ជុំវិញពិភពលោក អ្នកមានជំងឺផ្លូវចិត្ត អាចឆាប់ស្លាប់មុនអាយុ រហូតដល់ ២០ឆ្នាំ បើធៀបនឹងមនុស្សទូទៅ ហើយសមាគមសុខភាពផ្លូវចិត្តអន្តរជាតិជាច្រើន បានស្នើឲ្យរដ្ឋាភិបាល និងអ្នកផ្ដល់សេវាសុខភាព យកចិត្តទុកដាក់ និងធ្វើការបន្ថែមទៀត លើបញ្ហានេះ។
លោក Joseph Firth អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Maทchester និងជានាយកសមាគមសុខភាពផ្លូវចិត្ត Lancet របស់អង់គ្លេស បានវិភាគលើការសិក្សាចំនួន ១០០ ដោយបានរកឃើញថា អ្នកជំងឺផ្លូវចិត្តជាច្រើន មិនមែនស្លាប់ដោយសារអត្តឃាតនោះទេ ប៉ុន្ដែដោយសារសុខភាពផ្លូវកាយខ្សោយ ដែលបញ្ហានេះ អាចបង្ការបាន។
អ្នកជំងឺផ្លូវចិត្ត ប្រឈមហានិភ័យ ២ដង ជាមួយនឹងជំងឺបេះដូងបណ្ដាលមកពីមេតាប៉ូលិស ដូចជាជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកជំងឺបាក់ទឹកចិត្ត ប្រឈមជំងឺទឹកនោមផ្អែម និងជំងឺធាត់ ៤០% ខ្ពស់ជាងប្រជាជនទូទៅ។
អ្នកស្រាវជ្រាវ សង្កត់ធ្ងន់ថា ជំងឺផ្លូវចិត្ត អាចបង្កើនហានិភ័យនៃជំងឺផ្លូវកាយ ហើយជំងឺផ្លូវកាយនេះ អាចបង្កើនហានិភ័យនៃជំងឺផ្លូវចិត្ត។ អ្នកស្រាវជ្រាវថា ជំងឺធាត់ និងទឹកនោមផ្អែម អាចបង្កើនហានិភ័យ នៃការវិវត្តទៅរកបញ្ហាផ្លូវចិត្ត។
ពេលខ្លះ ដោយសារការព្យាបាលជំងឺផ្លូវចិត្ត អាចបង្កើត ឬធ្វើឲ្យសុខភាពរាងកាយកាន់តែខ្សោយជាងមុន។ អ្នកស្រាវជ្រាវ រកឃើញថា ថ្នាំប្រើប្រាស់ ដើម្បីព្យាបាលជំងឺផ្លូវចិត្ត រួមមានថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត ប្រឆាំងបញ្ហាផ្លូវចិត្ត និងជួយសម្រួលអារម្មណ៍ អាចប៉ះពាល់ធ្ងន់ធ្ងរដល់មេតាប៉ូលិស និងសុខភាពបេះដូង។ ក្រៅពីនេះ អ្នកមានជំងឺផ្លូវចិត្ត មានទម្លាប់រស់នៅពុំមានសុខភាពល្អ ដូចជា ចូលចិត្តជក់បារី ផឹកគ្រឿងស្រវឹង និងហាត់ប្រាណតិចតួច។
អត្ថបទពាក់ព័ន្ធ៖