ស្ត្រេសមានកម្រិតរបស់វា ដំបូងគ្រាន់តែស្ត្រេសធម្មតា ឬតិចតួចប៉ុណ្ណោះ ប៉ុន្តែបើមិនរកពេលដើម្បីកាត់បន្ថយខ្លះ នោះស្ថានការណ៍កាន់តែវិវត្តធ្ងន់ធ្ងរទៅ។
គ្នាយើងមានសញ្ញាទាំងនេះអត់ បើមានបញ្ជាក់ថាខ្លួនយើងកំពុងតែស្ត្រេសដល់កំពូលហើយ ប្រញាប់រកវិធីរត់ចេញពីអារម្មណ៍ដ៏អាប់អួរនេះ។
១- ឈឺក្បាល
ឈឺក្បាលម្ដងម្កាលមិនចោទជាបញ្ហានោះទេ តែបើឈឺជាប់រហូតដោយគ្មានមូលហេតុ ឬឈឺក្បាលខ្ទោកៗ នោះជាសញ្ញានៃការកើតជំងឺស្ត្រេសកម្រិតធ្ងន់ធ្ងរហើយ។
អត្ថបទពាក់ព័ន្ធ៖ “ស្ត្រេស” ធ្វើឲ្យខួរក្បាលរួមតូច និងមានបញ្ហាធ្ងន់ធ្ងរ
២- មានបញ្ហាស្បែក
កាលណាស្ត្រេសខ្លាំង ស្បែកប្រែខ្មៅស្រអាប់ ស្ងួត ជ្រីវជ្រួញ មិនភ្លឺរលោង ពេលខ្លះមានចេញមុនលើមុខ លើខ្នងទៀត។
៣- គេងមិនលក់
សញ្ញាដំបូងៗស្ត្រេស គ្រាន់តែគេងមិនលក់ពេលខ្លះប៉ុណ្ណោះ តែបើស្ត្រេសដល់កំពូលហើយគេងក៏មិនលក់ដែរ ខួរក្បាលអត់សម្រាកទេ ចេះតែគិតរឿងនេះរឿងនោះមិនឈប់ឈរ ឬពេលខ្លះស្រមើស្រមៃរហូតឈានដល់ជំងឺបាក់ទឹកចិត្តទៀត បើមិនចេះគ្រប់គ្រង។
៤- ឈឺទ្រូង
ពេលអារម្មណ៍តានតឹងខ្លាំង យូរៗទៅមិនត្រឹមតែបង្កឲ្យឈឺក្បាលមួយមុខទេ បណ្តាលឲ្យឈឺទ្រូង ឈឺខ្នង ឈឺសាច់ដុំ។
អត្ថបទពាក់ព័ន្ធ៖ ស្ត្រេសខ្លាំងមែនអត់? នេះវិធីសាស្ត្រដោះស្រាយ
៥- បែកញើស
កើតស្ត្រេសដល់កំពូល ធ្វើឲ្យត្រជាក់ចុងដៃចុងជើង និងមានបែកញើសស្អិត រសាប់រសល់ ទោះបីជាគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ក្តី។
៦- បេះដូងដើរញាប់
ស្ត្រេសខ្លាំងពេក ធ្វើឲ្យចង្វាក់បេះដូងដើរញាប់ខុសធម្មតា (ញ័រទ្រូង) សាច់ដុំក៏ឡើងតឹង ធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ កើតជំងឺលើសឈាម និងបេះដូង។
៧- បាត់បង់ចំណង់ផ្លូវភេទ
ទាំងបុរសទាំងស្រ្តី កាលណាស្ត្រេសវាយលុកកាន់តែខ្លាំង នោះចំណង់ផ្លូវភេទក៏ថយចុះទៅតាមនោះដែរ ពេលខ្លះអស់អារម្មណ៍រឿងលើគ្រែតែម្តង។
អត្ថបទពាក់ព័ន្ធ៖ ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហាក្នុងរូបភាពណាខ្លះ?
៨- ឈឺញឹកញាប់
កើតស្ត្រេសហើយ ជំងឺផ្សេងទៀតក៏មករុកកួនដែរ មានន័យថា ឈឺឥតល្ហែរ អស់ពីមួយមុខ ចូលមួយមុខទៀត ហើយឧស្សាហ៍កោសខ្យល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕