ជំងឺបាក់ទឹកចិត្តនៅលើយុវវ័យ គឺជាបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរមួយដែលបណ្ដាលឲ្យយើងមានអារម្មណ៍សោកសៅ ឬលែងមានចំណាប់អារម្មណ៍ធ្វើអ្វីៗទាំងអស់។ ជំងឺនេះអាចជះឥទ្ធិពលមិនល្អទៅដល់ការគិត អារម្មណ៍ និងឥរិយាបថ ថែមទាំងអាចបណ្ដាលឲ្យមានបញ្ហាប៉ះពាល់ទៅដល់រាងកាយដូចគ្នា។ ចុះហេតុអីបានជាយុវវ័យសព្វថ្ងៃ ងាយរងគ្រោះដោយសារបញ្ហាផ្លូវចិត្ត?
ចំពោះក្មេងៗជំទង់ អាចប្រឈមនឹងផលវិបាកច្រើនដែលផ្លូវចិត្តមិនអាចគ្រប់គ្រង និងចេះរកវិធីដោះស្រាយបាន។ ចំពោះមូលហេតុដែលបណ្ដាលឲ្យកើតជំងឺបាក់ទឹកចិត្ត នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែមានបញ្ហាជាច្រើនដែលអាចពាក់ព័ន្ធនឹងជំងឺនេះរួមមាន៖
អ័រម៉ូន- ការប្រែប្រួលតុល្យភាពរបស់អ័រម៉ូនក្នុងរាងកាយអាចជាកត្តាមួយដែលបណ្ដាលឲ្យកើតជំងឺបាក់ទឹកចិត្ត។
ជួបហេតុការប៉ះទង្គិចផ្លូវចិត្តពីក្មេង- ព្រឹត្តិការណ៍តក់ស្លុតផ្សេងៗដែលកើតឡើងទៅលើក្មេងៗនៅពេលវ័យតូចពេក ដូចជា បាត់បង់មនុស្សជាទីស្រលាញ់ ម៉ាក់ប៉ាលែងលះគ្នា ឬរងនូវការរំលោភបំពាន ប្រើអំពើហិង្សាលើ អាចជាកត្តាមួយដក់ជាប់នៅក្នុងខួរក្បាល ដែលងាយធ្វើឲ្យកើតបញ្ហាផ្លូវចិត្ត។
តំណពូជ- បញ្ហាផ្លូវចិត្តមួយនេះ ភាគច្រើនក៏កើតទៅលើមនុស្សដែលធ្លាប់មានសមាជិកគ្រួសារកើតជំងឺបាក់ទឹកចិត្តដែរ (ដូច មានតាយាយ ឬម៉ាក់ប៉ាមានជំងឺបាក់ទឹកចិត្ត)។
មានផ្នត់គំនិតគិតអវិជ្ជមាន- ក្មេងៗវ័យជំទង់ប្រឈមនឹងការគិតអវិជ្ជមាន ជាពិសេសនៅពេលដែលត្រូវបរាជ័យក្នុងអ្វីមួយ ឬពេលត្រូវម៉ាក់ប៉ាស្ដីបន្ទោស ហើយក៏ចាប់ផ្ដើមមានអារម្មណ៍ថាអស់សង្ឃឹម។ នេះក៏ជាកត្តាមួយដែលអាចឲ្យក្មេងៗប្រឈមនឹងជំងឺបាក់ទឹកចិត្តដែរ។
ក្រៅពីនេះ ការដែលបរាជ័យក្នុងការសិក្សា បរិយាកាសនៅក្នុងផ្ទះអាប់អួ គ្មានភាពកក់ក្ដៅ ក៏អាចជាបញ្ហាប៉ះពាល់ដល់ផ្លូវចិត្តក្មេងៗដែលងាយឲ្យកើតជំងឺបាក់ទឹកចិត្តដូចគ្នាដែរ។ ហើយឥឡូវនេះ យុវវ័យភាគច្រើនងាកទៅរកការសេពគ្រឿងស្រវឹង ជក់បារី ឬប្រើប្រាស់គ្រឿងញៀន ដើម្បីជាដំណោះស្រាយឲ្យអារម្មណ៍បានធូរស្រាល ទាំងដឹងថាការធ្វើបែបនេះ កាន់តែប៉ះពាល់ទៅដល់សុខភាពរាងកាយរបស់ខ្លួនវិញ។
ចុះបើក្មេងៗកើតជំងឺផ្លូវចិត្ត យើងអាចដឹងបានដោយរបៀបណា?
ការប្រែប្រួលផ្លូវអារម្មណ៍របស់ក្មេងដែលយើងគួរចាប់អារម្មណ៍៖
– មានអារម្មណ៍ពិបាកចិត្ត (ពេលខ្លះក៏យំ មិនដឹងមូលហេតុ)
– ឆេវឆាវ ឆាប់ខឹងច្រើន (សូម្បីតែរឿងតូចក៏ធ្វើឲ្យខឹងបាន)
– បាត់បង់ចំណង់ធ្វើអ្វីៗគ្រប់យ៉ាង
– មិនសូវជឿជាក់លើខ្លួនឯង
– ពិបាកផ្ចង់អារម្មណ៍ ពិបាកគិត ឬសម្រេចចិត្ត
– មានអារម្មណ៍ថាគ្មានប្រយោជន៍ អស់សង្ឃឹម ។ល។
– អាកប្បកិរិយាដែលយើងគួរកត់សម្គាល់៖
– ពិបាកគេង ឬមានបញ្ហាគេងមិនលក់រ៉ាំរ៉ៃ
– ផ្លាស់ប្ដូរចំណង់អាហារ (លែងចង់ញ៉ាំអាហារ ឬញ៉ាំច្រើន)
– ប្រើគ្រឿងស្រវឹង ឬគ្រឿងញៀន
– គិត និយាយ ឬធ្វើចលនាយឺតៗ
– ផ្ដាច់ខ្លួនចេញពីសង្គម
– លែងខ្វល់ខ្វាយពីសុខភាព ឬរូបរាងខាងក្រៅ
– ធ្វើបាបខ្លួនឯង (ដូចជាអាដៃជើង …)
– មានគំនិតចង់សម្លាប់ខ្លួន ឬធ្លាប់ព្យាយាមសម្លាប់ខ្លួន។ល។
ទាក់ទងនឹងបញ្ហាផ្លូវចិត្តនេះ យើងមិនអាចរកមធ្យោបាយច្បាស់លាស់ណាមួយដើម្បីទប់ស្កាត់វាមិនឲ្យកើតឡើងទេ ប៉ុន្តែយើងអាចរកវិធីចៀសវាងពីបញ្ហានេះដោយ៖
១.រៀនគ្រប់គ្រងស្ត្រេស (កុំឲ្យទុកក្នុងខ្លួនច្រើនពេក បើអាចរកពេលកម្ចាត់ចោលខ្លះ)
២.រកជំនួយពីមនុស្សជុំវិញខ្លួន
៣.ព្យាបាលឲ្យបានឆាប់ នៅពេលចេញសញ្ញាដំបូងថា ខ្លួនមានបញ្ហាផ្លូវចិត្ត
៤.គេងឲ្យបានគ្រប់គ្រាន់ (គេងសំខាន់ណាស់ ចំពោះបញ្ហាផ្លូវអារម្មណ៍)
៥.មានរបបអាហារល្អ (ក្នុងមួយពេលៗ ត្រូវមានសាច់ បន្លែ ផ្លែឈើ សម្បូរដោយវីតាមីន ជាតិរ៉ែ ដែលរាងកាយត្រូវការ បើអាចលេបថ្នាំវីតាមីនបន្ថែម)
៦.ញ៉ាំឲ្យឆ្អែតៗ និងហាត់ប្រាណឲ្យបានទៀងទាត់ (ការហាត់ប្រាណក៏ជាវិធីមួយជួយសម្រួលអារម្មណ៍បានដែរ)
៧.កាត់បន្ថយជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង
៨.មិនត្រូវយកគ្រឿងញៀន មកធ្វើជាដំណោះស្រាយដាច់ខាត។ល។