តាមលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានបង្ហាញថា ដំណើរកម្សាន្តបានជួយឲ្យមនុស្ស ដិតជាប់ភាពសប្បាយរីករាយក្នុងចិត្តបានយូរ បើប្រៀបធៀបទៅនឹង ការចំណាយលុយទៅដេញតាម សម្ភារៈទំនើប ទាន់សម័យកាល។
លទ្ធផលស្រាវជ្រាវ ពីសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកសាស្រ្តាចារ្យ ជំនាញផ្នែកចិត្តវិទ្យា Thomas Gilovich បានឲ្យដឹងថា សម្រាប់មនុស្សដែលបានទៅធ្វើដំណើរកម្សាន្ត បានទទួលបទពិសោធន៍ ពុំធ្លាប់មានជាច្រើន ប្លែកៗ ហើយទិដ្ឋភាពរីករាយ ទាំងនោះ បានដក់ជាប់នៅក្នុងអារម្មណ៍ (ទាក់ទងនឹង អ័រម៉ូនរីករាយ) ធ្វើឲ្យអ្នកដើរកម្សាន្តភាគច្រើនសប្បាយចិត្ត ជាប់បានយូរ។
ដោយឡែក ការពិសោធ ក៏បានរកឃើញដែរថា សម្រាប់អ្នកដែល ចំណាយពេលទៅទិញអីវ៉ាន់ ឬសម្ភារៈ ដែលពេញនិយម តាមសម័យកាល នឹងទទួលបានភាពរីករាយដូចគ្នា ប៉ុន្តែ អ្វីដែលរីករាយនោះ នឹងបាត់ទៅវិញក្នុងរយៈពេលខ្លី។ លោកសាស្រ្តាចារ្យ បាននិយាយត្រង់ចំណុចនេះថា “ភាពស៊ាំទៅនឹង សម្ភារៈ ជាសត្រូវនឹង ភាពរីករាយក្នុងខ្លួន’ ដែលលោក បាននិយាយសម្តៅទៅលើ អារម្មណ៍ជាប់ទាក់ទង នឹងសម្ភារៈគឺមានតែក្នុងរយៈពេលខ្លី និងតិចតួចប៉ុណ្ណោះ ខណៈពេលដែល ការដើរលេង ការចូលរួមព្រឹត្តិការណ៍ប្លែកៗ ក្នុងជីវិត បានបង្រៀន និងដឹតដាមជាប់ទាក់ទងក្នុងចិត្តមនុស្សច្រើនជាង។
អត្ថបទពាក់ព័ន្ធ៖
- មានកូនតូចចង់ដើរលេងសប្បាយ ត្រូវចេះតិចនិកសាមញ្ញទាំងនេះ
- ទុកទូរសព្ទឆ្ងាយខ្លួន កុំអនឡាញ ដើរលេងកាន់តែសប្បាយចិត្ត
ដោយឡែក លោក Robert Waldinger ដែលជាអ្នកស្រាវជ្រាវម្នាក់ នៃសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ក៏បានលើកឡើង ស្រដៀងគ្នានេះដែរ ពោលគឺ ការដើរលេងកម្សាន្តជាក្រុមគ្រួសារ មិត្តភក្តិ ឬធ្វើការងារជាសហគមន៍ នឹងផ្តល់មកវិញនូវ ភាពសប្បាយចិត្ត និងរីករាយ ច្រើនជាងការទិញសម្ភារៈថ្លៃៗ សម្រាប់ប្រើ។ បន្ថែមពីនោះ លោកបានលើកឡើងថា ការចំណាយលុយទៅលើ ការលេងកីឡាប្លែកៗ ការរៀនមុខវិជ្ជាថ្មីៗ ប្លែកៗ ឬទៅចូលរួមកម្មវិធីដើរលេង ក្នុងឱកាសពិសេសណាមួយ នឹងផ្តល់មកវិញ ទាំងបទពិសោធ និងភាពរីករាយ ជាប់ក្នុងចិត្តផងដែរ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕