយើងអានសៀវភៅ ឬលេងទូរសព្ទទេ ហានិភ័យនៃការវិវត្តជំងឺឫសដូងបាតកាន់តែខ្ពស់នៅពេលយើងអង្គុយលើចានបង្គន់កាន់តែយូរ។ ការលេងទូរសព្ទនេះគឺមិនប៉ះពាល់ដោយផ្ទាល់ទៅនឹងការកើតជំងឺឫសដូងបាតទេ តែការលេងទូសព្ទពេលចូលបន្ទប់ទឹកនឹងធ្វើឲ្យយើងចំណាយពេលយូរអង្គុយលើចានបង្គន់ ដែលជាហេតុនាំឲ្យមានហានិភ័យកើតជំងឺឫសដូងបាត។
រឿងដែលថាទូរសព្ទក្លាយជាមូលហេតុនៃជំងឺនេះគឺដោយសារទូរសព្ទមានភាពងាយស្រួលក្នុងយកតាមខ្លួនគ្រប់ទីកន្លែង ហើយបញ្ហាចម្បងគឺថាយើងនឹងអង្គុយលើបង្គន់យូរព្រោះរវល់នឹងទូរសព្ទ ទោះបីជាយើងបានបន្ទោរបង់រួចហើយក៏ដោយ។ ជំងឺឫសដូងបាតជាទូទៅបង្កដោយការប្រឹងបញ្ចេញលាមកដែលយូរៗទៅអាចធ្វើឲ្យជាលិកាទ្រទ្រង់រន្ធគូទមានការដាច់រលាត់។
ជំងឺឫសដូងបាតគឺមាន២ប្រភេទ។ ប្រភេទទី ១ គឺឫសដូងបាតនៅខាងក្នុង និងប្រភេទមួយទៀតគឺឫសដូងបាតខាងក្រៅ។ រោគសញ្ញារបស់ជំងឺរួមមានការហូរឈាមក្រោយពេលបន្ទោរបង់ និងមានអារម្មណ៍ថាចង់បន្ទោរបង់ទៀតក្រោយពីបន្ទោរបង់ហើយ។
វេជ្ជបណ្ឌិត Meheshinder Singh អ្នកពិគ្រោះជំងឺទូទៅ និងអ្នកជំនាញវះកាត់ពោះវៀនធំនៅមន្ទីរពេទ្យ Pantai ប្រទេសម៉ាឡេស៊ីបានណែនាំមិនឲ្យលេងពពួកគ្រឿងអេឡិតត្រូនិច ជាពិសេសទូរសព្ទដៃពេលចូលបង្គន់ឡើយ។ ប៉ុន្តែនេះអាចនឹងមានលំបាកសម្រាប់ក្មេងៗជំនាន់នេះ។
ចំណែកវេជ្ជបណ្ឌិត Sarah Jarvis ឯកទេសជំងឺទូទៅ និងជាប្រធានគេហទំព័រ Patient.info ក៏បានលើកឡើងដែរថាដើម្បីចៀសវាងជំងឺឫសដូងបាតគួរញ៉ាំអាហារជាតិសរសៃឲ្យបានច្រើន ហាត់ប្រាណឲ្យបានទៀងទាត់ និងចៀសវាងការលេងទូរសព្ទពេលចូលបង្គន់។