បញ្ហាស្ត្រេស ស្មុគស្មាញរឿងអ្វីមួយ យើងគ្រប់គ្នាសុទ្ធតែអាចជួបប្រទះគ្រប់ពេល ច្រើនដងក្នុងជីវិតប្រចាំថ្ងៃ គ្រាន់តែគ្នាយើងខ្លះ ចេះរកដំណោះស្រាយ ជាមួយគំនិតវិជ្ជមាន មើលឃើញអ្វីអាចធ្វើឲ្យមានអារម្មណ៍ល្អ និងមិនប៉ះពាល់សុខភាព។ ប៉ុន្តែគ្នាយើងខ្លះ សម្រេចចិត្តមើលកុន ជាវិធីសាស្ត្រកាត់បន្ថយស្ត្រេសបានខ្លះដែរ។ ប៉ុន្តែគ្នាយើងចូលចិត្តមើលកុន រំសោយស្រ្តេស គួរប្រយ័ត្នបន្តិចទៅ កុនអាចធ្វើឲ្យស្រស់ស្រាយ ក៏អាចប៉ះពាល់ធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្តដូចជា។ អត្ថបទនេះ នឹងពន្យល់ពីមូលហេតុឲ្យយើងបានដឹង។
១- ទំនាក់ទំនងរវាងការមើលកុនលើផ្លូវអារម្មណ៍
មើលកុន ដូចជារឿងកំប្លែង ច្បាស់ជាធ្វើឲ្យយើងសើចក្អាកក្អាយ ជួយកាត់បន្ថយស្ត្រេស ឃ្លាតឆ្ងាយពីភាពតានតឹងផ្សេងៗ និងធ្វើឲ្យស្មារតីល្អពិតមែន។ ប៉ុន្តែការសិក្សាមួយ ធ្វើឡើងដោយអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក រកឃើញថា ការសើចខ្លាំងៗអំឡុងពេលកំពុងមើលរឿងកំប្លែង ធ្វើឲ្យសរសៃឈាមយើងរីកធំដល់ទៅប្រមាណ ២២% ជាហេតុនាំឲ្យសម្ពាធឈាមថយចុះ។
ក្រឡេកទៅកាន់រឿងបែបភ័យរន្ធត់ ផ្សងព្រេង ឬរឿងខ្មោចជាដើម ក៏ធ្វើឲ្យនាំបម្រែបម្រួលផ្លូវអារម្មណ៍ និងរាងកាយដូចគ្នា ធ្វើឲ្យអារម្មណ៍យើងតក់ស្លុតខ្លាំង ដូចគ្នាទៅនឹងគ្នាយើងចូលចិត្ដកីឡាលោតឆ័ត្រយោង ឡើងជម្រាលថ្មភ្នំខ្ពស់ៗ ឬកីឡាបែបផ្សងព្រេងផ្សេងទៀត។ ពេលមើលរឿងភ័យរន្ធត់ រាងកាយយើង នឹងជំរុញឲ្យមានការបញ្ចេញអ័រម៉ូនអាដ្រេណាលីន និងករទីសុល ដោយអ័រម៉ូនទាំងពីរនេះ ធ្វើឲ្យយើងនឹកឃើញដល់រឿងអាក្រក់ៗធ្លាប់កើតឡើងពីមុន ដូចនេះ បើធ្លាប់មានរឿងមិនល្អកើតឡើងកាលពីអតីតកាល មិនគួរមើលរឿងប្រភេទនេះទេ។
ភាពយន្តមនោសញ្ចេតនា ក៏ស្រដៀងគ្នាជាមួយរឿងបែបកំប្លែងដែរ ហើយទាំងពីរនេះ អាចជួយមិនឲ្យយើងគិតច្រើន ខ្វាយខ្វល់ជាមួយបញ្ហាជុំវិញបាន។ ក្នុងរឿងបែបមនោសញ្ចេតនា នៅពេលតួអង្គក្នុងរឿងធ្វើខុសអ្វីមួយ បើកំហុសនោះស្រដៀងគ្នា ជាមួយកំហុសយើងធ្លាប់ធ្វើ នោះនឹងធ្វើឲ្យយើងបានធូរស្រាលចិត្ដច្រើន លែងគិតអវិជ្ជមានពីបញ្ហាណាមួយកំពុងប្រឈម អាចជួយឲ្យខួរក្បាលដំណើរការល្អ គិតរកដំណោះស្រាយវិជ្ជមានបានទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ចាស់ៗមិនកុហកទេ “សើចច្រើនកើនអាយុ” ញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ!
- ស្តាប់ចម្រៀង មានឥទ្ធិពលល្អខ្លាំងលើខួរក្បាល
២- អារម្មណ៍ធ្វើឲ្យប៉ះពាល់ដល់សុខភាពម៉េចខ្លះ?
ខ្លួនប្រាណយើង តែងតែឆ្លើយតបជាមួយការគិត អារម្មណ៍ ក៏ដូចជាសកម្មភាពយើងជានិច្ច ត្រូវចាត់ទុកជាទំនាក់ទំនងមួយ ជាភាសាបច្ចេកទេសហៅថា Mind/Body Connection។ យើងទាំងអស់គ្នាសុទ្ធតែដឹងថា រាងកាយយើង ធ្វើសកម្មភាពទៅតាមអារម្មណ៍ ហេតុនេះ បើសុខភាពផ្លូវចិត្ដធ្លាក់ចុះ ក៏ធ្វើឲ្យប្រព័ន្ធការពារក្នុងខ្លួនថយចុះដូចគ្នា នាំឲ្យយើងងាយកើតជំងឺផ្ដាសាយ ឬឆ្លងជំងឺផ្សេងទៀត ពេលកំពុងពិបាកចិត្ដ។ លើសពីនេះ ពេលយើងស្ត្រេស ថប់បារម្ភ ឬអន់ចិត្ដ ច្បាស់ជាមិនបានមើលថែខ្លួនគ្រប់គ្រាន់ទេ។ ដូចនេះ គេសង្កេតឃើញថាមនុស្សមានអារម្មណ៍មិននឹងនរ តែងតែមានជំងឺជាប់ជាប្រចាំ ហើយបញ្ហាសុខភាពមួយចំនួនឧស្សាហ៍ជួបប្រទះបំផុត មានដូចជា៖
– ឈឺចង្កេះ
– ចំណង់អាហារប្រែប្រួល
– ឈឺក្នុងទ្រូង
– ទល់លាមក ឬរាករូស
– ស្ងួតមាត់
– ហត់អស់កម្លាំងខ្លាំង
– ឈឺចុកចាប់ពេញខ្លួន
– ឈឺក្បាល
– សម្ពាធឈាមកើនឡើង
– គេងមិនលក់
– ងងឹតមុខ
– ញ័រក្នុងទ្រូង (បេះដូងលោតញាប់)
– មានបញ្ហារឿងរួមភេទ
– ដកដង្ហើមមិនដល់គ្នា
– រួយកញ្ចឹងក
– បែកញើស
– ឈឺក្រពះ
– ស្រក ឬឡើងគីឡូ។
ត្រូវចេះសង្កេតមើលអារម្មណ៍ខ្លួនយើង ត្រូវស្វែងរកមូលហេតុនាំឲ្យយើងមានអារម្មណ៍បែបនោះ រកមូលហេតុធ្វើឲ្យយើងពិបាកចិត្ដ ស្ត្រេស និងថប់បារម្ភ កំពុងកើតឡើងក្នុងជីវិតយើង ទើបអាចជួយយើង អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ហេតុនេះ បើពិបាកចិត្ដនៅពេលក្រោយ ត្រូវមើលរឿងសប្បាយៗឲ្យច្រើនទៅ លែងពិបាកចិត្ដហើយ សុខភាពក៏ល្អទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕