backup og meta

នុ៎ះប្រុសៗ! ប្រយ័ត្នកើត​ជំងឺបាក់​ទឹក​ចិត្តដោយមិនដឹងខ្លួន

នុ៎ះប្រុសៗ! ប្រយ័ត្នកើត​ជំងឺបាក់​ទឹក​ចិត្តដោយមិនដឹងខ្លួន

កុំ​ចេះ​តែ​អាង​ខ្លួន​រឹង​មាំ​ជាង​ស្រីៗ គិត​ថា​មិន​អី​នោះ! ប្រយ័ត្ន​ទៅ​ពួក​ប្រុសៗ តិច​ថា “Hello គ្រូពេទ្យ” មិន​បាន​ដាស់​តឿន។ មាន​កត្តា​ច្រើន​ណាស់ ធ្វើ​ឲ្យ​ប្រុសៗ​ធ្លាក់​ក្នុង​ជំងឺ​បាក់​ទឹក​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន។ ហើយ​ដោយសារ​ ប្រុសៗ​មិន​ងាយ​ស្វែង​រក​ជំនួយ រឹង​ទទឹង​ មិន​ព្យាបាល ស្ថានភាព​ងាយ​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ មិន​ជា​ដោយ​ឯង​ទេ បើ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវពី​គ្រូពេទ្យ​ជំនាញ។

១- ជំងឺបាក់ទឹកចិត្តលើប្រុសៗ

ប្រុសៗ​អាច​ទទួលស្គាល់ និង​រៀបរាប់​ពី​រោគ​សញ្ញា​ជំងឺ​បាក់​ទឹកចិត្ត​ជាង​ច្រើន​ជាង​ស្រីៗ ដូច​ជា​ អារម្មណ៍​អស់​កម្លាំង​ ឬ​ស្រក​ទម្ងន់។ ប្រុសៗ​អាច​នឹង​មាន​អារម្មណ៍​ឆេវឆាវ ឆាប់​ខឹង ជាជាង​និយាយប្រាប់​នរណា​ម្នាក់ ថា​ខ្លួន​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត។ យើង​ទាំង​អស់​គ្នា ជា​ធម្មតា​ អ្នកណា​ក៏​ធ្លាប់​មាន​អារម្មណ៍​ “បាក់​ទឹក​ចិត្ត” ដែរ ប៉ុន្តែ​បើ​អារម្មណ៍​សោក​សៅ​ក្រេវក្រោធ គេង​មិន​លក់ ពិបាក​ប្រមូល​អារម្មណ៍​លើ​អ្វី​មួយ ច្រើន​ជាង​ពីរ​សប្ដាហ៍ ប្រាកដ​ណាស់ ​ប្រុសៗ​គ្នា​យើង​អាច​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ចំណង់​ផ្លូវ​ភេទ ក៏មាន​ការ​ថយ​ចុះ រួម​ទាំង​ការងារ​ផ្សេង​ទៀត យើង​ធ្លាប់​ចូល​ចិត្ត​ ក៏​បាត់​អស់​ដូច​គ្នា។ មាន​ការ​វាយ​តម្លៃ​ថា បុរស​ម្នាក់​ ក្នុង​ចំណោម​បុរស ៨នាក់ មាន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។ ហេតុ​នេះ ចាំ​បាច់​ណាស់ យើង​ត្រូវ​ស្វែង​យល់​ពី​ជំងឺ​នេះ​ឲ្យ​បាន ព្រោះ​មិន​ត្រឹម​តែ​លើ​ខ្លួន​ឯង​ទេ ថែម​ទាំង​អាច​លើ​សមាជិក​គ្រួសារ ក៏​ដូច​មិត្តភក្ដិ​យើង​ជា​ដើម។

២- រោគសញ្ញាជំងឺបាក់ទឹកចិត្តលើប្រុសៗ

ហេតុ​ផល​ជាច្រើន​បង្ហាញ​ថា រោគសញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​លើ​ប្រុសៗ មិន​បាន​បង្ហាញ​ឲ្យដឹង​តាមរយៈ​ផ្លូវ​អារម្មណ៍​ទេ ដោយសារ​បុរសៗ​ចូលចិត្ត​បដិសេធ ហើយ​គិត​ថា​ខ្លួន​ជា​មនុស្ស “រឹងមាំ” ជាង​ស្រីៗ។ ប៉ុន្តែ​ចុងបញ្ចប់ គេ​រក​ឃើញ​ថា ប្រុសៗ​មាន​ជំងឺ​បាក់ទឹកចិត្ត គឺ​ស្ដែង​ចេញ​តាមរយៈ​រោគ​សញ្ញា​លើ​រាង​កាយ ដូចជា អស់​កម្លាំង ល្ហិតល្ហៃ ជាដើម។ សញ្ញា យ៉ាង​ខាង​ក្រោម បង្ហាញ​ថា​ប្រុសៗ​គ្នា​យើង​កំពុង​ប្រឈមជំងឺ​បាក់ទឹក​ចិត្ត​ធ្ងន់ធ្ងរ៖

– ឈឺ​ចាប់​លើ​រាង​កាយ៖ ជួន​កាល ជំងឺ​បាក់​ទឹក​ចិត្ត​លើ​ប្រុសៗ បង្ហាញ​ជា​រោគសញ្ញា​លើ​រាងកាយ​ ដូចជា ឈឺ​ឆ្អឹងខ្នង ​ឈឺ​ក្បាល​ញឹកញាប់ គេង​មិន​លក់ មាន​បញ្ហា​ផ្លូវ​ភេទ ឬ​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ ជា​ដើម។

– ពិបាក​គ្រប់គ្រង​កំហឹង៖ ឆេវឆាវ ពេលខ្លះ​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ក៏​មាន​ ដោយ​សារ​គ្រប់គ្រង​កំហឹង​ពុំ​បាន​ល្អ។

– ខ្វះ​ការ​ប្រុងប្រយ័ត្ន៖ បុរស​កំពុង​រង​ការ​ឈឺចាប់​ពី​ជំងឺបាក់​ទឹក​ចិត្ត អាច​បង្ហាញ​អាកប្បកិរិយា​គ្រោះថ្នាក់ ឬ​ប្រថុយ​ប្រថាន ដូចជា ស្វែងរក​ប្រភេទ​កីឡា​ណា​គ្រោះថ្នាក់​បំផុត បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន រួមភេទ​មិន​គិត​ពី​សុវត្ថិភាព​ ជា​ដើម។ ក្រៅ​ពី​នេះ អាច​ក្លាយ​ជា​ប្រមឹក ឬ​ប្រើប្រាស់​ថ្នាំ​ញៀន និង​ល្បែង​ស៊ី​សង​ថែម​ទៀត​ផង។

៣- កត្តាបង្កឲ្យកើតជំងឺបាក់ទឹកចិត្តលើប្រុសៗ

មាន​កត្តា​ជាច្រើន ដូចជា​ កត្តា​ជីវសាស្ត្រ​ ផ្លូវ​ចិត្ត​ និង​កត្តា​សង្គម សុទ្ធ​តែ​រួម​ចំណែក​បណ្ដាល​ឲ្យ ប្រុស​គ្នា​យើង កើត​ជំងឺ​បាក់​ទឹក​ចិត្ត។ ព្រឹត្តិការណ៍​តានតឹង​ក្នុង​ជីវិត ធ្វើ​ឲ្យ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ ​ដូចជា៖

– តានតឹង​នៅ​កន្លែង​ធ្វើការ សាលា​រៀន ឬ​នៅផ្ទះ

– បញ្ហា​អាពាហ៍ពិពាហ៍ ឬ​ទំនាក់​ទំនង

– មិន​អាច​សម្រេច​បំណង​ប្រាថ្នា

– បាត់បង់​តួនាទី ឬ​ការងារ

– បញ្ហា​លុយកាក់

– បញ្ហា​សុខភាព ដូចជា ជំងឺ​រ៉ាំរ៉ៃ ឬ​ពិការ​ភាព

– ផ្ដាច់​បារី​ភ្លាមៗ

– បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់

– ទទួល​បន្ទុកធ្ងន់​ក្នុង​គ្រួសារ (មាន​កូន ​ឪពុក ម្ដាយ ​ក្នុង​បន្ទុក)

– ចូល​និវត្តន៍ ឬ​បាត់បង់​ភាព​ម្ចាស់ការ​លើ​ខ្លួន​ឯង។

៤- វិធីបង្ការកុំឲ្យកើតជំងឺបាក់​ទឹកចិត្ត

ផ្លាស់ប្ដូរ​របៀប​រស់នៅ​បែប​វិជ្ជមាន អាច​ជួយ​បំបាត់​អារម្មណ៍​បាក់​ទឹកចិត្ត និង​បង្ការ​មិន​ឲ្យ​កើត​ឡើង​វិញ ដូចជា៖

– មិន​ត្រូវ​នៅ​តែឯង ចេះ​រៀបចំ​ពេល​វេលា​ឲ្យ​មាន​ប្រសិទ្ធិភាព

– កុំ​នៅ​ស្ងៀម​មួយ​កន្លែង ហាត់​ប្រាណ​ឲ្យ​បាន​ញឹកញាប់

– យល់​ដឹង​អំពី​ការ​ប្រើប្រាស់​អាស៊ីដ​អូមេហ្គា ៣ អាច​ជួយ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ល្អ

– ចំណាយ​ពេល​ក្រៅ​ផ្ទះ ស្រូប​ពន្លឺ​ព្រះអាទិត្យ​ឲ្យ​រាល់​ថ្ងៃ

– គេង​ឲ្យ​បាន​ច្រើន ចន្លោះ​ពី ៧-៩ ម៉ោង​ក្នុង​មួយថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ឡើយ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Depression in Men. https://www.helpguide.org/articles/depression/depression-in-men.htm . Accessed January 14, 2017.

12 Signs of Depression in Men. http://www.health.com/health/gallery/0,,20521449,00.html . Accessed January 14, 2017.

Depression in men. https://www.beyondblue.org.au/who-does-it-affect/men/depression-in-men . Accessed January 14, 2017.

Depression in Men. http://www.webmd.com/depression/depression-men . Accessed January 14, 2017.

 

កំណែ​ប្រែបច្ចុប្បន្ន

14/02/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Feb 14, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម