ក្ដៅភ្លៀងៗ គ្នាយើងងាយកើតផ្ដាសាយណស់។ ផ្តាសាយបង្កដោយវីរុសផ្តាសាយជាច្រើនប្រភេទ ឆ្លងតាមរយៈខ្យល់ ហើយយើងអាចកើតជំងឺនេះម្ដងហើយម្ដងទៀត។ ជាធម្មតា វាបង្ករោគសញ្ញានៅក្នុងច្រមុះ និងបំពង់ក។ ជំងឺនេះមិនមានរយៈពេលយូរនោះទេ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក បញ្ជាក់ថា មនុស្សភាគច្រើន ជាសះស្បើយពីផ្ដាសាយអំឡុងពី ៧-១០ថ្ងៃ។
១- ផ្ដាសាយលើមនុស្សពេញវ័យ
ជាមធ្យម ផ្ដាសាយកើតមានលើមនុស្សពេញវ័យអាចមានរយៈពេលពី ៧-១០ ថ្ងៃ ប៉ុន្ដែវាក៏អាស្រ័យលើបុគ្គលម្នាក់ៗផងដែរ។ គ្នាយើងមួយចំនួនផ្ដាសាយត្រឹមរយៈពេល ២-៣ ថ្ងៃប៉ុណ្ណោះ ខណៈមួយចំនួនទៀតមានរហូតដល់ ២ សប្ដាហ៍ ដែលអាចដោយសារប្រព័ន្ធការពារយើងម្នាក់ៗមានភាពខុសគ្នា។
កត្ដារបៀបរស់នៅ ដូចជា សម្រាកគ្រប់គ្រាន់ នឹងជួយឲ្យឆាប់ជាសះស្បើយលឿន រីឯអ្នកជក់បារី អាចនឹងជាពីផ្ដាសាយយឺតជាអ្នកមិនជក់បារី។ បើទោះបីវីរុសផ្តាសាយអស់ពីរាងកាយហើយ ប៉ុន្តែរោគសញ្ញាមួយចំនួននៅតែមានដដែល ដូចជា ស្លេស្ម ឬកណ្ដាស់ ប្រហែលអាចចំណាយពេល ១ សប្ដាហ៍ទៀត។
២- ផ្ដាសាយលើក្មេងៗ
រោគសញ្ញាផ្ដាសាយលើក្មេងៗ ប្រហែលជាយូរជាងមនុស្សពេញវ័យ។ ករណីភាគច្រើន ក្មេងៗផ្ដាសាយ រយៈពេលពី ៧-១០ ថ្ងៃ។ ក្មេងៗ ប្រហែលពិបាកជាមួយរោគសញ្ញាជំងឺ ពិសេសពិបាកកំណត់មូលហេតុរោគសញ្ញា។
ក្មេងៗអាចឆាប់កើតផ្ដាសាយ ដោយសារប្រព័ន្ធការពារមិនទាន់បង្កើតអង់ទីករប្រឆាំងវីរុសបានច្រើននៅឡើយ មិនដូចប្រព័ន្ធការពារមនុស្សពេញវ័យដែលធ្លាប់ឆ្លងកាត់ជំងឺ និងបានបង្កើតប្រព័ន្ធការពារដើម្បីប្រយុទ្ធប្រឆាំងនៅពេលមេរោគប្រភេទនេះ ចូលមកក្នុងយើងជាថ្មី។ មួយទៀត ក្មេងៗប្រឈមខ្ពស់កើតផ្តាសាយ ដោយសារពួកគេយល់ដឹងតិចតួចពីទម្លាប់បង្ការ ដូចជា លាងសម្អាតដៃទៀងទាត់។ ក្មេងៗក៏ចូលចិត្តទាក់ទងគ្នាក្នុងរយៈចម្ងាយជិតៗ ដែលអាចបង្កើនភាពប្រឈមខ្ពស់ឆ្លងជំងឺនេះ។
ក្នុង ១ ឆ្នាំ មនុស្សពេញវ័យកើតផ្ដាសាយ ២-៣ ដង/ឆ្នាំ ចំណែកក្មេងៗអាយុក្រោម ២ឆ្នាំ អាចផ្ដាសាយរហូតដល់ ៦ ដង/ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- ផ្តាសាយ ដាច់ខាតកុំប្រើថ្នាំផ្សះឲ្យសោះ
- មេឃក្ដៅត្រជាក់ៗអ៊ីចឹង អ្នកកើតហឺត អាចគ្រោះថ្នាក់បំផុត បើផ្តាសាយ
៣- ពេលណាត្រូវទៅពេទ្យ?
បើរោគសញ្ញាផ្ដាសាយ មិនបាត់ ឬធូរស្រាល ក្រោយ១០ថ្ងៃ ចាំបាច់ត្រូវទៅពេទ្យជាបន្ទាន់។ ពេទ្យអាចព្យាបាលរោគសញ្ញាជំងឺធ្ងន់ធ្ងរ ឬខុសប្រក្រតីនេះ។
មានមធ្យោបាយជាច្រើន ដើម្បីគ្រប់គ្រងផ្ដាសាយ ដោយការសម្អាតរាងកាយពីការផ្ទុកមេរោគ ដូចជា៖
– ផឹកទឹកឲ្យបានច្រើន
– សម្រាកឲ្យបានច្រើន
– ផឹកទឹកក្ដៅ ឬញាំស៊ុបក្ដៅៗ
– ខ្ពុរទឹកអំបិល
– ផឹកថ្នាំបំបាត់គ្រុនរងា និងថ្នាំបំបាត់ការឈឺចាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]