ជំងឺខ្លាចកន្លែងចង្អៀត (Claustrophobia) ជាអាការៈភ័យពេលនៅកន្លែងបិទជិត ឬតូចចង្អៀតមិនមានច្រកចេញ។ គេឲ្យឈ្មោះថា “ជំងឺថប់បារម្ភ” ហើយបង្កឡើងដោយកន្លែងតូចចង្អៀត មានដូចជា ជណ្តើរយន្ត បន្ទប់គ្មានបង្អួច ឬសូម្បីតែសម្លៀកបំពាក់តឹងពេកក៏ដោយ។ គេចាត់ទុកថាជាការភ័យខ្លាចមិនសមហេតុផល នាំឱ្យមានការស្លន់ស្លោទៀត។
មានមនុស្សត្រឹម ៥% ទៅ ៧% ប៉ុណ្ណោះលើពិភពលោកដែលកើតជំងឺនេះ ហើយក្នុងនោះមានចំនួនតិចណាស់ដែលបានព្យាបាល ឬធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ។
១- រោគសញ្ញាជំងឺខ្លាចកន្លែងចង្អៀត
កើតដោយសារមានការដាក់កម្រិត សម្ពាធ និងការថប់អារម្មណ៍ច្រើន។ អ្នកកើតជំងឺនេះ មកពីការទទួលបទពិសោធប៉ះទង្គិចរន្ធត់ៗកាលពីនៅតូច ដូចជា ត្រូវគេធ្វើបាប ឬចាប់ដាក់កន្លែងតូចចង្អៀត ហើយធ្វើឲ្យអារម្មណ៍ភ័យខ្លាចខ្លាំងមិនបាត់ ទោះមិនបង្កគ្រោះថ្នាក់ក៏ដោយ។
នេះជាសញ្ញាជំងឺខ្លាចកន្លែងតូចចង្អៀត ពេលមានអារម្មណ៍តានតឹងណាមួយ ចាប់ផ្តើមបង្ហាញឡើង៖
– វិលមុខ
– បើកញើស
– ឈឺក្បាលតិចតួច
– ឈឺដើមទ្រូង
– មាត់ឡើងស្ងួត
– សម្ពាធឈាមកើនឡើង
– អាការៈញ័រខ្លួន
– អាការញ័រជង្គង់
– ដួលសន្លប់
– ចង់ក្អួត
– ចង្វាក់បេះដូងលោតលឿន
– វង្វេងវង្វាន់។
ទោះមិនមែនជាកន្លែងដែលមនុស្សត្រូវភ័យខ្លាច ប៉ុន្តែវាធ្វើឱ្យមានអារម្មណ៍ថាស្ទះៗ និងខ្វះអុកស៊ីហ្សែន ធ្វើឲ្យភ័យញាប់ញ័រឡើង។
២- ដំណាក់កាលកើតជំងឺខ្លាចកន្លែងតូចចង្អៀត
ការសិក្សាភាគច្រើនបង្ហាញថា ការកើតជំងឺខ្លាចកន្លែងតូចចង្អៀត កើតឡើងដោយសារបទពិសោធកាលពីនៅក្មេង មាន៖
– ធ្លាប់លង់ទឹក
– ត្រូវគេឃុំទុកនៅក្នុងទូ ឬកន្លែងតូចចង្អៀត
– ត្រូវគេទុកចោលតែម្នាក់ឯងនៅក្នុងឡាន ឬបន្ទប់ក្រោមដី
– ធ្លាប់វង្វេងឪពុកម្តាយនៅកន្លែងមានមនុស្សអ៊ូអរ
– ត្រូវគេចាក់សោឲ្យនៅក្នុងបន្ទប់ងងឹតចេញមិនបាន។
៣- ការព្យាបាល
យើងត្រូវចំណាយពេលយូរ ដើម្បីគេចឲ្យផុតពីស្ថានភាពទាំងនោះ។ នេះជាគោលការណ៍ណែនាំរបស់អូស្រ្តាលី ពីរបៀបឲ្យចៀសផុតពីអារម្មណ៍ភ័យខ្លាចទាំងនេះ៖
– ចៀសវាងការស្កេន MRI
– ចៀសវាងធ្វើដំណើរបែបប្រញាប់ៗ
– ត្រូវដើរជណ្តើរជើង ជំនួសជណ្តើរយន្ត ប្រអប់
– ពិនិត្យមើលច្រកចេញ និងបើកទ្វារភ្លាមៗ ពេលចូលបន្ទប់
– ចៀសវាងបើកបរច្រើនម៉ោង និងបញ្ហាកកស្ទះចរាចរណ៍
– នៅជិតច្រកចេញ ដើម្បីស្រួលចេញពីកន្លែងមានមនុស្សច្រើន។
ពេលចាប់ផ្តើមព្យាបាលជំងឺនេះ ពេទ្យជំនាញចិត្តសាស្រ្តតែងឲ្យអ្នកជំងឺរៀបរាប់ពីរោគសញ្ញា ដើម្បីដឹងពីស្ថានភាពថាកើតញឹកញាប់ប៉ុនណា ហើយឧស្សាហ៍កើតម៉េចដែរ។
បន្ទាប់ពីធ្វើរោគវិនិច្ឆ័យច្បាស់ហើយ អ្នកជំងឺខ្លាចកន្លែងតូចចង្អៀតនេះ ត្រូវការព្យាបាលដោយចិត្តសាស្ត្រ ព្យាបាលដោយថ្នាំ និងតម្រូវឲ្យហាត់ប្រាណ ឬប្រើថ្នាំធម្មជាតិ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕