មិនថាវ៉ាក់សាំងសម្រាប់ទារក ឬមនុស្សធំឡើយ ប្រសិនបើដល់ថ្ងៃកំណត់ត្រូវចាក់ហើយ ស្រាប់តែមានជំងឺផ្ដាសាយធំ ឬគ្រុនក្ដៅខ្លាំងត្រូវពន្យារពេលចាក់សិន។ នេះជាការលើកឡើងរបស់អ្នកគ្រូ ពុំ ចន្ទ័ អនុប្រធានមណ្ឌលសុខភាពទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។
អ្នកគ្រូបានបន្តទៀតថា ប្រសិនបើទារកត្រូវដល់ថ្ងៃកំណត់ចាក់វ៉ាក់សាំង ហើយស្រាប់តែមានឈឺដូចជាផ្ដាសាយធំ ហៀរសំបោរ ក្ដៅខ្លួនខ្លាំង ត្រូវពន្យារពេលចាក់ ដោយរង់ចាំឲ្យជាសះស្បើយសិន។ ព្រោះបើចាក់ទាំងកំពុងមានអាការៈអស់ទាំងនោះ នាំឲ្យប្រសិទ្ធភាពថ្នាំធ្លាក់ចុះ មិនពេញបរិបូរណ៍ដូចពេលមានសុខភាពធម្មតា។ ទោះជាយ៉ាងណាក៏ដោយតាមការកំណត់របស់គ្រូពេទ្យ គួរតែឲ្យកូនជាដាច់ ២ សប្ដាហ៍សិន ដើម្បីឲ្យប្រាកដចិត្តថាមេរោគទាំងនោះអស់ពីក្នុងខ្លួន។
អនុប្រធានមណ្ឌលសុខភាពទទួលបន្ទុកចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល រូបនោះបានបន្ថែមទៀតថា សម្រាប់ម៉ាក់ៗណាដែលយកកូនទៅចាក់វ៉ាក់សាំងទាំងកំពុងមានជំងឺរួចហើយ ក៏មិនបាច់ព្រួយ ហើយយកទៅចាក់ម្ដងទៀតដែរ ព្រោះថ្នាំដែលចាក់ហើយនោះគ្រាន់តែកាត់បន្ថយប្រសិទ្ធភាពខ្លះៗប៉ុណ្ណោះ។ ក្រៅពីប្រសិទ្ធភាពមិនសូវពេញបរិបូរណ៍ វាក៏ធ្វើឲ្យមានអាការៈក្ដៅខ្លួនខ្លាំងជាងពេលចាក់វ៉ាក់សាំងធម្មតាផងដែរ ដូចនេះហើយបានជាគ្រូពេទ្យតម្រូវឲ្យព្យាបាលជំងឺមួយមុខៗឲ្យសះស្បើយសិន។
ដល់ថ្ងៃកំណត់ហើយ បែរជាពន្យារពេលចាក់វ៉ាក់សាំងប៉ុន្មានថ្ងៃ ដើម្បីឲ្យស្ថានភាពជំងឺធូរស្បើយនេះ ម៉ាក់ប៉ាមិនបាច់បារម្ភថា ការចាក់លែងវ៉ាក់មានប្រសិទ្ធភាពនោះទេ គឺតែមានប្រសិទ្ធភាពធម្មតា។
សម្រាប់វ៉ាក់សាំងដទៃទៀតដែលមនុស្សពេញវ័យ ឬស្ត្រីមានផ្ទៃពោះចាក់ក៏ត្រូវតែអនុវត្តបែបនេះដែរ ដើម្បីធានាប្រសិទ្ធភាពថ្នាំ និងចាក់ហើយមិនសូវមានផលរំខាននៃថ្នាំខ្លាំង។
អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីមេរោគផ្ដាសាយ និងវិធីការពារទាំងអស់គ្នា
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]