មួយរយៈពេលនេះ ការរាលដាលវីរុស COVID-19 នៅប្រទេសកម្ពុជាកាន់តែមានច្រើនឡើងៗ ហើយដល់ដំណាក់កាលដែលមនុស្សគ្រប់គ្នាគួរព្រួយបារម្ភពីសុខភាពរៀងៗខ្លួន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បញ្ហាផ្លូវចិត្ត ក៏សំខាន់ដែលមនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ឲ្យបានដិតដល់ដូចសុខភាពដទៃទៀតដែរ។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្តបានណែនាំពីវីធីមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្រួលដល់បញ្ហាផ្លូវចិត្តក្នុងពេលរាលដាលវីរុស COVID-19នេះ។ ប្រសិនបើមានភាពតានតឹងខ្លាំងអំឡុងពេលនេះ គួរធ្វើឲ្យអារម្មណ៍ល្អឡើងវិញដោយអនុវត្តវិធីដូចខាងក្រោម៖
ទី១. ត្រូវចាំថាការដែល “ដឹងការពិត គឺវានឹងកាត់បន្ថយការភ័យខ្លាច“។ នៅពេលភ័យខ្លាំង មនុស្សម្នាក់ៗមានប្រតិកម្មផ្លូវអារម្មណ៍ ច្រើនជាងការប្រើប្រាស់ការគិតដោយសុភវិនិច្ឆ័យ។ ដូច្នេះ អ្នកគួរឆាប់រលឹកដឹងពីអ្វីដែលកើតឡើង ពិចារណ៍សិនមុនឹងបញ្ចេញប្រតិកម្មផ្លូវអារម្មណ៍។
ទី២. ក្នុងករណី COVID-19 នេះ ចូរព្យាយាមអាន ឬតាមដានតែព៌ត៌មានណាដែលមាន ប្រភពច្បាស់លាស់ ដូចជាទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល អង្គការសុភាពពិភពលោក ឬនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលជាដើម។
ទី៣. កត្តាសំខាន់គឺយើងត្រូវកុំបោះបង់ចោលទម្លាប់ប្រចាំថ្ងៃដែលយើងមានឡើយ។ ត្រូវញ៉ាំ ឲ្យទៀងទាត់ គេង និងភ្ញាក់ពីគេងឲ្យទៀងទាត់ម៉ោងពេល។ ត្រូវហាត់ប្រាណទៀងទាត់ដែរ ព្រោះការហាត់ប្រាណវាបានបន្ថយស្រ្តេសដែលយើងកំពុងមាន។
ទី៤. ត្រូវបន្តទំនាក់ទំនងជាមួយបងប្អូន ឬមិត្តភក្តិឲ្យបានទៀតទាត់រាល់ថ្ងៃ តាមទូរស័ព្ទ ឬ តាមបណ្តាញសង្គមផ្សេងៗ។
បន្ថែមពីលើនេះទៀត លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ប្រតិកម្មផ្លូវអារម្មណ៍ ផ្លូវចិត្តដែលយើងគ្រប់ៗគ្នាកំពុងមានគឺជាប្រតិកម្មជាធម្មជាតិ ឬប្រតិកម្មធម្មតា គឺមានន័យថានរណាក៏មានប្រតិកម្មបែបហ្នឹងដែរ។ វាមិននៅជាប់ជាមួយយើងរហូតទេ វានឹងបាត់វិញឆាប់ៗមិនខានឡើយ។
អត្ថបទពាក់ព័ន្ធ៖
- ទង្វើប្លែកៗជឿថាអាចការពារ COVID-19 បាន បែរជានាំឲ្យឆ្លងទៅវិញ
- រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង
- វីរុស COVID-19 ស្ថិតនៅលើបរិយាកាស និងវត្ថុផ្សេងៗបានយូរប៉ុនណា?
- ពិតអត់ថាអ្នកលេងកីឡា មានសុខភាពល្អ មិនឆ្លង COVID-19?
- សម្រួលភាពតានតឹង អំឡុងការរាលដាលវីរុស COVID-19 ដោយវិធីទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕