គ្នាយើងកំពុងរៀន ច្បាស់ណាស់អាចនឹងរងសម្ពាធផ្លូវអារម្មណ៍ខ្លាំង ប៉ុន្តែហេតុអីនិសិត្សខ្លះអាចជម្នះសម្ពាធទាំងនេះបាន? ឯខ្លះទៀតបែរជាមានជំងឺបាក់ទឹកចិត្ត។
កត្តាជាច្រើនអាចនាំឲ្យគ្នាយើងបាក់ទឹកចិត្ត ដូចជា គេងមិនគ្រប់ ទម្លាប់ញ៉ាំអាហារមិនល្អ អត់ហាត់ប្រាណ សុទ្ធសឹងជាហេតុផលនាំឲ្យសិស្សនិស្សិតដូចយើង កាន់តែប្រឈមជំងឺបាក់ទឹកចិត្ត។ សម្ពាធនៅសាលា បញ្ហាលុយកាក់ សង្គម និងគ្រួសារ កាន់តែជំរុញឲ្យគ្នាយើងចង់បោះបង់ចោលការសិក្សា ខ្លះទៀតអាចនឹងឈានដល់សម្លាប់ខ្លួនក៏មាន។
១- អីទៅជាជំងឺបាក់ទឹកចិត្ត?
ជំងឺបាក់ទឹកចិត្ត ជាជំងឺផ្លូវអារម្មណ៍មួយប្រភេទដែលធ្វើឲ្យយើងមានអារម្មណ៍ក្រៀមក្រំសោកសៅខុសពីធម្មតា ហើយបាត់បង់ចំណាប់អារម្មណ៍រាល់សកម្មភាពធ្លាប់ចូលចិត្តពីមុន។
២- រោគសញ្ញាជំងឺបាក់ទឹកចិត្តមានអីខ្លះ?
សិស្សនិស្សិតដូចជាពួកយើង អាចមានអារម្មណ៍សោកសៅ ទុក្ខព្រួយ ម្តងអរម្តងភ័យ ប៉ុន្តែអារម្មណ៍ទាំងនោះ អាចបាត់ទៅវិញនាពេលណាមួយ។ អ្នកមានជំងឺបាក់ទឹកចិត្ត រាល់អ្វីបានឃើញអាចសុទ្ធតែអវិជ្ជមាន មិនថាអារម្មណ៍ ការគិត ឬសកម្មភាពយើងផ្ទាល់ ហើយរោគសញ្ញាមួយចំនួនអាចបញ្ជាក់យើងកំពុងមានជំងឺបាក់ទឹកចិត្តដូចជា៖
– មានអារម្មណ៍សោកសៅ អស់សង្ឃឹម ឬមិនខ្វាយខ្វល់មនុស្សជុំវិញខ្លួន
– ឆេវឆាវ ឆាប់ខឹង ទាស់ចិត្តគ្រប់រឿង
– លែងចាប់អារម្មណ៍រឿងគ្រប់យ៉ាង ទាំងសកម្មភាព ឬកីឡាធ្លាប់ចូលចិត្ត
– ប្រែប្រួលទម្លាប់គេង (គេងតិចពេក ឬច្រើនពេក)
– អស់កម្លាំង
– ឡើងគីឡូខ្លាំង ឬស្រកខ្លាំង
– ញ៉ាំច្រើនពេក ឬក៏តិចពេក
– មានអារម្មណ៍មិនស្ងប់ រសាប់រសល់ ភ័យព្រួយ
– ពិបាកផ្តោតអារម្មណ៍ធ្វើអ្វីមួយ
– ភ្លេចភ្លាំង
– ចង់ ឬធ្លាប់ព្យាយាមធ្វើអត្តឃាត
– ឈឺចាប់ក្នុងខ្លួនគ្មានមូលហេតុ
– មានអារម្មណ៍ខ្លួនយើងគ្មានតម្លៃ ឬគិតថាអ្វីគ្រប់យ៉ាងជាកំហុសយើង
– បញ្ញាអន់ថយ (គិត វិភាគ ឬដោះស្រាយបញ្ហាយឺតជាងធម្មតា)
– លទ្ធផលសិក្សាធ្លាក់ចុះ។ល។
៣- អ្វីម៉ាក់ប៉ាត្រូវធ្វើដើម្បីជួយកូន?
អាចជារឿងពិបាកសម្រាប់ប៉ាម៉ាក់ ចាប់អារម្មណ៍បញ្ហាធ្លាក់ទឹកចិត្តកូនៗ ជាពិសេស នៅពេលកូនទៅរៀននៅឆ្ងាយពីផ្ទះ ឆ្ងាយស្រុកកំណើត។ សិស្សនិស្សិតគ្នាយើង ជួបបញ្ហានេះវិញ ក៏ពិបាកស្វែងរកជំនួយដូចគ្នា អាចដោយសារខ្មាសអៀន ខ្លាចត្រូវក្រុមគ្រួសារ មិត្តភ័ក្ដិរើសអើង។
បើម៉ាក់ប៉ា គិតថាកូនៗកំពុងមានជំងឺបាក់ទឹកចិត្ត ត្រូវព្យាយាមនិយាយ ស្តាប់ទុក្ខព្រួយរបស់កូន ដើម្បីដឹងថាកូនៗកំពុងតែជួបបញ្ហាអ្វីខ្លះ ត្រូវចេះណែនាំ ជូនកូនទៅពិគ្រោះជាមួយពេទ្យជំនាញឲ្យបានឆាប់ ព្រោះជំងឺបាក់ទឹកចិត្តនេះ មិនអាចជាសះស្បើយដោយឯកឯងទេ ទាមទារការព្យាបាលត្រឹមត្រូវ។
មួយទៀត បើម៉ាក់ប៉ាបណ្តោយឲ្យស្ថានភាពកូនៗកាន់តែយ៉ាប់យ៉ឺន មិនព្យាបាល អាចនឹងក្លាយជាវិប្បដិសារី ព្រោះជំងឺនេះជាឃាតកសម្លាប់មនុស្សលឿនដូចផ្លេកបន្ទោរ អាចជំរុញកូនៗបោះបង់ការសិក្សា ធ្លាក់ខ្លួនក្នុងគ្រឿងញៀន គ្រឿងស្រវឹង អាក្រក់បំផុតនាំឲ្យគេធ្វើអត្តឃាតផងដែរ។
៤- វិធីបង្ការជំងឺបាក់ទឹកចិត្ត
គួរឲ្យសោកស្តាយ ជំងឺបាក់ទឹកចិត្តមិនមានវិធីបង្ការទេ ប៉ុន្តែប៉ាម៉ាក់ អាចព្យាយាមតាមរយៈឲ្យកូនៗរៀនសម្របជាមួយបញ្ហាប្រឈម មុនពេលឈានដល់ថ្នាក់មហាវិទ្យាល័យ។ លើកទឹកចិត្តកូនៗ ឲ្យឧស្សាហ៍និយាយពីអារម្មណ៍ពិត។ មួយទៀត បើកូនៗមិនដឹងថាគួរនិយាយប្រាប់អ្នកណា ត្រូវលើកទឹកចិត្តកូននិយាយជាមួយម៉ាក់ប៉ាតែម្តងទៅ (កុំស្តីបន្ទោស) ឬនាំកូនៗទៅជួបអ្នកជំនាញចិត្តសាស្ត្រ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬកព្យាបាលជូនទេ៕