ជំងឺកូវីដ-១៩ ប៉ះពាល់ចម្បងដល់សួត ព្រមទាំងបំផ្លាញថង់ខ្យល់តូចៗ និងជាលិកាជុំវិញ។ កត្តានេះអាចបណ្ដាលឲ្យមានការហូរចូលនៃសារធាតុរាវ ដែលភាគច្រើនជាកោសិកា និងប្រូតេអ៊ីនរលាក ជាហេតុនាំឲ្យរលាកសួត។ នៅពេលដែលការផ្ទេរអុកស៊ីសែនត្រូវបានរំខាន អ្នកជំងឺចាប់ផ្ដើមចេញរោគសញ្ញាមួយចំនួនដូចជាក្អក និងដកដង្ហើមខ្លីៗ។ នៅក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្ដាលឲ្យខូចប្រព័ន្ធផ្លូវដង្ហើម ដែលតម្រូវឲ្យអ្នកជំងឺត្រូវការឧបករណ៍ជំនួយដង្ហើមជាបន្ទាន់។
យ៉ាងណាមិញ យោងតាមការសិក្សាមួយនៃសាកលវិទ្យាល័យRadbounនៃប្រទេសហូឡង់បានបង្ហាញថា ក្នុងករណីភាគច្រើន ជាលិកាសួតរបស់អ្នកជំងឺកូវីដ-១៩ អាចជាសះស្បើយឡើងវិញនៅក្នុងរយៈពេល៣ខែ។
សួតខួចអាចជាសះស្បើយទៅតាមពេលវេលា
ការសិក្សានេះ ត្រូវបានធ្វើឡើងទៅលើអ្នកជំងឺចំនួន១២៤នាក់ ដែលជាសះស្បើយពីវីរុសកូវីដ-១៩ ធ្ងន់ធ្ងរ។ ក្រោយរយៈពេល៣ខែ អ្នកជំងឺត្រូវបានពិនិត្យដោយប្រើម៉ាស៊ីនCTស្កែន និងបានរកឃើញថា ជាលិកាសួតរបស់អ្នកជំងឺបានជាសះស្បើយ។
ការខូចខាតដែលនៅសល់ក្នុងជាលិកាសួតមានការថយចុះ និងស្ទើរតែបាត់ទាំងស្រុងចំពោះអ្នកជំងឺដែលធ្លាប់បានសង្គ្រោះបន្ទាន់។ ប៉ុន្តែ អ្នកជំងឺច្រើនតែជួបបញ្ហាដូចជាអស់កម្លាំង ដកដង្ហើមខ្លីៗ និងឈឺទ្រូងជាដើម។
អ្នកជំងឺអាចជាសះស្បើយយ៉ាងឆាប់រហ័ស ប្រសិនបើពួកគេធ្វើលំហាត់កាយសម្បទា
អ្នកជំងឺកូវីដ-១៩ភាគច្រើន ដែលខូចសួត និងបេះដូងរយៈពេលវែង អាចនឹងមានភាពប្រសើរឡើងទៅតាមពេលវេលា។ ជាក់ស្ដែង ការធ្វើCTស្កែនទៅលើអ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ រយៈពេល៦សប្ដាហ៍បានបង្ហាញថា សួតខូចចំនួន៨៨%។ ប៉ុន្តែនៅសប្ដាហ៍ទី១២ ការខូចសួតថយចុះមកត្រឹម៥៦%ប៉ុណ្ណោះ។ នេះបញ្ជាក់ថា សួតមានសមត្ថភាពអាចជួសជុលខ្លួនឯងបាន។
មួយវិញទៀត នៅពេលដែលអ្នកជំងឺកូវីដ-១៩ ចាប់ផ្ដើមកម្មវិធីធ្វើលំហាត់កាយសម្បទាកាន់តែឆាប់រហ័ស បន្ទាប់ពីឈប់ប្រើប្រាស់ឧបករណ៍ជំនួយដង្ហើម ពួកគេក៏មានលទ្ធភាពជាសះស្បើយកាន់តែឆាប់រហ័សដូចគ្នា។
[embed-health-tool-vaccination-tool]