backup og meta

តិចនិកជួយថែរក្សាសុខភាព ពេលកំពុងបាក់ទឹកចិត្ត

តិចនិកជួយថែរក្សាសុខភាព ពេលកំពុងបាក់ទឹកចិត្ត

បាក់​ទឹក​ចិត្ត មិន​មែន​ជា​ជំងឺ​ថ្មី​ទេ គ្រាន់​តែ​គ្នា​យើង​ភាគ​ច្រើន​មិន​ធ្លាប់​ដឹង មិន​ធ្លាប់​ឮ​ពី​មុន​ប៉ុណ្ណោះ ទើប​ពេល​នេះ​ចាប់​អារម្មណ៍​ថា ខ្លួន​យើង​បាន​ជំងឺ​នេះមិន​ដឹង​ពី​ពេល​ណា? គ្នា​យើង​ត្រូវ​ដឹង​ថា បាក់​ទឹក​ចិត្ត មិន​ត្រឹម​ជា​ជំងឺ​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ​ទេ វា​អាច​រាល​ដាលគ្រប់​សរីរាង្គ​ក្នុង​រាងកាយ ទាម​ទារព្យាបាលដោយ​អត់​ធ្មត់ ពិសេស​ការ​តាំង​ចិត្ត​យើង​ផ្ទាល់ ដើម្បី​តតាំងយក​ឈ្នះ​ នាំ​ជីវិត​ប្រសើរ​មួយ​ត្រឡប់​មក​វិញ។ “Hello គ្រូពេទ្យ’ ពេល​នេះ នឹង​ប្រាប់​វិធី​សាស្ត្រ​​ខ្លះៗ ជួយ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ អំឡុង​ពេល​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។ ​

១- អ្វី​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត ?

ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ ​ធ្វើ​ឲ្យ​អារម្មណ៍​សោក​សៅ និង​បាត់បង់​ចំណង់​​រាល់​សកម្មភាព​ធ្លាប់​ចូលចិត្ត​ពីមុន ​ជះ​ឥទ្ធិពល​ដល់​អារម្មណ៏ ការ​គិត និង​អាកប្ប​កិរិយា ​ថែម​ទាំង​អាច​បង្ក​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន ​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ។

​បើ​គ្នា​យើង​មានអាការៈ​សោកសៅ​ មាន​រយៈពេល​យូរ​រហូត​ច្រើន​ថ្ងៃ ច្រើន​សប្តាហ៏ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ​ ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ ធ្វើ​ឲ្យ​មាន​គំនិត ឬ​គម្រោង​​ចង់​ធ្វើ​អត្តឃាត​នោះ បង្ហាញថា​យើង​កើត​ជំងឺ​បាក់ទឹក​ចិត្ត​នេះហើយ។

ជំងឺ​បាក់​ទឹក​ចិត្ត អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​កម្រិត​អ័រម៉ូនក្នុង​រាងកាយ ធ្វើ​ឲ្យ​យើង​ស្រាប់​តែ​ប្រែ​ទៅ​រក​ទម្លាប់​រស់​នៅ​ផ្សេង​មួយ មិន​ធ្លាប់​ធ្វើ​ពី​មុន ជាក់ស្តែង គ្នា​យើង​ភាគ​ច្រើនមាន​ជំងឺ​បាក់​ទឹក​ចិត្ត បែរ​ជា​ផ្លាស់​ប្តូរ​ចំណូល​ចិត្ត ទៅ​រក​ការ​ញ៉ាំ​អាហារ​ច្រើនៗ ដើម្បី​ជួយ​បំពេញ​បន្ថែម​អ័រម៉ូនអង់ដូហ្វីន ដើម្បី​ជួយ​ឲ្យ​ខ្លួន​អាច​រស់​នៅ​ជា​មួយ​ជំងឺ​បាក់​ទឹក​ចិត្ត​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន។

២- មូលហេតុ​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្វើ​ឲ្យ​យើង​ពិបាក​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ

មាន​មូល​ហេតុ​ជា​ច្រើន ដែល​គេ​ជឿ​ថា ជំងឺ​បាក់​ទឹក​ចិត្ត អាច​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​មិន​ល្អ ដោយ​ក្នុង​នោះ មាន​ដូចជា៖

– បរិមាណអ័រម៉ូន Dopamine ទាប៖ អ័រម៉ូន Dopamine មាន​នាទី​បញ្ជូន​គ្រប់​​ព័ត៌​មានទៅ​កាន់​ប្រសាទខួរ​ក្បាល (Neurotransmitter) ​ធ្វើ​ឲ្យយើង​​មាន​អារម្មណ៍​រំភើប និង​រីក​រាយ។ ជំងឺ​បាក់​ទឹក​ចិត្ត អាច​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន Dopamine ធ្លាក់​ចុះ ហើយ​បើ​សិន​ជាកម្រិត​ទាបអ័រម៉ូន​នេះទាប នឹង​ធ្វើឲ្យ​យើង​​មាន​អារម្មណ៍​អស់​កម្លាំង​ខ្លាំង ខ្សោយ និង​បាត់​បង់​ចំណាប់​អារម្មណ៍ មានដូច​គ្នាទៅនឹង​ការប្រឆាំង​មុខ​ងាររាង​កាយ​ ជាក់​ស្តែងរាង​កាយ​ចង់​ក្រោក​ឈរ ដើរទៅ​មុខ ប៉ុន្តែ​អារម្មណ៍​យើង​មិន​អាច​បញ្ជាបាន។

– ផលវិបាក​ជាមួយ​នឹង​ការ​ចាប់​ទម្លាប់រស់​នៅ​ថ្មី៖ ការ​ចាប់​ផ្តើមទម្លាប់រស់​នៅ​​ថ្មី ​អាច​ធ្វើ​ឲ្យយើង​មាន​អារម្មណ៍​មិន​អាច​ធ្វើ​បាន និង​ពិបាក​យក​ឈ្នះ​វាបាន។ តាម​រយៈ​ការ​ធ្វើ​​តេស្ត​តូច​តាច​មួយ​ ដូច​ជា ​ការ​ភ្ញាក់​ពី​​គ្រែ​ ហើយ​ដើរ​នៅ​ខាង​ក្រៅ​ផ្ទះ ​គឺ​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ពិបាក​ទៅហើយ ហើយការ​ចាប់​ផ្តើមផែន​ការ​សុខ​ភាព​ថ្មី​ ច្បាស់​ជាបង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​មិន​ខាន។

– ខ្វះ​ការគាំទ្រ៖ ពេល​មានជំងឺ​បាក់​ទឹក​ចិត្ត យើង​អាច​នឹង​កាត់​​ផ្តាច់​ខ្លួន​ឯងចេញ​ពី​សង្គម ព្រោះ​យើង​នឹង​គិត​ថា មិន​ចង់ឲ្យ​មនុស្ស​យើង​ស្រលាញ់ ឬដៃគូដែល​​ស្រលាញ់​យើង ឃើញ​យើង​ធ្លាក់​ក្នុង​ភាពទន់​ខ្សោយ​បែប​នេះទេ។ យ៉ាង​ណា អ្វី​ៗ​នឹង​ល្អ​ប្រសើរ មាន​គ្នា​យើង មាន​ជំងឺ​បាក់​ទឹក​ចិត្ត ទទួល​បាន​ការ​គាំ​ទ្រ​ពី​សង្គម មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ។ បើ​គ្មាន​ការ​គាំ​ទ្រ គ្នា​យើង​ធ្លាប់​មាន​ជំងឺ​បាក់​ទឹក​ចិត្ត ទោះជា​សះស្បើយ​ក្តី ក៏​អាច​កើត​ជំងឺ​នេះ​ម្តង​ទៀត ធ្វើ​ឲ្យ​កាន់​តែ​បាត់​បង់ជំនឿ​ចិត្ត​ថែម​ទៀត​។

– និយាយតែ​រឿង​អវិជ្ជមាន​លើ​ខ្លួន​ឯង៖ គ្នា​យើង​មាន​ជំងឺបាក់ទឹក​ចិត្ត​ តែង​តែ​មាន​អារម្មណ៍​អវិជ្ជមាន​ច្រើន ​ចេញ​ពី​ខ្លួនឯង​ ​នាំ​ឲ្យ​កើត​ចិត្ត​ស្តី​បន្ទោស ដាក់​កំហុស និង​ស្អប់​ខ្លួន​ឯង។ គំនិត​អវិជ្ជមាន​ទាំង​នេះ​ បាន​ធ្វើ​ឲ្យ​​សុខ​ភាព​កាន់​តែ​ដុន​ដាប ឬ​ធ្វើ​ឲ្យ​មិន​ចង់​ឲ្យ​មាន​សុខ​ភាព​ល្អតែ​ម្តង  សុទ្ធ​សឹង​ជា​ហេតុ ​ធ្វើឲ្យ​គ្នា​យើង​​កាន់​តែ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​លើស​ដើម។ អារម្មណ៍​បាក់ទឹក​ចិត្ត​ទាំង​នេះ នឹង​បង្កើត​ឲ្យ​គ្នា​យើង​បន្ត​គិត និង​និយាយ​បែប​អវិជ្ជមាន​។

អត្ថបទ​ពាក់ព័ន្ធ៖

  • ជំងឺបាក់ទឹក​ចិត្ត
  • ប្រើថ្នាំព្យាបាលជំងឺបាក់​ទឹក​ចិត្ត​ពេល​ពពោះ ប៉ះពាល់​កូន​ក្នុង​ផ្ទៃដែរអត់?

៣- តិច​និក​ថែទាំ​សុខភាព​ពេល​មាន​ជំងឺ​បាក់​ទឹក​ចិត្ត

​តិចនិក​លើក​ទឹក​ចិត្តខ្លួន​ឯង​ល្អ​បំផុត​សម្រាប់​គ្នា​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត គឺ​ហាត់​ប្រាណ​ផ្នែក​ផ្លូវ​ចិត្ត ជួយ​ឲ្យ​ផ្លួវ​ចិត្ត​យើង​​កាន់​តែ​រឹង​មាំ។ ​​វិធី​មាន​ប្រសិទ្ធ​ភាព​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួនឯងឲ្យ​​កាន់​តែ​រឹង​មាំ​ និង​រក្សា​ខ្លួន​ឯង​មាន​សុខ​ភាព​ល្អ គឺ​មាន​ច្រើន។ ដូច​គ្នា​ទៅនឹង​អារម្មណ៍​អវិជ្ជមាន  នៅ​ពេលយើង​មាន​អារម្មណ៍​វិជ្ជមាន​កាន់​តែ​ច្រើន យើង​ខ្លួន​ឯង​ក៏​កាន់​តែ​រឹង​មាំ ខណៈ​វិធីសាស្ត្រ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​មាន​ដូច​ជា៖

– ត្រូវស្រ​លាញ់​ខ្លួនឯង៖ គ្នា​យើង​​មួយ​ចំនួន​យល់​ថា​ ការ​ស្រលាញ់​ខ្លួន​ឯង ជា​ការ​ស្រលាញ់​លើ​ខ្លួន​ឯង​ហួស​ហេតុ ស្របពេល​គ្នា​យើង​​ខ្លះទៀត​យល់​ថា បើ​យើង​ខ្លួន​ឯង​មិន​អាច​ស្រលាញ់​ខ្លួន​ឯង​បាន​ផង អាច​ទៅ​ស្រលាញ់​នរណា​បាន។ ការ​គាប​សង្កត់​លើ​ខ្លួន​ឯង មាន​សារៈ​សំខាន់​ណាស់ ដើម្បី​​យក​ឈ្នះ​ផ្លូវ​អារម្មណ៍​អំឡុង​ពេល​យើង​កំពុង​បាក់​ទឹក​ចិត្ត អាចជួយ​ធ្វើ​ឲ្យ​មាន​សុខ​ភាព​ល្អ។ ភាព​សប្បាយ​រីក​រាយ ស្រលាញ់​​ខ្លួន​ឯង និងចេះ​ទទួល​យក​រឿង​អ្វីបាន​កើត​ឡើង​ គឺមាន​សារៈ​សំខាន់​ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​យើង​ស្កប់​ និង​មាន​សុខុមាល​ភាព ហើយ​កត្តា​ចាំបាច់បំផុត ត្រូវ​ញ៉ាំឲ្យ​គ្រប់​គ្រាន់ ចេះ​សមាធិ និង​ហាត់​ប្រាណ។

– និយាយជាមួយខ្លួនឯងពីផលវិជ្ជមាន៖ គឺ​ប្រសើរ​ជា​ការ​ដាក់​កំហុស​លើ​ខ្លួន​ឯង ស្អប់​ខ្លួន​ឯង និង​ធ្វើ​តាម​គំនិត​អវិជ្ជមាន​នៅ ពេល​យើង​មិន​អាច​ឈាន​ដល់​គោល​ដៅ​មួយ​យើង​ចង់​បាន។ សត្រូវ​ធំ​បំផុត​ក្នុង​ចំណុច​នេះ ​គឺ​ខ្លួនយើង​ផ្ទាល់ គំនិតអវិជ្ជមាន​លាក់​ទុក​ក្នុង​ចិត្ត​ ​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែពិបាក​ខ្លាំង និង​មិនអាច​​អធ្យាស្រ័យឲ្យ​ខ្លួន​ឯង ​អាច​ធ្វើ​ឲ្យ​មាន​សុខ​ភាព​មិន​ល្អ​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវកាយ។ សំខាន់បំផុត ត្រូវ​និយាយ​វិជ្ជ​មាន​ចំពោះខ្លួន​ឯង​ដូច​ជា “ខ្ញុំ​ធ្វើ​បាន​ល្អហើយ​ថ្ងៃ​នេះ ឬយ៉ាងហោចណាស់ក៏​ធ្វើ​បាន​ប្រសើរ​ជា​ថ្ងៃ​ម្សិល​មិញ​ដែរ’។

– ចាប់ផ្តើមពីរឿងតូចតាច៖ ជំនួស​ដោយ​ការ​ចាប់​ផ្តើម​ទម្លាប់​ថ្មីភ្លាមៗ យើង​​អាច​នឹង​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរទម្លាប់​តូច​តាច​ខ្លះ​ ដូច​ជា ការ​ងើប​ពី​គ្រែ​នៅ​ពេល​ព្រឹក​ និងដើរ​ឲ្យ​បាន​ ៥ នាទី។ សំខាន់​ ត្រូវ​ចេះ​​ទទួល​ស្គាល់​សមិទ្ធិផល​យើង​ធ្វើ​បាន ​ដោយ​មិន​គិត​ថា ត្រូវ​ប្រើ​ពេល​យូរ​ប៉ុណ្ណា​ទេ។ អាច​ជា​រឿង​លំបាក​ ដើម្បី​អូស​ខ្លួន​ឯង​ចេញ​ពី​គ្រែ​នៅ​ពេល​ព្រឹក តែ​វា​​ពិត​ជា​ល្អ ដើម្បីជួយ​យើង​អាច​​​ចាប់​ផ្តើម​ បង្កើត​អារម្មណ៍​រីករាយ​ជាមួយ​ទម្លាប់​រស់​នៅ​ថ្មី​ មាន​សុខភាព​ល្អ ជួយ​យើង​​អាច​គ្រប់​គ្រង​អារម្មណ៍​ល្អ​ប្រសើរ។

– ត្រូវស្តាប់ពីតម្រូវការរាងកាយ៖ ទម្លាប់រស់នៅ​យើង​ម្នាក់ៗ តែង​តែ​ធ្វើ​អ្វី​មួយ​ ធ្វើ​ឲ្យ​យើងគិត​ថា ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​លើ​ខ្លួន​ឯង។ ​ត្រូវ​ព្យាយាម​អូស​ខ្លួន​ឯង​ឲ្យ​ចេញ​ពី​គ្រែ​ ​ដើរ​ប្រហែល ៥ នាទី ​រួច​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើរាង​កាយ និង​អារម្មណ៍​យើង​កំពុង​មាន។

– ចេះ​អធ្យាស្រ័យ​ខ្លួនឯង និង​អត់​ធ្មត់​ពេល​ជ្រុលធ្វើ​រឿង​អ្វី​មួយ​មិន​គួរ​ធ្វើ៖ ការ​ព្យាយាម​ទប់អារម្មណ៍ អត់​ធ្មត់បន្តិច​បន្តួច ដើម្បី​​រក្សា​សុខ​ភាព​យើង​បាន​ល្អ មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​​កំណត់​គោល​ដៅ​ជីវិត​រយៈពេល​ខ្លី អាច​ជួយ​ឲ្យ​​រីក​មាន​ការ​ចម្រើន​ ទោះ​មិន​បាន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ។

ប្រសិន​យើង​ខក​ខាន​ហាត់​ប្រាណ ឬ​អាហារ​​ច្រើន​ហួស​ មិន​មែន​មាន​ន័យ​ថា យើង​​បរាជ័យ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាពនោះ​ទេ ហេតុ​នេះ​​ត្រូវ​ចេះ​អត់​ទោសឲ្យ​ខ្លួនឯង និង​ត្រូវ​ត្រឡប់​ទៅ​ធ្វើ​ការ​ថែទាំ​សុខ​ភាព​ម្តង​ទៀត។

– ស្វែងរកជំនួយ៖ ​បើ​ចំណុច​ទាំង​អស់ខាងលើ​មិន​អាច​ជួយ​យើងបាន ឬកាន់​តែ​ធ្វើ​ឲ្យយើង​អារម្មណ៍​ពិបាក ត្រូវ​ស្វែង​រក​ជំនួយ​ពី​មនុស្ស​យើង​ស្រលាញ់ ឬ​អ្នក​ជំនាញ។ ​ស្វែង​រក​ជំនួយ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន មិន​មាន​ន័យ​ថា យើង​ជា​មនុស្ស​អន់​នោះទេ​ ប៉ុន្តែ​គ្រាន់​តែ ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា​ យើង​ត្រូវ​ការ​ ការ​លើក​ទឹក​ចិត្ត ជំរុញចិត្ត ឬ​យ៉ាង​ណា? ​ត្រូវ​គ្រប់​គ្រង​លើ​អារម្មណ៍​បាក់​ទឹក​ចិត្ត​ឲ្យ​បាន មុន​ពេលវា​ក្លាយ​ជា​អ្នក​គ្រប់​គ្រងខ្លួន​យើង។ ត្រូវ​ចាប់​ផ្តើម​ពី​ជំហាន​ទី​មួយ ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រាប់​ជំហាន​ដំបូង ​ដោយ​បង្ខំ​ខ្លួន​ឯង ​ត្រូវតែ​​យក​ឈ្នះ​អារម្មណ៍​អវិជ្ជមាន​ ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សុខ​ភាព​ល្អ​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ស្មារតី។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Anderson, D. (2014, April 2). Finding Exercise Motivation When You’re Depressed. Retrieved September 14, 2018, from Spark People: https://www.sparkpeople.com/resource/fitness_articles.asp?id=1808

MayoClinic. (2017, September 27). Depression and anxiety: Exercise eases symptoms. Retrieved September 14, 2018, from Mayo Clinic: https://www.mayoclinic.org/diseases-conditions/depression/in-depth/depression-and-exercise/art-20046495

Rodman, S. (2018, January 4). 6 Reasons Why It’s Hard for People With Depression to Exercise. Retrieved September 14, 2018, from Talk Space: https://www.talkspace.com/blog/2018/01/6-reasons-why-its-hard-for-people-with-depression-to-exercise/

Seltzer, L. F. (2015, August 11). To Love Someone, Do You Really Need to Love Yourself First? Retrieved September 14, 2018, from Psychology Today: https://www.psychologytoday.com/intl/blog/evolution-the-self/201508/love-someone-do-you-really-need-love-yourself-first

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តិចនិច ៧ យ៉ាងបញ្ចៀសការភ័យពេលប្រឡង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម